ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣

55

ភ្នំពេញ ៖ សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

ទិវាជាតិនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើ ការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់ន ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

ក្នុងនាមរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំរៀបចំទិវាជាតិនេះឡើង ព្រមទាំងសូមកោតសរសើរដល់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គ្រប់ប្រភេទ និងដៃគូអភិវឌ្ឍ ជាពិសេសវិស័យឯកជន ដែលបានផ្ដល់កិច្ចសហការគាំទ្រ និងចូលរួមក្នុង ទិវាជាតិនេះទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។

សេដ្ឋកិច្ចកម្ពុជា បានកើនឡើងប្រចាំឆ្នាំជាមធ្យមក្នុងអត្រា ៧% ជាង២ទសវត្សរ៍ ហើយស្ថានភាព ទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំ ដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣% ន កម្លាំងពលកម្មសរុបចំនួនប្រមាណ ១០,៨លាននាក់។ បន្ថែមលើការរីកចម្រើន សេដ្ឋកិច្ចក្នុងប្រព័ន្ធ សេដ្ឋកិច្ច ក្រៅប្រព័ន្ធក៏ជាកម្លាំងចលករដ៏សំខាន់មួយដែលបានដើរតួនាទីស្នូលក្នុងការជំរុញកំណើនសេដ្ឋកិច្ច ភាពធន់ខ្ពស់ចំពោះផលប៉ះពាល់ពីកត្តាខាងក្រៅមកលើសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ។
និងមានការប្រឈមនឹងបញ្ហាថ្មីៗទាំងនៅកម្រិតតំបន់ និងសកលលោក ភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម បញ្ហាជម្លោះភូមិសាស្ត្រនយោបាយ សន្តិសុខសកល សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ការប្រែប្រួលអាកាសធាតុ និង គ្រោះធម្មជាតិ ការវិវត្តជាបន្តបន្ទាប់នៃមេរោគកូវីដ-១៩ បំប្លែងថ្មី និងជំងឺឆ្លងផ្សេងៗ បានជះឥទ្ធិពល អវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា ដែលជាសេដ្ឋកិច្ចបើកចំហខ្លំាង និងពឹងផ្អែកលើកត្តាខាងក្រៅ។ ទន្ទឹមនឹងនេះ ការរីកចម្រើនបច្ចេកវិទ្យាថ្មីយ៉ាងឆាប់រហ័ស ដែលនាំឱ្យកើតមានឡើងនូវបដិវត្តន៍ឧស្សាហកម្មទី៤ កំពុង ជះឥទ្ធិពលឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនូវរបៀបរបបប្រតិបត្តិការធុរកិច្ច និងការបំពេញការងារ និងតម្រូវការ
ជំនាញគ្រប់ប្រភេទ។

ឆ្លើយតបនឹងការប្រឈមនេះ ការលើកកម្ពស់ជំនាញ សមត្ថភាពនិងផលិតភាព និងកិច្ចគាំពារសង្គម ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាអាទិភាពខ្ពស់នៅក្នុងគ្រប់យុទ្ធសាស្ត្រ ក៏ដូចជា គោលនយោបាយនានា ដើម្បីបន្តពង្រឹងភាពប្រកួតប្រជែង ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងធានាបានកំណើនខ្ពស់ បន្តការបង្កើត ការងារកាន់តែប្រសើរ និងបង្កើនប្រាក់ចំណូលប្រកបដោយស្ថិរភាព និងបរិយាបន្ន ព្រមទាំងបញ្ចៀសបាននូវ ហានិភ័យ និងផលប៉ះពាល់អវិជ្ជមានណាមួយដែលកើតមានឡើងជាយថាហេតុ។ ដើម្បីឆ្លើយតបទៅនឹង បញ្ហាជំនាញ និងអនាគតនៃការងារ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការអនុវត្តគោលនយោបាយ សំខាន់ៗមួយចំនួនដូចជា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីការអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ គោលនយោបាយស្តីពីពលករទេសន្តរប្រវេសន៍ឆ្នាំ២០១៩-២០២៣ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក កម្ពុជា ផែនទីបរិវត្តកម្មឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជាឆ្នាំ២០២៣-២០២៧ ព្រមទាំងផែនទី បង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥។ ជាមួយគ្នានេះ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បាននិងកំពុងជំរុញការអនុវត្តនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣ និងផែនការមេសម្រាប់អភិវឌ្ឍគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២១-២០២៥ ជាពិសេសការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីកសាងបានកម្លាំងពលកម្មដែលមានជំនាញវិជ្ជាជីវៈ ច្បាស់លាស់ គំនិតច្នៃប្រឌិត និង ភាពប្រកួតប្រជែងខ្ពស់ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងប្រទេស និងក្រៅប្រទេស។ កម្មវិធីបណ្តុះបណ្តាលជំនាញត្រូវបានរៀបចំឱ្យមានភាពបត់បែនស្របតាមស្ថានភាពជាក់ស្តែងរបស់ ប្រជាពលរដ្ឋ ក្នុងទម្រង់ជារយៈពេលខ្លី និងរយៈពេលវែង ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយអាចធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ និងដោយចល័ត។ ដើម្បីផ្ដល់លទ្ធភាពទទួលបានការ បណ្តុះបណ្តាលប្រកបដោយសមធម៌ រាជរដ្ឋាភិបាលបានពង្រីកការផ្ដល់អាហារូបករណ៍កាន់តែច្រើនឡើង សម្រាប់យុវជនដែលបោះបង់ការសិក្សា ប្រជាពលរដ្ឋក្រីក្រ ស្ត្រី ជនពិការ ជនជាតិដើមភាគតិច ជនងាយ រងគ្រោះ និងកម្មករនិយោជិត ជាលទ្ធផលរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ មានសិក្ខាកាម សិស្ស និស្សិត និង កម្មករនិយោជិតប្រមាណ ៣០ម៉ឺននាក់ បានទទួលការបណ្តុះបណ្តាល និងបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងការទទួលបានជំនាញថ្មី និងលើកកម្ពស់ជំនាញរបស់ខ្លួន ដោយបានចាប់យកឱកាសការងារល្អៗ ក៏ដូច ជាការបង្កើតមុខរបរដោយខ្លួនឯង ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិ បានយ៉ាងច្រើន។ ក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្កើតកម្មវិធីបណ្តុះបណ្តាល កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ពិសេសរយៈពេល ៤ខែ ដល់កម្មករនិយោជិតនិងយុវជន ដើម្បីទទួលបានឱកាសការងារថ្មី និងបង្កើតមុខរបរដោយខ្លួនឯងបានចំនួន ២១ ៥០០នាក់ និងបណ្តុះ បណ្ដាលជំនាញទន់ដល់កម្មករនិយោជិតបានចំនួន ៦៨ ០០០នាក់។ បន្ថែមពីនេះ រាជរដ្ឋាភិបាល បានត្រៀម រៀបចំផែនការបណ្ដុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះ ទូទាំងប្រទេសចំនួន ១លាន ៥សែននាក់ ដោយរដ្ឋធានាផ្ដល់ប្រាក់ឧបត្ថម្ភចាប់ពីឆ្នាំ២០២៣ នេះតទៅ ដើម្បី ផ្ដល់ឱកាសឱ្យពួកគេទទួលបានជំនាញសម្រាប់យកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯង និងបំពេញ តម្រូវការនៃកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួង ការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ និងក្រសួងស្ថាប័នពាក់ព័ន្ធនានា ក្នុងការខិតខំអនុវត្តដោយជោគជ័យនូវ គោលនយោបាយអាទិភាព និងការកែទម្រង់ស៊ីជម្រៅដែលរាជរដ្ឋាភិបាលបានដាក់ចេញសម្រាប់វិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ហើយក្នុងនោះក៏មានការចូលរួមពីវិស័យឯកជន ដៃគូអភិវឌ្ឍ និង អង្គការមិនមែនរដ្ឋាភិបាលផងដែរ។ ខ្ញុំក៏សូមយកឱកាសនេះ អំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធ៖
១. បន្តថែរក្សាសន្តិភាព និងស្ថិរភាពនៅកម្ពុជា ដែលជាលក្ខខណ្ឌចាំបាច់ក្នុងការបន្តការអភិវឌ្ឍ មូលធនមនុស្សពោរពេញដោយជំនាញ និងសមត្ថភាព ដើម្បីបង្កើនផលិតភាព ភាពប្រកួតប្រជែង កំណើន សេដ្ឋកិច្ចខ្ពស់ ការបង្កើតការងារថ្មីកាន់តែល្អ និងរក្សាការងារ ដែលមានស្រាប់សំដៅបន្តលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
២. បន្តគាំទ្រក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមាន លក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត។
៣. ជំរុញការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ផែនទីបរិវត្តកម្ម ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជាឆ្នាំ២០២៣-២០២៧ និងផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍ ជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥។

៤. បន្តជំរុញលើកទឹកចិត្ត និងបង្កើនការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឱ្យ មានចំណេះដឹង ជំនាញច្បាស់លាស់ និងភាពប្រកួតប្រជែងខ្ពស់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដូចដែលប្រធានបទនៃទិវាជាតិនេះបានលើកឡើងថា “TVET ផ្ដល់ជំនាញ និងការងារសមរម្យ”។
៥. ចូលរួមសហការ និងគាំទ្រកម្មវិធីរបស់រាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន ១លាន ៥សែននាក់។ ៦. គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានា សូមបន្តជួយ ផ្សព្វផ្សាយឱ្យបានទូលំទូលាយពីវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនការយល់ដឹង អំពីសារៈសំខាន់នៃវិស័យនេះជូនសាធារណជន។
៧. ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាម សិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងបងប្អូនជនរួមជាតិទាំងអស់ ចូលរួមសហការផ្សព្វផ្សាយទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញ និងការងារសមរម្យ” នេះ ឱ្យបានផុលផុសឱឡារិកអធិកអធមទូទាំងប្រទេសតាមប្រព័ន្ធផ្សព្វផ្សាយនានា៕

អត្ថបទដែលជាប់ទាក់ទង