ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតី ៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានលក្ខណៈពិសេសជាងតំបន់ផ្សេងៗនៅកម្ពុជា

20


ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅខេត្តព្រះសីហនុ មានលក្ខណៈពិសេសជាងតំបន់ផ្សេងៗ នៅកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករនិយោជិតជាង ៣ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «ជាលក្ខណៈពិសេសតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ មានលក្ខណៈពិសេសជាងតំបន់ផ្សេងៗនៅកម្ពុជា ដោយតំបន់នេះ ត្រូវបានទទួលស្គាល់, គាំទ្រ និងមានការចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនង និងការអភិវឌ្ឍជាបន្តបន្ទាប់ ចាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើ រវាងរដ្ឋាភិបាលកម្ពុជា-ចិន ដែលបានបើកការដ្ឋានសាងសង់ដំបូងនៅឆ្នាំ២០០៨ ជាពិសេសការរួមគ្នាអនុវត្ត «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងរំលឹកថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទី១ មកកាន់កម្ពុជា កាលពីខែតុលា ឆ្នាំ២០១៦, លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ក៏បានលើកឡើងថា ភាគីចិននឹងលើកទឹកចិត្តសហគ្រាសចិនល្បីៗ ឱ្យធ្វើកិច្ចសហប្រតិបត្តិការ និង វិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី បានថ្លែងថា ក្នុងអំឡុងកិច្ចប្រជុំជាន់ខ្ពស់នៃវេទិកាកំពូលកិច្ចសហប្រតិបត្តិការអន្តរជាតិ «ខ្សែក្រវាត់ និង ផ្លូវ» លើកទី២ ក្នុងឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង, សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ភាពជោគជ័យនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ ជាសក្ខីភាពមួយយ៉ាងច្បាស់នៃការកសាងគម្រោងផែនការសហប្រតិបត្តិការ «ខ្សែក្រវាត់ និង ផ្លូវ» រវាងប្រទេសទាំងពីរ។
ស្របពេលជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា កម្ពុជាមិនប្រកាន់ចំពោះអ្នកវិនិយោគមកពីប្រទេសនេះ ឬប្រទេសនោះឡើយ ពោលគឺស្វាគមន៍អ្នកវិនិយោពីគ្រប់ប្រទេស មិនថា ចិន អាមេរិក និងប្រទេសដទៃៗទៀត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អតីតសមរភូមិរបស់កម្ពុជាពីអតីតកាល បានប្រែក្លាយជាទំបន់សេដ្ឋកិច្ច តំបន់អភិវឌ្ឍ ព្រោះគោលនយោបាយដឹកនាំត្រឹមត្រូវរបស់រាជរដ្ឋាភិលបាល។ រាជរដ្ឋាភិបាលកម្ពុជា កំពុងគិតគូពីហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដូចជាផ្លូវថ្នាល់ ផ្លូវដែក ផ្លូវទឹក មកកាន់ខេត្តព្រះសីហនុ ដើម្បីបម្រើដល់ការដឹកជញ្ជូនទំនិញ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា ខេត្តព្រះសីហនុ ចំនួនរោងចក្រសហគ្រាស បានកើនឡើងពី ៦៩សហគ្រាស ជាមួយកម្មករនិយោជិត ១០,៦១៩ នៅឆ្នាំ២០០៨ រហូតដល់ ៣,៨៣៣សហគ្រាស ជាមួយកម្មករនិយោជិត ១១៥,៨៥៤នាក់ គិតត្រឹមខែមេសា ឆ្នាំ២០២៥ ដោយទទួលបានប្រាក់ឈ្នួលមធ្យមសរុប ប្រមាណ ៣៥៩លានដុល្លារ ក្នុង១ឆ្នាំ។ ដោយឡែក សម្រាប់តំបន់សេដ្ឋកិច្ចពិសេសទាំង៥ នៅខេត្តព្រះសីហនុ មានរោងចក សហគ្រាស សរុបចំនួន ៣២៧សហគ្រាស មានកម្មករនិយោជិតចំនួន ៤៦,៧៥០នាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ១៥០លានដុល្លារ ក្នុង១ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង