ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន នឹងផ្អាកសកម្មភាពនានាមួយរយៈសិន កុំឲ្យគេរិះគន់ និងផាកពិន័យ ដែលខុសនឹងគោលការណ៍របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

53

 

កំពង់ចាម ៖ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់កម្មករនិយោជិតទាំងអស់ទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ខណៈរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការឈប់សម្រាករយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយទទួលបានប្រាក់ខែដដែល។ ក្នុងដំណាក់កាលយុទ្ធនាការឃោសនាបោះឆ្នោតសម្ដេចនឹងផ្អាកសកម្មភាពនានាមួយរយៈសិន កុំឲ្យគេរិះគន់ និងផាកពិន័យ ដែលខុសនឹងគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានសហការគាំទ្រដល់វិធានការរាជរដ្ឋាភិបាលក្នុងការទប់ស្កាល់ការឆ្លងរីករាលជំងឺកូវីដ-១៩កន្លងទៅនេះ តាមរយៈការចាក់វ៉ាក់សាំងគ្រប់គ្នា ដែលធ្វើឱ្យកម្ពុជាទទួលបានភាពស៊ាំ ឈានទៅបើកប្រទេស និងសេដ្ឋកិច្ចជាប្រក្រតីឡើងវិញរហូតដល់បច្ចុប្បន្ននេះ។​
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា គោលនយោបាយ ពង្រាយរោងចក្រទៅតាមបណ្ដាខេត្តរបស់រាជរដ្ឋាភិបាល គឺដើម្បីចៀសវាងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ និងផ្ដល់ការងារធ្វើនៅនឹងកន្លែងដល់ប្រជាពលរដ្ឋតែម្ដង ជាក់ស្តែងដូចជានៅខេត្តកំពង់ចាមនៅឆ្នាំ២០២៣នេះ មានរោងចក្រ សហគ្រាស ចំនួន៥១០ មានកម្មករនិយោជិតប្រមាណជាង៣ម៉ឺន៦ពាន់នាក់កំពុងតែបម្រើការងារនៅវិស័យនេះ។ការដែលសម្តេចចុះសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី នៅតាមបណ្តារោងចក្រនានាដោយផ្ទាល់នាពេលបន្តបន្ទាប់នេះ គឺគ្មានអ្វីក្រៅពីពិនិត្យវឌ្ឍនភាពនៅតាមរោងចក្រ សួរសុខទុក្ខ និងរកដំណោះស្រាយជូនដល់បងប្អូនកម្មករ កម្មការិនីឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។​

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រោយការបោះឆ្នោត សម្ដេចនឹងបន្តចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី នៅតាមបណ្ដារោចក្រជាបន្តទៀត ខណៈក្នុងដំណាក់កាលយុទ្ធនាការឃោសនាបោះឆ្នោតសម្ដេចនឹងផ្អាកសកម្មភាពនានាមួយរយៈសិន កុំឲ្យគេរិះគន់ និងផាកពិន័យ ដែលខុសនឹងគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនដែលសន្យាខ្យល់ ដូចគណបក្សនយោបាយមួយចំនួននោះទេ។ គណបក្សប្រជាជនកម្ពុជាដឹកនាំរាជរដ្ឋាភិបាលមានគោលដៅជាក់លាក់ឆ្ពោះទៅមុខ ទោះបីជាជំហានគីង្គក់តែទៅមុខជានិច្ច។ គណបក្សប្រជាជនកម្ពុជា ធ្វើសន្សឹមៗទៅតាមអ្វីដែលអាចធ្វើទៅរួច ប៉ុន្ដែបើងាកទៅក្រោយវិញកម្ពុជាមានការផ្លាស់ប្ដូរច្រើនណាស់ ក្រោយទទួលបានសុខសន្តិភាពរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

សម្តេចតេជោមានប្រសាសន៍ថា សូមក្មួយទាំងអស់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខសូមនាំគ្នាទៅបោះឆ្នោត។ ក្មួយៗនឹងបានឈប់សម្រាកបីថ្ងៃគឺ ទី២២ ២៣ និង២៤។ អ៊ីចឹងបើក្មួយៗនៅនេះច្បាស់ណាស់ថាថ្ងៃបោះឆ្នោត គឺជាថ្ងៃដែលក្មួយៗបានសម្រាក។

សម្តេចតេជោបន្តថា ប៉ុន្តែកម្មករ កម្មការិនី ដែលមិនបានចុះឈ្មោះបោះឆ្នោតជិតទីតាំងការងាររបស់ខ្លួន នឹងតម្រូវឱ្យធ្វើដំណើរទៅស្រុកកំណើត ឬទីតាំងដែលខ្លួនបានចុះឈ្មោះបោះឆ្នោត។

សូមជម្រាបថា ​សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានកំណត់រៀបចំឡើងនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨ ក្នុងនោះដែរ គណបក្សប្រជាជនកម្ពុជាឈរនៅលេខរៀងទី១៨៕

អត្ថបទដែលជាប់ទាក់ទង