ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងវប្បធម៏ និងចិន បានឯកភាពប្រារព្ធខួបគម្រប់១០ឆ្នាំខ្សែក្រវាត់និងផ្លូវ និងខួប៦៥ឆ្នាំការបង្កើតទូតចំណងមិត្ដភាព កម្ពុជា-ចិន

44

ភ្នំពេញ៖ ដើម្បីអបអរសាទរខួបគម្រប់១០ឆ្នាំនៃការដាក់ចេញនូវគំនិតផ្ដួចផ្ដើម “ខ្សែ ក្រវាត់និងផ្លូវ” និងខួបគម្រប់៦៥ឆ្នាំនៃការបង្កើតចំណងការទូតកម្ពុជាចិន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការជាមួយវិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន រៀបចំការ សម្តែង Flash Mob ដើម្បីអបអរសាទរខួបគម្រប់១០ឆ្នាំនៃការដាក់ចេញនូវគំនិតផ្ដួចផ្ដើម “ខ្សែ ក្រវាត់និងផ្លូវ” និងខួបគម្រប់៦៥ឆ្នាំនៃការបង្កើតចំណងការទូតកម្ពុជា-ចិន នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។

សម្រាប់អ្នកសម្ដែងក្នុងកម្មវិធីនេះមកពីវិស័យសិល្បៈនៃប្រទេសទាំងពីរកម្ពុជានិងចិន បានសម្ដែងតាមបែបបទ Flash Mob ប្រកបដោយបរិយាកាសសប្បាយរីករាយជូនទស្សនិកជនកម្ពុជា បានទស្សនាជាមួយនឹងកម្រងទស្សនីយភាពដ៏វិសេសវិសាលតាមបែបប្រពៃណីខ្មែរនិងចិន។

ជាមួយគ្នានេះ  អ្នកសម្ដែងភាគីចិនច្រៀងចម្រៀងចិនដែលល្បីពេញនិយមនៅក្នុងប្រទេសកម្ពុជា ដូចជាបទ “Mo Li Hua” និងបទ”The Moon Represents My Heart” ។ ចំណែកអ្នកសម្ដែងកម្ពុជាវិញបានច្រៀងបទ “ស្រណោះប្រទេសចិន” ដែលជាព្រះរាជនិពន្ធរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ហើយក៏មានការសម្ដែងល្ខោន”ប្ដូររបាំងមុខ”ចិនដ៏អស្ចារ្យផងដែរ។ ទស្សនិកជន ដែលបានទស្សនានៅទីតាំងផ្ទាល់បានទះដៃអបអរសាទរយ៉ាងខ្លាំងផងដែរ។
ការសម្ដែង Flash Mob នេះ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយសាងសង់របស់ប្រទេសចិន។ ក្នុងនាមជាសមិទ្ធផលធំសំខាន់ក្នុងការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”រវាងកម្ពុជានិងចិន ពហុកីឡដ្ឋាននេះគឺជាទីតាំងចម្បងក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើក៣២ និងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោដោយលើកឡើងថា នេះគឺជាសមិទ្ធផលដ៏ធំមួយក្នុងវិស័យកីឡាកម្ពុជា គឺជាផ្លែផ្កាមួយទៀតនៃមិត្តភាពកម្ពុជាចិន៕ សំរិត

អត្ថបទដែលជាប់ទាក់ទង