ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សម្តែងនូវការសោកស្តាយចំពោះអគ្គីភ័យ និងបានផ្តល់កម្លាំងចិត្តដល់អ្នកគ្រប់គ្រងរោងចក្រត្រូវរឹងប៉ឹង ដើម្បីបន្តជួសជុលអគារដែលខូចខាត និងដាក់ឲ្យដំណើរការប្រក្រតីឡើងវិញ

77

 

ស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានថ្លែងនូវការសោកស្តាយជាពន់ពេកចំពោះអគ្គីភ័យ ដែលបង្ករការរំខាន់ និងរាំងស្ទះដល់ដំណើរការនៃសង្វាក់ផលិតកម្មនៅក្នុងរោងចក្រ សម្តេចក៏បានផ្តល់កម្លាំងចិត្តដល់អ្នកគ្រប់គ្រង ត្រូវរឹងប៉ឹង និងបន្តជួសជុលអគារដោយខូចខាតនេះឡើងវិញ ដើម្បីបន្តដំណើរការផលិតជាប្រក្រតីឡើងវិញ ។

សម្តេចកិត្តិសង្គហបណ្ឌិត ថ្លែងបែបនេះ ខណៈដែលសម្តេចបានដឹកនាំប្រតិភូ ចុះពិនិត្យទីតាំងរោងចក្រ ដែលទទួលរងគ្រោះដោយសារអគ្គីភ័យកាលរសៀលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយផាក ដែលមានទីតាំងនៅភូមិថ្នល់ជាតិ សង្កាត់ ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង នារសៀលថ្ងៃសៅរ៍ ១៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ។

ជាការឆ្លើយតប អ្នកគ្រប់គ្រងរោងចក្របានបញ្ជាក់ថា ចំពោះកម្មករដែលបំរើការនៅក្នុងនោះជាង ៤០០នាក់ មិនមានការរាំងស្ទះដល់ប្រាក់បៀវត្សរបស់ពួកគេទេ ប៉ុន្តែតម្រូវឲ្យពួកគាត់ត្រូវផ្លាស់ទៅបម្រើការងារនៅអគារផ្សេងទៀតដែលស្ថិតនៅក្នុងរោងចក្រនោះដដែល ។ បន្ទាប់មកអ្នកគ្រប់គ្រង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងបាវិត ដែលបានចំណាយពេលវេលាក្នុងការចុះមកសាកសួរសុខទុក្ខដល់រោងចក្រដោយផ្ទាល់ ដែលបានបង្ហាញអំពីកាយវិការយ៉ាងល្អប្រពៃ ក្នុងការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ដល់វិនិយោគិន ដែលបានសម្រេចិត្តវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

គួររំលឹកផងដែរថា ចំពោះករណីអគ្គីភ័យនេះមិនបណ្តាលឲ្យមានមនុស្សរងគ្រោះនោះទេ និងមានប្រតិបត្តិការនៃកិច្ចអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គីភ័យខាងលើ គឺកិច្ចសហការល្អពីកងកម្លាំងនគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ និងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យរបស់មន្ទីរនគរបាលស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាមផងដែរ ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់កងកម្លាំងនគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធដែលបានរួមគ្នាយ៉ាងសស្រាក់សស្រាំ និងគ្រប់គ្រងស្ថានការណ៍បាន រហូតដល់ពន្លត់បានជាស្ថាពរ ៕

អត្ថបទដែលជាប់ទាក់ទង