ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារអភិវឌ្ឍន៍អាស៊ី៖ សេដ្ឋកិច្ចកម្ពុជានឹងស្ទុះឡើង ជំរុញដោយការងើបឡើងវិញនៃវិស័យទេសចរណ៍

40

ភ្នំពេញ ៖ យោងតាមរបាយការណ៍ចេញ ផ្សាយនៅថ្ងៃទី៤ មេសា ២០២២ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងកើនឡើងក្នុងអត្រា ៥,៥% ក្នុងឆ្នាំ ២០២៣ និង ៦,០% នៅឆ្នាំ ២០២៤ ជំរុញដោយការងើបឡើងវិញ ដ៏រឹងមាំនៃវិស័យទេសចរណ៍ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម។

នាយិកាប្រចាំប្រទេសកម្ពុជា របស់ ADB លោកស្រី Jyotsana Varma មានប្រសាសន៍ថា «ទោះបីជាតម្រូវការពិភពលោកចុះខ្សោយក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាមានដំណើរការល្អនៅឆ្នាំ ២០២២ ជំរុញដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ដែលកំពុងបន្ត។ ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជាមានភាពវិជ្ជមានជាមួយនឹងកំណើនដ៏រឹងមាំ ឱនភាពគណនីចរន្តដែលរួមតូច និងកម្រិតអតិផរណាមធ្យមនៅឆ្នាំ២០២៣។»

ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ហៅកាត់ថា ADO) ខែមេសា ២០២៣ បង្ហាញថា វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងកើនឡើង ៧,៣% ក្នុងឆ្នាំ ២០២៣ មុនពេលថយបន្តិចមកត្រឹម ៦,៨% នៅឆ្នាំ ២០២៤។ សម្ពាធអតិផរណាត្រូវបានរំពឹងថានឹងធ្លាក់ចុះមកអត្រាជាមធ្យម ៣,0% ក្នុងឆ្នាំ ២០២៣ និង ៤,0% នៅឆ្នាំ ២០២៤។ របាយការណ៍នេះរំលេចថា ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាក៏ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងបន្តបន្ទាប់របស់ប្រទេស ក្នុងការបង្កើនការវិនិយោគបៃតង ដើម្បីទទួលបានសក្ដានុពលកំណើនរយៈពេលវែង។

របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីនេះ លើកឡើងថា សេដ្ឋកិច្ចរបស់កម្ពុជាបានកើនឡើងប្រមាណ ៥,២% ក្នុងឆ្នាំ ២០២២ ជាពិសេសដោយសារកំណើនតម្រូវការខាងក្រៅលើផលិតផល និងសេវាកម្មទេសចរណ៍របស់កម្ពុជា ដែលជំរុញឡើងវិញនូវតម្រូវការអាហារ និងកន្លែងស្នាក់នៅ និងកំណើនអនុវវិស័យពាណិជ្ជកម្ម ការដឹកជញ្ជូន និងទំនាក់ទំនង ក្នុងស្រុក។ ជាមួយនឹងភាពប្រសើរឡើងនៃទំនុកចិត្តក្នុងការធ្វើដំណើរ និងការលុបចោលការរឹតបន្តឹងការធ្វើដំណើរ ការមកដល់នៃភ្ញៀវអន្តរជាតិបានស្ទុះងើបឡើងវិញយ៉ាងខ្លាំងដល់ប្រហែល ២,៣ លាននាក់ក្នុងឆ្នាំ ២០២២ ពីមូលដ្ឋានទាបប្រហែល ២00.000 កាលពីឆ្នាំ ២០២១ ។ កំណើននៃវិស័យកសិកម្មបានធ្លាក់ចុះនៅឆ្នាំ ២០២២ ដោយសារតែតម្លៃប្រេងឥន្ធនៈ និង វត្ថុធាតុដើមសម្រាប់វិស័យកសិកម្មផ្សេងទៀត។

កំណើននៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរត្រូវបានព្យាករថានឹងធ្លាក់ចុះ ដោយសារតែតម្រូវការខាងក្រៅខ្សោយនៅក្នុងសហរដ្ឋអាមេរិកនិងអឺរ៉ុប ដែលជាទិសដៅនាំចេញដ៏សំខាន់។ ទោះជាយ៉ាងណាក៏ដោយ វិស័យឧស្សាហកម្មនៅតែបន្តទទួលបានអត្ថប្រយោជន៍ពីកំណែទម្រង់ គោលនយោបាយរួមទាំងច្បាប់វិនិយោគឆ្នាំ ២០២១ ដែលបានបង្កើតសេវាកម្មច្រកចេញចូលតែមួយ សម្រាប់អ្នកវិនិយោគ និងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗ។

ផលិតផលឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើង ៥,៨% ក្នុងឆ្នាំ ២០២៣ មុននឹងហក់ដល់ ៧,៨% នៅឆ្នាំ ២០២៤។ កំណើនវិស័យសំណង់ត្រូវបានរំពឹងថានឹងនៅតែយឺត។ វិស័យកសិកម្មត្រូវបាន ព្យាករថានឹងកើនឡើង ១,១% នៅឆ្នាំនេះ និង ១,២% ក្នុងឆ្នាំ ២០២៤ ដែលជំរុញដោយទិន្នផលដំណាំ សម្រាប់ការនាំចេញ។

លោកស្រី Jyotsana Varma បានបន្ថែមថា«ហានិភ័យដែលអាចធ្វើឱ្យប្រែប្រួលទស្សនវិស័យនេះរួមមានកំណើនខ្សោយនៅសហរដ្ឋអាមេរិកនិងអឺរ៉ុប កម្រិតខ្ពស់នៃបំណុលឯកជន កំណើនតិចជាងការរំពឹងទុកនៃការមកដល់នៃភ្ញៀវទេសចរនិងការវិនិយោគផ្ទាល់ពីបរទេសពីសាធារណៈរដ្ឋប្រជាមានិតចិន តម្លៃថាមពលខ្ពស់ និងព្រឹត្តិការណ៍អាកាសធាតុអាក្រក់ដែលប៉ះពាល់ដល់ផលិតភាពកសិកម្ម។»

ADB កំពុងអនុវត្តគម្រោងវិនិយោគចំនួន ២,៤ ពាន់លានដុល្លារ ក្នុងប្រទេសកម្ពុជា ជាមួយប្រាក់ កម្ចីប្រចាំឆ្នាំជាមធ្យមជាង ៣៥០លានដុល្លារ ចាប់ពីឆ្នាំ ២០១៦ ដល់ ២០២២។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេះ។

អត្ថបទដែលជាប់ទាក់ទង