ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ជួបពិភាក្សាការងារជាមួយ ឯកឧត្តម NIU Haifeng អគ្គនាយករង ទទួលការងារសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសន្តិសុខសាធារណៈចិន

137

 

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានអញ្ជើញជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម NIU Haifeng អគ្គនាយករង ទទួលការងារសហប្រតិបត្តិការអន្តរជាតិ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

គោលបំណង នៃការអញ្ជើញមកបំពេញទស្សនកិច្ចការងាររបស់គណៈប្រតិភូក្រសួងសន្តិសុខចិន នាពេលនេះ​ គឺអនុវត្តទៅតាមផែនការសហប្រតិបត្តិការរបស់ក្រសួងមហាផ្ទៃកម្ពុជា​ និងក្រសួងសន្តិសុខចិន​ និងដើម្បីធ្វើការពិភាក្សា​ផ្លាស់ប្តូរយោបល់​បំពេញបន្ថែមលើដំណើរការ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់​ ពិសេសកិច្ចសហការប្រយុទ្ធប្រឆាំងបទល្មើស តាមរយៈការិយាល័យសម្របសម្រួលអនុវត្តច្បាប់​ រួមទាំងការជម្រុញការសាងសង់អគារទីបញ្ជាការនគរបាលជាតិ។

ជាមួយគ្នានេះដែរ ភាគីទាំងពីរកម្ពុជា-ចិន បានឯកភាពគ្នាលើការងារមួយចំនួនដូចខាងក្រោម៖

១.បន្តពង្រឹងអនុវត្តកិច្ចសហការស្របតាមខ្លឹមសារដូចមានចែងក្នុងផែនការក្រសួងទាំងពីរ

២.កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហការអនុវត្តច្បាប់ដែលភាគីកម្ពុជា-ចិនសម្រេចបាន និងបានខិតខំរិះរកវិធីសាស្រ្តស្របតាមគោលការណ៍ច្បាប់ និងបទបញ្ញត្តិនៃប្រទេសនីមួយ ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមដែលកើតឡើងក្នុងអំឡុងពេលប្រតិបត្តិការ

៣.ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើស តាមរយៈយន្តការការិយាល័យសម្របសម្រួល ភាគីទាំងពីរឯកភាពប្រកាន់ខ្ជាប់នូវស្មារតីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរព័ត៌មានទាន់ពេល និងការគោរពអធិបតេយ្យភាពគ្នា ដូចមានកំណត់ក្នុងខ្លឹមសារនៃ MoU និងផែនការសហប្រតិបត្តិការក្រសួងទាំងពីរ។ ទោះយ៉ាងណា ដើម្បីបង្កើនប្រសិទ្ធភាពលើកិច្ចការនេះ ភាគីទាំងពីរពិនិត្យលទ្ធភាពបង្កើតជា SOP រួមគ្នាមួយ ដែលជាផែនទីបង្ហាញផ្លូវក្នុងការចាត់តាំងកិច្ចប្រតិបត្តិការ។

៤.គាំទ្រចំពោះគំនិតផ្តួចផ្តើមសម្រាប់បើកវគ្គបណ្តុះបណ្តាល ឬសិក្ខាសាលា ដើម្បីកសាងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ បម្រើឲ្យកិច្ចប្រតិបត្តិការរវាងភាគីទាំងពីរ។ ជាមួយគ្នានោះ ភាគីចិនបានបញ្ជាក់អំពីការខិតខំដោះស្រាយសំណូមពរកម្ពុជាពាក់ព័ន្ធ និងការគាំទ្រជាមធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេសបម្រើឲ្យកិច្ចប្រតិបត្តិការរក្សា​សន្តិសុខ និងសណ្តាប់ធ្នាប់ ទៅតាមដំណាក់កាល និងស្ថានភាពជាក់ស្តែង។

៥.គាំទ្រឲ្យក្រុមជំនាញបច្ចេកទេសរបស់ភាគីទាំងពីរ ជួបពិភាក្សាគ្នាឲ្យបានញឹកញាប់ពាក់ព័ន្ធនឹងគម្រោងសាងសង់ទីបញ្ជាការនគរបាលជាតិ ដើម្បីជម្រុញដំណើរការសាងសង់ឲ្យបានឆាប់រហ័ស៕

 

អត្ថបទដែលជាប់ទាក់ទង