ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំនួបរវាងសម្តេច ជាមួយបងប្អូនកម្មករ កម្មការិនី គឺធ្វើឡើងដោយក្តីគោរពស្រឡាញ់ ការជឿទុកចិត្តការយកចិត្តទុកដាក់

147

 

ខេត្តកំពង់ស្ពឺ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍រំលឹកថា ពីមុនដី១ហិកតាអាចធ្វើស្រែចំការ និងចិញ្ចឹមប្រជាពលរដ្ឋបាន តែ១គ្រួសារ ដែលមានសមាជិកប្រមាណ៥នាក់ប៉ុណ្ណោះ ប៉ុន្តែ នៅពេលមានការវិនិយោគលើផ្ទៃដី១ហិកតា គឺអាចចិញ្ចឹមប្រជាពលរដ្ឋបានពី៣-៤ពាន់គ្រួសារ។

នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោង​ចក្រ សហគ្រាសចំនួន៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកសំរោងទង និងស្រុក​គងពិសី ខេត្តកំពង់​ស្ពឺ។ ជំនួប​សំណេះសំណាលធ្វើឡើង នៅទីតាំងដីមួយ​កន្លែង​ស្ថិត​នៅ​បណ្តោយ​ផ្លូវ​លេខ៤១ ក្នុងភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី នៅម្ដងទៀតនៅស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺនេះម្តងទៀត បន្ទាប់ពីបានជួបកាលពីឆ្នាំ២០១៨កន្លងទៅ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្តែងក្តីរីករាយចំពោះកម្មករ កម្មការនីរោងចក្រទាំងអស់ ក្នុងស្រុកសំរោងទង និងគងពិសី ខេត្តកំពង់ស្ពឺ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ស្ទើរគ្រប់ៗគ្នា និងគ្រប់ដូស តាមការកំណត់របស់ក្រុមគ្រូពេទ្យ។ សម្តេចតេជោបានមានប្រសាសន៍រំលឹកថា ពីមុនដី១ហិកតាអាចធ្វើស្រែចំការ និងចិញ្ចឹមប្រជាពលរដ្ឋបាន តែ១គ្រួសារ ដែលមានសមាជិកប្រមាណ៥នាក់ប៉ុណ្ណោះ ប៉ុន្តែ នៅពេលមានការវិនិយោគលើផ្ទៃដី១ហិកតា គឺអាចចិញ្ចឹមប្រជាពលរដ្ឋបានពី៣-៤ពាន់គ្រួសារ តាមរយៈការវិនិយោគលើរោងចក្រសហគ្រាស និងផ្នែកឧស្សាហកម្ម។

សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា នយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការសម្រេចចិត្តឱ្យមានទីតាំងរោងចក្រនៅខេត្តកំពង់ស្ពឺ ដែលពេលបច្ចុប្បន្ននេះ មានរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន ១៩១ មានកម្មករនិយោជិតជាង ១៤ម៉ឺន៥ពាន់នាក់ និងមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ។សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា បញ្ហាកូវីដ-១៩ មិនមែនជាកត្តារាំងស្ទះ ឬឧបសគ្គមិនអាចឱ្យមានជំនួបរបស់សម្តេចជាមួយបងប្អូនកម្មករ កម្មការិនីនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ជំនួបរវាងសម្តេច ជាមួយបងប្អូនកម្មករ កម្មការិនី គឺធ្វើឡើងដោយក្តីគោរពស្រឡាញ់ ការជឿទុកចិត្តការយកចិត្តទុកដាក់ និងជាការថ្លែងអំណរគុណដល់បងប្អូនកម្មករកម្មការិនីដែលកន្លងមក តែងតែគាំទ្រចំពោះការដឹកនាំរបស់សម្ដេច៕

 

អត្ថបទដែលជាប់ទាក់ទង