នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបន្លំយកប្រាក់ដុល្លារក្លែងក្លាយ ទៅទិញទូរស័ព្ទ
ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៣ នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបន្លំយកប្រាក់ដុល្លារក្លែងក្លាយ ទៅទិញទូរស័ព្ទ មួយគ្រឿង នៅចំណុចហាងលក់ទូរសព្ទ័ដែយីហោផា និត ស្ថិតនៅផ្ទះលេខ៥៨០ ផ្លូវជាតិ៥ ក្រុមទី១២ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។
លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បាន អោយដឹងថា ៖ ជនរងគ្រោះឈ្មោះ មាស សុផានិត អាយុ៣៩ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មុខរបរទិញលក់ទូរស័ព្ទ។
ចំណែកជនសង្ស័យ ឈ្មោះ លី ជាងយូ អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅផ្ទះជួល ផ្លូវជាតិ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ ចំពោះសំភារៈដកហូតបាន រួមមាន ៖ ក្រដាសប្រាក់ ៥០ដុល្លារ ក្លែងក្លាយ ចំនួន៤សន្លឹក។ ទូរស័ព្ទដៃម៉ាកVIVO Y22s ០១គ្រឿង។
សមត្ថកិច្ច បានបញ្ជាក់ថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង១០នាទី មានបុរសម្នាក់ បានយកប្រាក់ដុល្លារក្លែងក្លាយ ទៅរកទិញទូរស័ព្ទ (ដោយប្រើក្រដាសប្រាក់ក្លែងក្លាយបន្លំ) នៅចំណុចកើតហេតុខាងលើ ដោយជនសង្ស័យបានធ្វើជាទិញទូរសព្ទ័ប្រើក្រដាសកប្រាក់ក្លែងក្លាយ ដោយជនរងគ្រោះរវល់ពិនិត្យ និងរាប់ប្រាក់ជនសង្ស័យ ឆក់យកទូរសព្ទ័ពីលើទូរឡើងជិះម៉ូតូគេចខ្លួនតែម្តង ។ ក្រោយទទួលពាក្យបណ្តឹងកំលាំងជំនាញខណ្ឌ ប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ វេលាម៉ោង២០ និង០០នាទី ថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៣ ចំណុចផ្លូវជាតិ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងកម្លាំជំនាញខណ្ឌ និងប៉ុស្តិ៍ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕