រកឃើញសពបុរសលង់ទឹកសមុទ្រហើយ បន្ទាប់ពីជួយស្រង់កូនខ្លួនឯងរុញមកខាងលើគោក
ខេត្តព្រះសីហនុ៖ គិតមកត្រឹមព្រឹកថ្ងៃទី១២មិថុនា២០២៣នេះ ប្រតិបត្តិការស្វែងរកបុរសម្នាក់ដែលលង់ទឹកបាត់ខ្លួននៅសមុទ្រឆ្នេរអូរឈើទាល បានរកឃើញហើយ។
សម្តត្ថកិច្ចបានប្រាប់អោយដឹងថា សាកសពត្រូវបានរកឃើញនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ។
អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ បានប្រើប្រាស់កម្លាំងសរុប ទាំងសមត្ថកិច្ចនិងក្រុមការងារសង្គ្រោះស្ម័គ្រចិត្ត ដើម្បីស្វែងរកជនរងគ្រោះនៅសមុទ្រខាងមុខអូរឈើទាលនិងពង្រីកតំបន់ស្វែងរកនៅក្បែរនោះ។
សូមបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ហេង ពិសិដ្ឋ អាយុ៤០ឆ្នាំជាអ្នកដំណើរមកពីរាជធានីភ្នំពេញមកលេងសមុទ្រជាមួយក្រុមគ្រួសារ ហើយនៅម៉ោងជាង១រសៀលថ្ងៃដដែល បុរសរងគ្រោះបានចុះលេងទឹកសមុទ្រនៅឆ្នេរអូរឈើទាលជាមួយកូនប្រុសរបស់ខ្លួនអាយុប្រហែល១០ឆ្នាំ ក្រោយមកក៏ជួបហេតុការណ៍អាក្រក់ ពេលឃើញកូនប្រុសលង់ទឹកសមុទ្រ បុរសជាឪពុកក៏ទៅជួយស្រង់កូនខ្លួនឯងរុញមកខាងលើ(កូនប្រុសនោះរួចផុតពីគ្រោះថ្នាក់) ប៉ុន្តែបុរសជាឪពុកត្រូវរលកសមុទ្រវាយគ្របនឹងបាត់ខ្លួនពីកន្លែងកើតហេតុ៕