ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីជាន់ខ្ពស់បរិស្ថានថា៖ ពីដើមកាប់ឈើ លក់បានលុយ តែឥឡូវ អ្នកកាប់ឈើ ជាប់ទោស អ្នកថែរក្សាព្រៃឈើ បានលុយ

57

ភ្នំពេញ ៖ លោក ជួប ប៉ារីស៍ អនុរដ្ឋលេខា ធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា កាលពីមុនគេចូលព្រៃ ដើម្បីកាប់ឈើបានលុយ តែឥឡូវនេះការចូល រួមគ្នា ថែរក្សាការពារ ព្រៃឈើបានលុយនិងទទួលបាន ផល ប្រយោជន៍ច្រើន មិនថាតែសហគមន៍ ប្រជាពលរដ្ឋ ឬអ្នកនៅតំបន់ការពារ ធម្មជាតិផ្ទាល់នោះទេ ។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ ធ្វើឡើងក្នុងវគ្គបណ្តុះបណ្តាល និងដំណើរទស្សនកិច្ចក្នុងក្របខ័ណ្ឌនៃយុទ្ធនាការជា មួយប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានក្នុងសុក ដើម្បីស្វែងយល់ពីការអនុវត្ត«កម្មវិធីប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជា» ពីថ្ងៃទី១៣-១៦ ខែមិថុនា ឆ្នាំ២០២៣ នៅខេត្ត ពោធិ៍សាត់ ដែលបាននិងកំពុងអនុវត្តគម្រោងនិរន្តរភាពបរិស្ថាន គម្រោងរេដបូកនៅតំបន់ជួរភ្នំក្រវាញកណ្តាល និងកម្មវិធីលើកកម្ពស់ជីវភាពសហគមន៍ ដើម្បីបញ្ឈប់ការចូលព្រៃកាប់ឈើ សម្រាប់ជាប្រយោជន៍ទុកលក់ឥណទានកាបូន និងជាជម្រករបស់សត្វព្រៃ។

លោក ជួប ប៉ារីស៍ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មានផែនការពង្រីកទំហំផ្ទៃដីព្រៃឈើដើម្បីលក់ឥណទានកាបូនឱ្យដល់ជាង២លានហិកតាបន្ថែមទៀតនៅត្រឹមឆ្នាំ ក្រោយនេះ ខណៈបច្ចុប្បន្នបាននិងកំពុងលក់លើទំហំព្រៃឈើ ក្នុងតំបន់ការពារធនធានធម្មជាតិជិត២លានហិកតា។ ពោលគឺ គ្រោងពង្រីកឱ្យបានផ្ទៃដីគ្រប់ដណ្តប់ព្រៃឈើឱ្យបាន៤លានហិកតា នៅត្រឹមឆ្នាំ២០២៤ខាងមុខនេះ។

លោក បានបញ្ជាក់ថា ផ្ទៃដីគ្រប់ដណ្តប់ព្រៃឈើដែលនឹងត្រូវលក់ឥណទានកាបូនបានបន្ថែមទៀតនៅក្នុងអំឡុងឆ្នាំក្រោយមានតំបន់ការពារធម្មជាតិក្រវាញកណ្តាល តំបន់ការពារធម្មជាតិភ្នំសំកុសក្នុងខេត្តពោធិ៍សាត់ និងតំបន់ការពារធម្មជាតិនៅក្នុងខេត្តព្រះវិហារ។
លោកបានបញ្ជាក់ថា ចំណូលនៃការលក់ឥណទានកាបូន នឹងត្រូវបានចាក់ចូលទៅសហគមន៍មូលដ្ឋាននានានៅជុំវិញដែនជម្រកសត្វព្រៃ និងតំបន់ការពារធម្មជាតិ ដើម្បីជំរុញការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ជាពិសេស ចូលរួមចំណែកដល់ការពង្រឹងសេដ្ឋកិច្ចរបស់ប្រជាសហគមន៍ សំដៅលុបបំបាត់ការចូលព្រៃកាប់ឈើ និងបរបាញ់ ឬដាក់អន្ទាក់ចាប់សត្វព្រៃ។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៦ មក កម្ពុជាបានរកចំណូលប្រមាណជាង១១,៦លានដុល្លារអាមេរិក ពីការលក់ឥណទានកាបូនពីព្រៃឈើនៃតំបន់ជួរភ្នំក្រវាញ ដែនជម្រក សត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី និងគម្រោងរេដបូកនៅតំបន់ព្រៃឡង់។ តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA បានឱ្យដឹងថា គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង បានបង្កើតឱកាសចិញ្ចឹមជីវិតសម្រាប់សហគមន៍មូលដ្ឋាន និងបានជួយគាំទ្រជីវភាពរស់នៅរបស់សហគមន៍ចំនួន ២៩ ដែលជាទីលំនៅរបស់ប្រជាពលរដ្ឋប្រមាណជាង៤ពាន់គ្រួសារ។ ការជួយគាំទ្រនេះរួមមាន៖ ការជួយគាំទ្រដល់វិស័យទេសចរណ៍ធម្មជាតិ កសិកម្ម និងអាហារូបករណ៍ដល់យុវជន និងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធដូចជាអណ្តូងទឹក និងផ្លូវថ្នល់៕. សំរិត

អត្ថបទដែលជាប់ទាក់ទង