ស្នងការដា្ឋននគរបាលខេត្តកំពត ចេញលិខិតផ្លូវការទៅដល់លោកអគ្គនាយកនិងអគ្គនាយករងក្រុមហ៊ុនពិភពដីមាស ដើម្បីមកពិភាក្សា លើបណ្តឹងរបស់ប្រជាពលរដ្ឋ
កំពត៖ បន្ទាប់ពីមានប្រជាពលរដ្ឋនៅខេត្តកំពត ដាក់ពាក្យប្តឹងលោកអគ្គនាយកនិងអគ្គនាយករងក្រុមហ៊ុនពិភពដីមាសចំនួន 259 បណ្តឹងរួចមក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដា្ឋននគរបាលខេត្តកំពត បានចេញលិខិតផ្លូវការទៅដល់លោកអគ្គនាយកនិងអគ្គនាយករងក្រុមហ៊ុនពិភពដីមាស ដើម្បីមកពិភាក្សាលើបណ្តឹងរបស់ប្រជាពលរដ្ឋទាំងអស់នោះ។
ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដា្ឋននគរបាលខេត្តកំពត នៅល្ងាចថ្ងៃទី 16 ខែមិថុនាឆ្នាំ 2023 នេះបានថ្លែងថា លិខិតផ្លូវការនិងទៅដល់លោកអគ្គនាយកនិងអគ្គនាយករងក្រុមហ៊ុនពិភពដីមាសឆាប់ៗខាងមុខនេះ ដើម្បីមកពិភាក្សាលើបណ្តឹងរបស់ប្រជាពលរដ្ឋនៅខេត្តកំពតចំនួន 259 បណ្តឹង នៅថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2023 វេលាម៉ោង 9 ព្រឹកនៅស្នងការដ្ឋាននគរបាលខេត្តកំពត ។
ស្នងការដា្ឋននគរបាលខេត្តកំពត នៅថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០២៣បានចេញលិខិតកោះហៅ, យើងឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ជាមន្ត្រីនគរបាលយុត្តិធម៌ កោះហៅឈ្មោះ ហ៊ី គីមហុង ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឱ្យចូលមកកាន់ ស្នងការ ដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៩ព្រឹក ដើម្បីសាកសួរ តាមបណ្ដឹងរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពត ពីបទ ឆបោកមាន ស្ថានទម្ងន់ទោស ។
សាមីខ្លួនត្រូវចូលខ្លួនតាមការកំណត់ និងយកលិខិតផ្សេងៗ ដែលទាក់ទិននឹង រឿងហេតុខាងលើ មកជាមួយផង ប្រសិនបើមាន ។
នៅថ្ងៃដដែលនេះ ស្នងការដា្ឋននគរបាលខេត្តកំពត បានចេញលិខិតកោះហៅ, យើងឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ជាមន្ត្រីនគរបាលយុត្តិធម៏ កោះហៅឈ្មោះ ចេង សង្ហាក់ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិឈើទាលជុំ ឃុំត្រមែង ស្រុកឈូក ខេត្តកំពត ឱ្យចូលមកកាន់ ស្នងការដ្ឋាននគរបាលខេត្តកំពត នៅ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៩ព្រឹក ដើម្បីសាកសួរ តាមបណ្ដឹងរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពត ពីបទ ឆបោកមាន ស្ថានទម្ងន់ទោស ។
សាមីខ្លួនត្រូវចូលខ្លួនតាមការកំណត់ និងយកលិខិតផ្សេងៗ ដែលទាក់ទិននឹង រឿងហេតុខាងលើ មកជាមួយផង ប្រសិនបើមាន។
លោកស្នងការបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា ពិតឬមិនពិតលឺថាតំណាងក្រុមហ៊ុនពិភពដីមាសដើរគំរាមប្រជាពលរដ្ឋនៅស្រុកឈូក ! បើបងប្អូនមានបញ្ហាសូមជូនដំណឹងមកផេករបស់ខ្ញុំផ្ទាល់ ។ នៅថ្ងៃទី 16.06.23 នេះ ខ្ញុំនិងយកសំណុំរឿងទាំងអស់របស់បងប្អូនប្រជាពលរដ្ឋខ្ញុំដែលបានវិនិយោគនៅកំពង់ស្ពឺជាមួយក្រុមហ៊ុនពិភពដីមាស ដើម្បីទៅបន្តនិតិវិធីជាមួយបងស្នងការនគរបាលខេត្តកំពង់ស្ពឺ ៕