ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្រាប់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣នេះ សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណជិត២០ម៉ឺននាក់ នៅរាជធានីភ្នំពេញបានធ្វើសកម្មភាពឃោសនាបោះឆ្នោត

75

ភ្នំពេញ៖ សម្រាប់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣នេះ
សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណជិត២០ម៉ឺននាក់ នៅរាជធានីភ្នំពេញបានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងថ្ងៃដំបូងនៃការ បើកយុទ្ធនាការ ឃោសនាបោះឆ្នោត និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧២ ថ្ងៃកំណើតរបស់គណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិពរណ៌ និងសន្និបាតកោះពេជ្រ ក្រោមអធិបតីភាព សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ផ្ដើមដំបូងពីការជួបជុំនៅកោះពេជ្រ មានសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណជាង៧ម៉ឺននាក់ រួចមកបានដង្ហែចេញទៅតាមបណ្ដាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដោយមានសមាជិក សមាជិកាសរុបទាំងអស់ប្រមាណជិត២០ម៉ឺននាក់ ក្នុងនោះ ក្បួនដែលមានអ្នកចូលរួមច្រើនជាងគេ ដឹកនាំដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ។

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ហើយបើគិតទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣នេះ មាន
សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណជិត២០ម៉ឺននាក់ បានធ្វើសកម្មភាពឃោសនារកសម្លេងឆ្នោត ។

សម្ដេចតេជោ ហ៊ុន សែន ខណៈបើកយុទ្ធនាការ ឃោសនាបោះឆ្នោត និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧២ ថ្ងៃកំណើតរបស់គណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិពរណ៌ និងសន្និបាតកោះពេជ្រ បានថ្លែងថា ក្នុងនាមគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សម្ដេច សម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ជូនបងប្អូនជនរួមជាតិនូវគ្រប់ទិសទី ដែលតែងតែផ្ដល់យុត្តិធម៌ ជំនឿ និងការគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើអោយគណបក្សមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច បម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យ ក្នុងរយៈពេលជាង ៤៤ឆ្នាំកន្លងទៅនេះ ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕

អត្ថបទដែលជាប់ទាក់ទង