ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ២នាក់ ឆក់កាបូបស្ពាយពីនារីរងគ្រោះជាជនបរទេសម្នាក់ ត្រូវបញ្ជូនទៅតុលាការ

78

 

ភ្នំពេញ ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១ខែកក្កដានេះ បានឲ្យដឹងថា ករណីឆក់កាបូបស្ពាយពីនារីរងគ្រោះ (ជាជនបរទេស) ម្នាក់ នៅចំណុចផ្លូវលេខ១០៥ កែងផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងទី២ ខណ្ឌបឹងកេងកង ត្រូវបានកម្លាំងជំនាញនៃ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្រ្កាបបានហើយ ហើយជនសង្ស័យ២នាក់ ត្រូវបញ្ជូនទៅតុលាការនៅថ្ងៃសៅរ៍នេះ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោក វរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នឹងកម្លាំងអធិការនគរបាលខណ្ឌបឹងកេងកង បានធ្វើការស្រាវជ្រាវនឹងបើកការស៊ើបអង្កេតកំណត់មុខសញ្ញា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៥៖២៦នាទី ត្រង់ចំណុចផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បានធ្វើឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១.ឈ្មោះ រឿន សារ៉ាយ ហៅ រ៉ៃ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ២.ឈ្មោះ អេង ដេវិត ហៅ រម្យ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ
ដែលបានធ្លាប់ធ្វើសកម្មភាព៖
-នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១២៖១៥នាទី បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់(ជាជនបរទេស)កំពុងដើរតែមិនបានសម្រេចនៅចំណុចផ្លូវលេខ១០៥កែងផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
-នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៤:១៥នាទី បានធ្វើសកម្មភាពយកទូរស័ព្ទដៃពីនារីរងគ្រោះកំពុងជិះកង់បីឥណ្ឌាបានសម្រេចនៅចំណុចផ្លូវលេខ៩៥កែងនឹងផ្លូវលេខ៣៣០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សម្ភារៈដកហូតរួមមាន៖ ១. ម៉ូតូម៉ាក ស៊ុយស៊ូគីនិច ពណ៌ស ផលិតឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ1JW-0681 ។

បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងខាងលើ ការិយាល័យកំពុង កសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង