ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌឫស្សីកែវដឹកនាំប្រជុំដាក់ផែនការពង្រឹងការងារការពារសន្តិសុខ,ជាពិសេសកិច្ចការងារគ្រប់គ្រងជនអនាថា និងបញ្ហាគ្រឿងញៀនក្នុងមូលដ្ឋានខណ្ឌ

39


ភ្នំពេញ៖រដ្ឋបាលខណ្ឌប្ញស្សីកែវនាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ បើកកិច្ចប្រជុំកម្លាំងចំណុះគណៈបញ្ជាការឯកភាពខណ្ឌក្រោមអធិបតីលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ស្ដីពីការពង្រឹងកិច្ចការងារសន្តិសុខ,ជាពិសេសកិច្ចការងារគ្រប់គ្រងជនអនាថា និងបញ្ហាគ្រឿងញៀនក្នុងមូលដ្ឋានខណ្ឌ ដោយមានវត្តមានចូលរួមពីសំណាក់តំណាងលោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ គណៈអភិបាលខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ លោក លោកស្រីប្រធានការិយាល័យទាំង១១ លោកចៅសង្កាត់ទាំង៧ មេប៉ុស្តិ៍សង្កាត់ទាំង៧ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ដ្រី សរុបចំនួន៣៩នាក់។
ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខណ្ឌ បានធ្វើការណែនាំឱ្យអាជ្ញាធរសង្កាត់ទាំង៧ ត្រូវចាប់ប្រមែប្រមូលជនអនាថារួចបញ្ជូនទៅមណ្ឌលកែប្រែដើម្បីឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ. អនុវត្តឱ្យបានម៉ឺងមាត់ម៉ត់ចត់ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន ជាពិសេស ការកំណត់មុខសញ្ញា និងទប់ស្កាត់បង្ក្រាបការជួញដូរប្រើប្រាស់គ្រឿងញៀន ដោយតាមសង្កាត់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនត្រូវ ធ្វើបច្ចុប្បន្នភាពបញ្ជីគោលដៅដែលងាយរងផលប៉ះពាល់ដោយសារគ្រឿងញៀន និងត្រូវកោះអញ្ជើញម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងអាជីវកម្មទាំងនោះ មកធ្វើការពន្យល់ណែនាំឱ្យយកចិត្តទុកដាក់ក្នុងការងារគ្រប់គ្រង ឱ្យបានហ្មត់ចត់ ព្រមទាំងធ្វើកិច្ចសន្យាសហការបង្ការទប់ស្កាត់មិនឱ្យកើតមានបទល្មើសគ្រឿងញៀននៅក្នុងទីតាំងរបស់ខ្លួន។
លោកជិន ប៊ុនធឿន អភិបាលខណ្ឌ ក៏បានដាក់បទបញ្ជាឲ្យកម្លាំងធ្វើរដ្ឋបាលក្នុងមូលដ្ឋាន ជាពិសេសកន្លែងស្រុគស្មាញមិនទាន់រៀបរយផ្សេងៗរួមទាំងក្នុងក្លឹបកម្សាន្ត ខុនដូ បារ KTV ផ្ទះសំណាក់ ដោយត្រូវធ្វើការតាមដាន ត្រួតពិនិត្យ និងចាត់វិធានការម៉ឺងម៉ាត់ ដាច់ខាត ដើម្បីបិទ ឬដកហូតអាជ្ញាបណ្ណអនុញ្ញាតធ្វើអាជីវកម្មជាបណ្តោះអាសន្ន ឬជាស្ថាពរចំពោះទីតាំងអាជីវកម្មណាដែលបណ្ដែតបណ្ដោយឱ្យមានសកម្មភាពជួញដូរនិងប្រើប្រាស់គ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង