ផ្លូវក្រាលបេតុងកៅស៊ូ AC និង ស្ពានបេតុងអាម៉េចំនួន ២ ខ្សែ តាមបណ្តោយមហាវិថី ឈុន គង់ ស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌដង្កោត្រូវបានបើកការដ្ឋានស្ថាបនា ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ
ភ្នំពេញ៖ ផ្លូវក្រាលបេតុងកៅស៊ូ (កៅស៊ូ AC) ប្រវែង ៤០០០ ម៉ែត្រ ទទឹងប្រវែង ៥០ ម៉ែត្រ និង ស្ពានបេតុងអាម៉េចំនួន ២ ខ្សែ តាមបណ្តោយមហាវិថី ឈុន គង់ ស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌដង្កោត្រូវបានបើកការដ្ឋានស្ថាបនា ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ ក្រោមទិសស្លោក «មានផ្លូវ មានស្ពាន មានសង្ឃឹម» ។
ពិធីបើកការដ្ឋានស្ថាបនា ផ្លូវក្រាលបេតុងកៅស៊ូ (កៅស៊ូ AC) និងស្ពានខាងលើនេះបានធ្វើឡើងនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែននិងមានការចូលរួមពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីរាជការជាច្រើនរូបទៀត។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសនោះបានចូលរួមត្រេកអរជាមួយលោកយាយលោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ ចំពោះការទទួលបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដែលកំពុងប្រារព្ធពិធីបើកការដ្ឋានសាងសង់ នាពេលនេះ រួមមាន៖ ផ្លូវក្រាលបេតុងកៅស៊ូ (កៅស៊ូ AC) បណ្តោយប្រវែង ៤.០០០ ម៉ែត្រ ទទឹងប្រវែង ៥០ ម៉ែត្រ និង ស្ពានបេតុងអាម៉េចំនួន ០២ ខ្សែ តាមបណ្តោយមហាវិថី ឈុន គង់ ស្ថិតនៅខណ្ឌដង្កោ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះសមិទ្ធផលទាំងអស់ ដែលសម្រេចបាន ជាពិសេសសមិទ្ធផលនៅក្នុងវិស័យផ្លូវគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលកើតជារូបរាងទ្បើងក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបតំបន់បឹងទំពន់-ជើងឯក ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដោយធានាបាននូវលក្ខណៈគ្រប់ជ្រុងជ្រោយទៅតាមរបៀប និងក្បួនខ្នាតនៃការរៀបចំទីក្រុងមានស្តង់ដារទំនើប និងការរួមបញ្ចូលនូវចលនានៃទីក្រុងបៃតង និងលក្ខណៈនៃទីក្រុងវៃឆ្លាត (Smart City) ស្របតាមនិន្នាការនៃការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរផ្នែកសកម្មភាពសង្គម-សេដ្ឋកិច្ច និងការកើនឡើងនៃចំនួនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា ៖ មុនថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ រាជធានីភ្នំពេញ មានសភាពស្ងាត់ជ្រងំ ដែលអ្នកខ្លះបានហៅថាជាទីក្រុងខ្មោច ព្រោះតែទីក្រុងមួយនេះមិនមានមនុស្សរស់នៅទៀតឡើយ ។ បន្ទាប់ពីរបប ប៉ុល ពត ត្រូវបានវាយផ្តួលរំលំ ដោយកងកម្លាំងអ្នកស្នេហាជាតិក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គេក៏បានឃើញប្រជាពលរដ្ឋមួយចំនួនចាប់ផ្តើមនាំគ្នាវិលចូលមករស់នៅក្នុងរាជធានីភ្នំពេញវិញ ។ ជាង ៤៤ឆ្នាំ ក្រោយការដួលរលំនៃរបបវាលពិឃាតនេះ រាជធានីភ្នំពេញកំពុងតែប្រមូលផ្តុំដោយប្រជាពលរដ្ឋយ៉ាងកកកុញកុះកររហូតដល់ទៅជាង ២ លាននាក់ ។ ទន្ទឹមនេះ គេក៏សង្កេតឃើញមានការពង្រីកផ្ទៃដីកាន់តែធំ ជាមួយការកើនឡើងនូវអគារតូចធំ ខ្ពស់ទាបយ៉ាងច្រើនស្អេកស្កះ ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្តទៀតថា ការលេចចេញជារូបរាងនៃសមិទ្ធផលនីមួយៗ គឺទាមទារឱ្យមានចក្ខុវិស័យ និងការរួមសហការពីគ្រប់ផ្នែក-គ្រប់ជំនាញពាក់ព័ន្ធ ដូចជា៖ ផែ្នករចនាម៉ូតស្ថាបត្យកម្ម, ផ្នែកវិស្វកម្មសំណង់ និងផ្នែកគ្រប់គ្រងត្រួតពិនិត្យសុវត្ថិភាពគុណភាព ។ល។ ក្នុងន័យនេះ យើងអាចធ្វើការប្រៀបប្រដូចបានថា ការរចនា និងស្ថាបនាសន្តិភាព ឱ្យលេចចេញជារូបរាងទ្បើង ដូចដែលយើងកំពុងមានសព្វថ្ងៃ ក៏មិនមែនងាយស្រួលនោះដែរ គឺកើតចេញពីគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ស្ថាបនិកសន្តិភាព គឺ សម្តេចតេជោ រួមជាមួយនឹងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រមទាំងកម្លាំងសាមគ្គីភាពរបស់ជនរួមជាតិខ្មែរទាំងអស់ ។ កត្តាសុខសន្តិភាព បានបង្កលក្ខណៈឱ្យរាជរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដាក់ចេញនូវគោលនយោបាយអាទិភាពទាំង ៤ គឺ មនុស្ស ផ្លូវ ទឹក និងភ្លើង ។ ក្រោមទិសស្លោក «មានផ្លូវ មានស្ពាន មានសង្ឃឹម» រាជរដ្ឋាភិបាល តែងបានចាត់ទុកផ្លូវ និងស្ពាន គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់បំផុត ហើយក៏ជាកាតាលីករនៃជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ។ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ គឺមានចក្ខុវិស័យវែងឆ្ងាយក្នុងការតភ្ជាប់រាជធានី-ខេត្តឱ្យរួមគ្នាតែមួយ ហើយធ្វើដំណើរវិលជុំដោយមិនបាច់បកក្រោយ ជាពិសេស ក៏ជាយន្តការនៃការភ្ជាប់សកម្មភាពពាណិជ្ជកម្ម, ទេសចរណ៍ និងការដឹកជញ្ជូនកសិផលប្រកបដោយប្រសិទ្ធភាព និងចំណាយតិច បម្រើឱ្យការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាផង, ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងការរួមចំណែកដល់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ប្រជាជនគ្រប់រូបផង សំដៅធ្វើយ៉ាងណាឈានទៅសម្រេចចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ដែលសព្វថ្ងៃជាប្រទេសមានចំណូលមធ្យមកម្រិតទាប ឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ៕