ពួកឧក្រិដ្ឋជនមានឧបាយកលថ្មី ក្នុងការលួចលាក់នាំចូលសារធាតុគីមី ហើយយកមកកែច្នៃផ្សំ តាមមន្ទីរពិសោធន៍លួចលាក់ ដើម្បីបង្កើតជាគ្រឿងញៀន ហើយនាំចេញទៅបរទេស
រាជធានីភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ថា ពីមុនយើងគ្រាន់តែជាប្រទេសដែលរងគ្រោះ ដោយសារការនាំសារធាតុគីមី ក៏ដូចជាគ្រឿងញៀនឆ្លងកាត់តែប៉ុណ្ណោះ ប៉ុន្តែនៅចុងឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ននេះ ពួកឧក្រិដ្ឋជនមានឧបាយកលថ្មី ក្នុងការលួចលាក់នាំចូលសារធាតុគីមី ហើយយកមកកែច្នៃផ្សំតាមមន្ទីរពិសោធន៍លួចលាក់ ដើម្បីបង្កើតជាគ្រឿងញៀនហើយនាំចេញទៅបរទេស។
នៅរសៀលថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងលោក James McCABE នាយកប្រតិបត្តិអង្គភាពការពារកុមារ CPU បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលការស៊ើបអង្កេត ស្តីពីសារធាតុគីមីដែលបង្កគ្រោះថ្នាក់ និងបច្ចេកទេសចាប់ខ្លួនជនសង្ស័យដែលមានហានិភ័យខ្ពស់ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានថ្លែងបន្តទៀតថា ពាក់ព័ន្ធនឹងសារធាតុគីមីនេះ គឺយើងឃើញថាពួកឧក្រិដ្ឋជនបាននាំចូលដោយស្របច្បាប់ និងដោយលួចលាក់ ព្រោះថាបច្ចុប្បន្ននេះកម្ពុជាកំពុងមានការអភិវឌ្ឍក្រោមម្លប់សន្តិភាព ដូច្នេះហើយមានរោងចក្រ សហគ្រាសជាច្រើនមានត្រូវការសារធាតុគីមីយកមកប្រើប្រាស់ ប៉ុន្តែឧក្រិដ្ឋជនបានបង្វែពីផលិតកម្មសម្រាប់វិស័យឧស្សាហកម្ម សុខាភិបាលមកជាការលួចលាកផ្សំកែច្នៃផលិតគ្រឿងញៀនទៅវិញ។
“ចាប់ពីឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ននេះ សមត្ថកិច្ចបង្រ្កាបបានជាង ៥ពាន់ករណី ឃាត់ខ្លួនជាង ១ម៉ឺន ៦ពាន់នាក់ ដកហូតបានសារធាតុគីមីជិត ៦រយតោន និងរឹបអូសគ្រឿងញៀនសំយោគជាង ១០ម៉ឺនតោន។ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ ក៏ដូចជាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានយកចិត្តទុកដាក់ខ្ពស់ចំពោះសារធាតុគីមីនេះ ទន្ទឹមនោះរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួងមួយដើម្បីត្រួតពិនិត្យសារធាតុគីមីនេះ ហើយយើងកំពុងតែរៀបចំធ្វើយ៉ាងណាឲ្យគណៈកម្មការនេះចូលក្នុងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនតែម្តង ដែលក្នុងនោះ រដ្ឋមន្រ្តីក្រួងឧស្សាហកម្ម ក្រសួងសុខាភិបាល ជាប្រធាន និងអនុប្រធានគណៈកម្មការនេះ”។ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ។
លោក James McCABE នាយកប្រតិបត្តិអង្គភាពការពារកុមារ CPU បានមានប្រសាសន៍ថ្លៃងអំណរគុណដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមយកចិត្តទុកដាក់ក្នុងវគ្គបណ្តុះបណ្តាលប្រកបដោយជោគជ័យក្នុងរយៈពេល ១សប្តាហ៍នេះ និងមានសេចក្តីរីករាយដោយសង្កេតឃើញសិក្ខាកាមព្យាយាមសិក្សា និងយល់ដឹងអំពីវគ្គនេះ។ លោក ក៏សង្ឃឹមថា សិក្ខាកាមទាំងអស់នឹងទទួលស្គាល់ និងថ្លែងអំណរគុណដល់លោក និច រ៉ូស និងក្រុមការងាររបស់អង្គភាពការពារកុមារ (CPU) ទាំងអស់ ដែលបានចំណាយពេលវេលាជាច្រើន ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះដើម្បីសិក្ខាកាមទាំងអស់ ទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ។
លោក James McCABE បានគូសបញ្ជាក់អំពីចំណុចសំខាន់ ដែលសិក្ខាកាមត្រូវចងចាំ គឺអំពីសុវត្ថិភាពផ្ទាល់ខ្លួន សុវត្ថិភាពរបស់សហការីនៅជុំវិញខ្លួន និងការរៀបចំគម្រោងមុននឹងធ្វើប្រតិបត្តិការ ព្រោះថាក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងគឺមានគ្រោះថ្នាក់ខ្លាំង ដូច្នេះសុវត្ថិភាពផ្ទាល់ខ្លួន និងសុវត្តិភាពសហការីក៏មានសារៈសំខាន់ផងដែរ។
អញ្ជើញមានប្រសាសន៍ក្នុងពិធីបិទវគ្គ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងអំណរគុណដល់អង្គភាពការពារកុមារ (CPU) និងលោក និច រ៉ូស ដែលជួយរៀបចំកម្មវិធីសិក្សានេះដោយនាំយកនូវជំនាញ បទពិសោធន៍ និងបច្ចេកទេសមកបង្ហាត់បង្ហាញ ជាពិសេសទទួលបានជោគជ័យគួរជាទីមោទនៈ ហើយវគ្គសិក្សានេះ ត្រូវចំសភាពការណ៍ក៏ដូចជាតម្រូវការចាំបាច់ចំពោះបទល្មើសគ្រឿងញៀននៅកម្ពុជាផងដែរ។ ក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ លោកតែងតែយកចិត្តទុកដាក់ ហើយកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អរបស់អង្គភាព CPU និងអគ្គស្នងការដ្ឋាននគរបាលជាតិ កន្លងមក។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានគូសបញ្ជាក់ថា រយៈពេល ១១ឆ្នាំកន្លងមកនេះ អង្គភាព CPU ក៏ដូចជា CPF គឺបានជួយជ្រោមជ្រែង ជួយបណ្តុះបណ្តាល ជួយឧបត្ថម្ភទាំងសម្ភារៈ ស្មារតី ក៏ដូចជាបទពិសោធន៍ បច្ចេកទេសដល់នគរបាលជាតិកម្ពុជា ជាពិសេសមន្រ្តីអនុវត្តច្បាប់ក្នុងការស្រាវជ្រាវបង្រ្កាបឧក្រិដ្ឋជន និងបទល្មើសព្រហ្មទណ្ឌ។ ក្រៅពីសកម្មភាពមនុស្សធម៌ អង្គភាព CPU ក៏ដូចជា CPF បានជួយក្នុងការរុករកស្រាវជ្រាវបង្រ្កាបឧក្រិដ្ឋដែលមានឥទ្ធិពល និងមានហានិភ័យដល់កុមារ។ ជាមួយនឹងបទពិសោធន៍ច្រើនឆ្នាំរបស់គ្រូឧទ្ទេសនាម ក៏ដូចជាបច្ចេកទេសថ្មីៗជាច្រើន ព្រមទាំងឧបករណ៍សម្ភារៈដែលត្រូវប្រើប្រាស់ គឺជួយយើងរកឃើញកន្លែងលួចលាក់ ផលិតកែច្នៃ ដូចជាលួចលាក់មន្ទីរពិសោធន៍ក្នុងការប្រមូលផ្តុំលួចលាក់នាំចូលសារធាតិគីមី ដើម្បីផ្សំក្លាយទៅជាគ្រឿងញៀន។
ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានលើកឡើងពីមូលហេតុអ្វីបានជាបច្ចុប្បន្ននេះ ឧក្រិដ្ឋជនបង្វែឧបាយកលលួចលាក់សារធាតុគីមីចូលមកកម្ពុជា ដើម្បីកែច្នៃផលិតគ្រឿងញៀន ព្រោះថាបច្ចុប្បន្នេះនៅលើសកលលោកពាក់ព័ន្ធនឹងគ្រឿងញៀននេះ គឺយើងបែងចែក ២សំខាន់ គឺគ្រឿងញៀនធម្មជាតិ ដែលផលិតកែច្នៃពីរុក្ខជាតិធម្មជាតិដូចជា (អាភៀន កូកាអ៊ីន កាឆា និងសះហ្រ្វល ជាដើម) ប៉ុន្តែការលផិតកែច្នៃចេញពីរុក្ខជាតិ ដែលហៅថាគ្រឿងញៀនបុរាណនេះ គឺមានតម្លៃថ្លៃហើយប្រើពេលយូរ និងទីតាំងធំ។ ដោយឡែកគ្រឿងញៀនសំយោគ ដែលយើងកំពុងសិក្សាបច្ចុប្បន្ននេះ គឺវាផលិតចេញពីសារធាតុគីមីផ្សំប្រើពេលខ្លីតម្លៃថោក ហើយងាយលួចលាក់ធ្វើ ធ្វើលើរថយន្ត ឬឡាបូតូចៗក៏បាន និងចំណាយតិចលក់បានថ្លៃ ព្រោះតម្រូវការលើទីផ្សារមានច្រើន ហើយបច្ចុប្បន្ននេះកំពុងពេញនិយមជាងគេនៅកម្ពុជា គឺខេតាមីន ដែលនៅប្រទេសជិតខាងយើងពីមុនគេប្រើហេរ៉ូអ៊ីន ឥឡូវប្តូរមកមេតំហ្វេតាមីន និងខេតាមីន ប៉ុន្តែយើងសង្កេតឃើញថាគ្រឿងញៀនធម្មជាតិដែលផលិតចេញពី កាឆា ឬអាភៀន ផលវិបាក និងការគ្រោះថ្នាក់ទាបជាងគ្រឿងញៀនសំយោគ។
ឯកឧត្តម បន្តថា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរាជរដ្ឋាភិបាលបានដាក់ចុះ ដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធាន ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអនុប្រធាន គឺបានប្រឹងប្រែងដំណើរបំផុសគ្រប់ស្ថាប័ន មន្រ្តីរាជការ និងប្រជាពលរដ្ឋ បានចូលយ៉ាងច្រើនកុះករ។ ឥឡូវបញ្ហាដែលប្រឈមចំពោះមុខ គឺថាករណីធំៗថ្នាក់ជាតិបង្រ្កាបបានច្រើនណាស់ ប៉ុន្តែករណីតូចតាច ករណីប្រលប្រាស់ គឺមានសាយភាយដល់ជនបទមិនទាន់បង្រ្កាបបានទាំងស្រុងនោះទេ វាត្រូវពឹងផ្អែកលើយើងទាំងអស់គ្នាត្រូវប្រឹងប្រែង។ ដោយឡែកចំពោះវគ្គសិក្សាដែលត្រូវបញ្ចប់នៅថ្ងៃនេះ គឺខ្ញុំមានភាពរីករាយណាស់ដោយឃើញថាសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ខិតខំរៀនសូត្រទទួលបានលទ្ធផលល្អ ឥឡូវល្អក្នុងវគ្គសិក្សា ប៉ុន្តែពេលត្រឡប់ទៅវិញតើល្អឬអត់ដែលនេះជាបញ្ហា ហើយយើងត្រូវធ្វើអ្វីខ្លះ ទី១-យើងជាគ្រូបង្គោលសម្រាប់បង្ហាត់បង្រៀនដល់បងប្អូនយើង ដែលមិនបានមករៀន ជាពិសេសមន្រ្តីអនុវត្តច្បាប់ ហើយថ្ងៃនេះក៏មានមន្រ្តីនគរបាលយុត្តិធម៌មកពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌផងដែរ ហេតុអ្វីបានជានគរបាលព្រហ្មទណ្ឌមករៀនផងដែរ ព្រោះថានគរបាលព្រហ្មទណ្ឌក៏ត្រូវបង្រ្កាបឧក្រិដ្ឋជនផងដែរ ជាទូទៅឧក្រិដ្ឋជនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ ៧០ទៅ៨០ភាគរយ គឺបានប្រើប្រាស់គ្រឿងញៀនមុនធ្វើសកម្មភាព ដូច្នេះពាក់ព័ន្ធការបង្រ្កាបបទល្មើសគ្រឿងញៀន ឬក៏បទល្មើសព្រហ្មទណ្ឌត្រូវមានការប្រុងប្រយ័ត្ន។ ទី២-សូមរំលឹកបន្ថែមលើការស្រាវជ្រាវបង្រ្កាបមន្ទីរពិសោធន៍លួចលាក់ ឬក៏កន្លែងទីតាំងដែលកែច្នៃផលិតគ្រឿងញៀនដោយសារធាតុគីមី។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលការស៊ើបអង្កេត ស្តីពីសារធាតុគីមីដែលបង្កគ្រោះថ្នាក់ និងបច្ចេកទេសចាប់ខ្លួនជនសង្ស័យដែលមានហានិភ័យខ្ពស់ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ដោយបានការឧបត្ថម្ភពីអង្គភាពការពារកុមារ “CPU” និងមានសិក្ខាកាមអញ្ជើញចូលរួមចំនួន ៦០នាក់ មកពីមន្ទីរប្រឆាំងគ្រឿងញៀន ចំនួន ២២នាក់, ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចំនួន ២៨នាក់ និងមកពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ១០នាក់៕