សម្តេចតេជោ រំលឹកជាថ្មីទៀតថា បើកម្ពុជាមានសង្រ្គាម គ្មានបរទេសណា មកធ្វើការវិនិយោគជាមួយកម្ពុជានោះទេ
ភ្នំពេញ ៖ សម្តេចតេជោបានរំលឹកជាថ្មីទៀតថា បើកម្ពុជាមានសង្រ្គាម គ្មានបរទេសណាមកធ្វើការវិនិយោគជាមួយកម្ពុជានោះទេ ដូច្នេះហើយបងប្អូនជនរួមជាតិទាំងអស់ត្រូវថែរក្សានូវសុខសន្តិភាពនេះឲ្យខាងតែបាន។
សម្តេចតេជោនាយករដ្ឋមន្ត្រីបាន មានប្រសាសន៍ទៀតថា កត្តាសុខសន្តិភាព គឺជាការចាប់ផ្តើមដំបូង បំផុតនៃការអភិវឌ្ឍ និងសកម្មភាពផ្សេងៗទៀត នៃវឌ្ឍនភាព រួមទាំងកំណើនការងារសម្រាប់កម្មករ កម្មការិនីផងដែរ។បើគ្មានសុខសន្តិភាពទេ កុំនិយាយ ឬគិតអ្វីទាំងអស់ គិតត្រឹមតែធ្វើយ៉ាងម៉េចរត់ចូលត្រង់សេឱ្យបានតែប៉ុណ្ណោះឯង។
សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់ម្ចាស់រោចក្រ និងកម្មករនិយោជិត ត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ដូច្នេះទាំងកម្មករនិយោជិត និងម្ចាស់រោងចក្រ ត្រូវធ្វើបែបណា កុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះរវាងកម្មករនិយោជិត និងថៅកែរោងចក្រ និងកុំឱ្យក្លាយជាកន្លែងឆ្លងរីករាលដាលជំងឺអេដស៍។ ពាក់ព័ន្ធនឹងជំងឺអេដស៍នេះ ផងដែរ នៅថ្ងៃនេះ សម្តេចតេជោបានមានប្រសាសន៍ថា និន្មាការ នៃការចម្លងមេរោគអេដស៍មានការកើនឡើងនៅឆ្នាំ២០២៣នេះ ខណៈដែលក្រុមគោល ដែលមានការចម្លងច្រើនជាងគេ គឺក្រុមដែលមាននិន្នាការស្រលាញ់ភេទដូចគ្នា ក្នុងនោះគឺ ក្រុមបុរសស្រលាញ់បុរសដូចគ្នា។ដូច្នេះ សម្តេចេរតេជោបានអំពាវនាវកុំឱ្យភ្លើតភ្លើនភ្លេចខ្លួន និងត្រូវមានវិធានការការពារពីជំងឺអេដស៍នេះអោយបានគ្រប់ៗគ្នា។
នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះសំណាលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
រោងចក្រ សហគ្រាទាំង១៣ ដែលអនុញ្ញាតឱ្យកម្មករ និយោជិតចូលរួមក្នុងពិធីសំណេះសំណាលនេះ មកពីស្រុកមុខកំពូល ខេត្តកណ្តាលចំនួន៣ និងរាជធានីភ្នំពេញចំនួន១០ (ខណ្ឌឫស្សីកែវចំនួន៨, ខណ្ឌជ្រោយចង្វារចំនួន១ និងខណ្ឌពោធិ៍សែនជ័យចំនួន១)។
សម្តេចតេជោបានមានប្រសាសន៍ថា គោលនយោបាយគាំពារកម្មករ កម្មការិនី រួមទាំងកម្រិតប្រាក់បៀវត្សរ៍ គឺជាការគិតគូរយ៉ាងដិតដល់បំផុតរបស់រាជរដ្ឋាភិបាល កម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយក៏មិនមែនជារឿងចៃដន្យនោះដែរ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា នៅឆ្នាំ២០២១-២០២៣ ក្នុងពេលដែលយើងជួបនូវវិបត្តិកូវីដ-១៩ធ្ងន់ធ្ងរនោះ រាជរដ្ឋាភិបាលកម្ពុជាមិនបានដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធឡើយ ដោយសាររដ្ឋត្រូវយកចំណែកទាំងនោះ ទៅទប់ទល់នឹងហានិភ័យសង្គមបណ្តាលមកពីកូវីដ-១៩ តែរដ្ឋាភិបាលបានប្រឹងប្រែងមិនឱ្យឡើងថ្លៃនូវមុខទំនិញនានា និងសេវាចាំបាច់របស់ប្រជាពលរដ្ឋដូចជា បញ្ហាទឹក និងភ្លើងជាដើម។
សម្ដេចតេជោបានបន្តទៀតថា ការចុះជួបជាមួយបងប្អូនកម្មករនិយោជិតនេះ គឺដើម្បីស្វែងយល់ពីកិច្ចការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីគាំពារកម្មករនិយោជិតថាតើសម្រេចបានដល់កម្រិតណាខ្លះហើយ។សម្តេចតេជោបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កលក្ខណៈងាយស្រួលយ៉ាងខ្លាំងដល់ថៅកែរោងចក្រនានា តាមរយៈការប្រើប្រាស់រូបីយប័ណ្ណអន្តរជាតិ ដើម្បីបើកប្រាក់ខែជូនបងប្អូនកម្មករបាន ដែលនេះជាផ្នែកមូយដ៏សំខាន់ក្នុងការជួយសម្រួលការងារ និងនិរន្តរភាព នៃអត្រាប្តូរប្រាក់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ទៀតថា មានជនមួយក្រុម ដែលកំពុងមានទោសក្បត់ជាតិនៅកម្ពុជាផងនោះ បានដើរអំពាវនាវដល់អន្តរជាតិ កុំមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា, កុំទិញទំនិញពីកម្ពុជា និងត្រូវដាក់ទណ្ឌកម្មកម្ពុជាជាដើម ដែលនៅលើពិភពលោកនេះ គ្មានក្រុមប្រឆាំងណា ដូចក្រុមប្រឆាំងនៅកម្ពុជាឡើយ៕