ក្រសួងសុខាភិបាល បញ្ជាឲ្យប្រមូលត្រឡប់មកវិញ នូវឱសថឈោ្មះ AMLOCOR-10 ចំនួន ១ ឡូត៍ ដែលធ្លាក់គុណភាព (ធ្លាក់ Dissolution Test)
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានស្តីពីការប្រមូលត្រឡប់ពីទីផ្សារវិញនូវឱសថ AMLOCOR-10 ចំនួន១ឡូតិ៍ (លេខឡូតិ៍ B131J006)បានធ្លាក់គុណភាព (ធ្លាក់ Dissolution Test) ហើយគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ RATANAK RATANA PHARMACEUTICAL Co.,LTD ដែលបាននាំចូល និងចែកចាយឱសថខាងលើ ត្រូវប្រមូលមកវិញនូវឱសថ១ឡូតិ៍ខាងលើនេះ ពីគ្រឹះស្ថានលក់ឱសថ ឱសថស្ថាន និងឱសថស្ថានរង) នានាក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រសួងសុខាភិបាលមានកិត្តិយសសូមជម្រាបជូនដល់លោក-លោកស្រី វេជ្ជបណ្ឌិត ឱសថការីដែលទទួលខុសត្រូវ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រឹះស្ថានលក់ឱសថ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា៖ ដើម្បីធានា គុណភាពឱសថដែលកំពុងចរាចរនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានទិញឱសថមួយចំនួនពីតាមបណ្ដាឱសថស្ថាន និងឱសថស្ថានរង បញ្ចូនទៅវិភាគគុណភាពនៅ មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល។ ក្នុងចំណោមឱសថដែលបានបញ្ចូនទៅវិភាគគុណភាព បានរកឃើញថាឱសថឈោ្មះ AMLOCOR-10 Box/3×10 Tablets ចំនួន១ឡូតិ៍ដែលមានលេខឡូតិ៍ BI31J006, Exp=05-2024 បានធ្លាក់គុណភាព (ធ្លាក់ Dissolution Test) ។ ចំណែកឯឱសថឈ្មោះ AMLOCOR-10 ដែលមានលេខឡូតិ៍ផ្សេងពីនេះមិនមានការប៉ះពាល់ដល់ គុណភាពឡើយ។
អនុលោមតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងដើម្បីធានាបាននូវសុវត្ថិភាពដល់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាលសូមមានវិធានការ ដូចតទៅ៖
១. គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ RATANAK RATANA PHARMACEUTICAL Co.,LTD ដែលបាននាំចូល និងចែកចាយឱសថខាងលើ ត្រូវប្រមូលមកវិញនូវឱសថ១ឡូតិ៍ខាងលើនេះពីគ្រឹះស្ថានលក់ឱសថ ឱសថស្ថាន និងឱសថស្ថានរង)នានា ក្នុងព្រះរាជាណាចក្រកម្ពុជា។
២. គ្រប់មន្ទីរពេទ្យរដ្ឋ ឯកជន គ្លីនីក បន្ទប់ពិគ្រោះជំងឺ បន្ទប់ព្យាបាលជំងឺ គ្រប់សេវាសុខាភិបាលផ្សេងៗទៀត និង សាធារណជនត្រូវបញ្ឈប់ការប្រើប្រាស់ និងត្រូវផ្តល់ ឬបញ្ជូនឱសថដែលមានលេខឡូតិ៍ដូចខាងលើ ទៅឱ្យគ្រឹះស្ថាន ដែលបានលក់ជូនវិញ ចាប់ពីថ្ងៃចេញសេចក្តីជូនព័ត៌មាននេះតទៅ។
៣. គ្រឹះស្ថានលក់ឱសថ (ឱសថស្ថាន និងឱសថស្ថានិង) ទាំងអស់ត្រូវបញ្ឈប់ការលក់ឱសថខាងលើនេះ និងត្រូវ ប្រគល់ឱសថ AMLOCOR-10 ដែលមានលេខឡូត៏ B131J006 នេះត្រឡប់ទៅឱ្យគ្រឹះស្ថានដែលបានលក់ជូន វិញ ចាប់ពីថ្ងៃចេញសេចក្តីជូនព័ត៌មាននេះតទៅ។
៤. ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះគ្រឹះស្ថានអាហរ័ណ-នីហរ័ណឱសថ ឱសថស្ថាន ឱសថស្ថានរង ទាំងឡាយណាដែលនៅតែបន្តការតាំងលក់ ឬលក់ឱសថខាងលើនេះ។
ក្នុងករណីបងប្អូនបានប្រទះឃើញ AMLOCOR-10 Box/3×10 Tablets មានលេខឡូត៏ B131J006 សូមបងប្អូន ប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ៕