ក្រសួងសុខាភិបាល ជូនព័ត៌មាន ស្តីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ NCT3 FOOD 21 ដែលកំពុងផ្សព្វផ្សាយ លក់ផលិតផលទឹកដោះគោម្សៅឈ្មោះ Ensure Max
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី 26 ខែមិថុនាឆ្នាំ 2023 នេះសេចក្តីជូនព័ត៌មានស្ដីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកចំនួន ១ កំពុងផ្សព្វផ្សាយលក់ ផលិតផលទឹកដោះគោម្សៅ EnsureMax ដោយគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោងតាម ការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុកមានគណនីឈ្មោះ៖ NCT3 FOOD 21 កំពុងផ្សព្វផ្សាយលក់ផលិតផលទឹកដោះ គោម្សៅឈ្មោះ EnsureMax ដោយគ្មានក្រុមហ៊ុនច្បាស់លាស់ ព្រមទាំងគ្មានច្បាប់អនុញ្ញាតឱ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាល ។
– អនុលោមតាមខ្លឹមសារច្បាប់វិសោធនកម្មស្តីពីការគ្រប់គ្រងឱសថ ។
– អនុលោមតាមខ្លឹមសារអនុក្រឹត្យលេខ១៣៣ អនក្រ បក ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ
– អនុលោមតាមប្រកាសរបស់ក្រសួងសុខាភិបាលលេខ៤៣០១អបស/ឱអបសស្តីពីលក្ខខណ្ឌក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលចំណីអាហារ ។
ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូម ជូនព័ត៌មានដល់សាធារណជនទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ ឬទិញផលិតផលទឹកដោះគោម្សៅដែលកំពុងផ្សព្វផ្សាយគ្មាន លក្ខណៈវិទ្យាសាស្ត្រតាមគណនីហ្វេសប៊ុកឈ្មោះខាងលើ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ ដែលបានផ្សព្វផ្សាយផលិតផលនេះ។
ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល ៕