ឆេះរថយន្តស៊េរីទំនើបម៉ាកRANG ROVER មួយគ្រឿង ពេលជាងជួសជុលរថយន្ត បើកធ្វើតេស្តសាកល្បង
ភ្នំពេញ ៖ ជាងជួសជុលរថយន្តម្នាក់ បានបើកសាកល្បង ដើម្បីធ្វើតេស្តចង់ដឹងថា រថយន្តខូចត្រង់ណា ស្រាប់តែរថយន្តស៊េរីទំនើបម៉ាកRANG ROVERមួយគ្រឿង ឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោរសន្ធៅ កាលពីវេលាម៉ោង ១១និង៤០នាទីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវជាតិលេខ៦អា កែងនឹងវិថីអូស៊ីអាយស៊ី សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុមានបុរសម្នាក់ បានយករថយន្តម៉ាកRANG ROVER ពណ៌ខ្មៅមួយគ្រឿង មកជួសជុលនៅការដ្ឋានមួយកន្លែង ស្ថិតនៅម្តុំខណ្ឌជ្រោយចង្វារ បន្ទាប់មកជាងរថយន្តម្នាក់ បានបើករថយន្តសាក ដើម្បីធ្វើតេស្តឲ្យដឹងថា រថយន្តខាងលើនេះ ខូចប្រព័ន្ធណាមួយ ខណៈកំពុងតែបើករថយន្តសាកតាមផ្លូវ ស្រាប់តែរថយន្តបានឆ្លងចរន្តប្រព័ន្ធភ្លើង បណ្ដាលឱ្យឆាប់ឆេះយ៉ាងសន្ធោរសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ភ្លាមៗនោះផងដែរ ក៏មានរថយន្តពន្លត់អគ្គីភ័យ របស់ក្រុមហ៊ុនទីក្រុងជ្រោយចង្វារ ចំនួន២គ្រឿង បានចេញទៅជួយបាញ់ទឹកពន្លត់ ដើម្បីកុំឲ្យឆ្លងរាលដាលបន្តទៅមជ្ឈមណ្ឌលថែទាំ និងលាងរថយន្តមួយកន្លែង ដែលនៅក្បែរកន្លែងកើតហេតុ។
ដោយហេតុការឆាបឆេះរថយន្តខាងលើនេះ ពុំមានបណ្តាលឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែរងការខូចខាតរថយន្តស៊េរីទំនើបមួយគ្រឿងតែប៉ុណ្ណោះ៕