ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ចេញសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល

271

 

ភ្នំពេញ ៖ នាឱកាសដ៏មហានក្ខត្តឫក្ស និងជាមង្គលដ៏បវរមហាប្រសើរថ្លៃថ្លាបំផុត តាងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំអភិវន្ទសម្តែងថ្វាយនូវ អំណរសាទរឥតឧបមា ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខែ្មរ គម្រប់ព្រះជន្ម ៨៧ ព្រះវស្សា យាងចូល ៨៨ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ១កើត ខែបឋមាសាឍ ឆ្នាំថោះ៖ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នេះ។

ស្ថិតក្នុងព្រះបរមវរោកាសដ៏មហាជ័យមង្គលាភិរម្យថ្លៃថ្លានេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមអភិវន្ទលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្តែងនូវកត្តញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែល ព្រះអង្គជាព្រះនិមិត្តរូប នៃឧត្តមានុភាពរបស់ស្ត្រីខ្មែរគ្រប់រូប និងជានិច្ចកាលតែងតែបានយកព្រះទ័យទុកដាក់អស់ពីព្រះកាយពល និងព្រះបញ្ញាញាណ បំពេញព្រះរាជកិច្ចដ៏វិសេសវិសាលបំផុត ដើម្បីមាតុភូមិកម្ពុជា ទាំងក្នុងវិស័យពុទ្ធចក្រ និងវិស័យអាណាចក សម្រាប់ជាឧត្តមប្រយោជន៍ដល់វឌ្ឍនភាពសង្គម វិបុលភាព ភាពសុខដុមរមនា សុភមង្គល និងសេចក្តីសុខក្សេមក្សាន្តរបស់ ប្រជារាស្ត្រគ្រប់មជ្ឈដ្ឋាន។

ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយវាចាចិត្ត លើកហត្ថប្រណម្យ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវ ទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឫទ្ធិបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត និងបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ-ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមជួយបីបាច់ថែរក្សាអភិបាល ប្រោះព្រំ ព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយជូន សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមបានសម ប្រកបដោយព្រះពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវភក្ដីភាព ដ៏ស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុត ពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង