សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀត នៅស្រុកត្រាំកក់ ខេត្តតាកែវ
តាកែវ ៖ នៅថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២។ ជំនួបសំណេះសំណាលនឹងធ្វើឡើង នៅរោង ចក្រ គ័នថេក ខេមបូឌា អ៉ិនធើណេសិនណល (KUANTECH CAMBODIA INTERNATIONAL)។
ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅទីតាំងខាងលើរួចម្តងមកហើយ កាលពីឆ្នាំ២០១៩ ដោយមានកម្មករ កម្មការិនីចូលរួមជិត ២ម៉ឺននាក់ផងដែរ។ រោងចក្រ សហគ្រាសទាំង១២ ដែលអនុញ្ញាតឱ្យកម្មករ កម្មការិនីជួបសំណេះ សំណាលនឹងសម្តេចតេជោនេះ កំពុងដំណើរការអាជីវកម្មនៅក្នុងស្រុកត្រាំកក់ និងស្រុកសំរោង ខេត្តតាកែវ។ រោងចក្រ សហគ្រាសទាំង១២នេះ ជាប្រភេទរោងចក្រផលិតគ្រឿងអេឡិចត្រូនិកចំនួន៦, កាត់ដេរសម្លៀកបំពាក់ចំនួន៣, ផលិតស្បែកជើងចំនួន២ និងផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក។ល។
ខេត្តតាកែវ គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហគ្រាសតាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ ខេត្តកណ្តាល មានរោងចក្រ សហគ្រាសចំនួន២៤៨ មានកម្មករ និយោជិតប្រមាណ ៧ម៉ឺននាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន៦៦ មានកម្មករនិយោជិតសរុបជាង ៥ម៉ឺន ៨ពាន់នាក់ ហើយខេត្តតាកែវ ជាខេត្តទី៤ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន៕