ពីថ្ងៃទី១៦មិថុនា ដល់ថ្ងៃទី១កក្កដាឆ្នាំ២០២៣ សរុបកម្មករក្នុងក្រុមហ៊ុន ថាកូ (ចំការចេក) បានបាត់បង់ជីវិតមានចំនួន០៩នាក់ហើយ
ខេត្តរតនគិរី ៖ បើតាមមន្ទីរព័ត៌មានខេត្តរតនគិរី ដែលរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន មេត្តាជ្រាបថា៖ រដ្ឋបាលខេត្តរតនគិរីបើកកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីបញ្ហាស្ថានភាពសុខុមាលភាព របស់កម្មករ នៅក្រុមហ៊ុនថាកូស្រុកកូនមុំ ខណៈចំនួនកម្មករស្លាប់កើនឡើងដល់៩នាក់។
កិច្ចប្រជុំបន្ទាន់នេះធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពីសំណាក់មន្ទីរជំនាញ ពាក់ព័ន្ធជាច្រើនរូប។
ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តម ញ៉ែម សំអឿន បានលើកឡើងថា គិតចាប់ពីថ្ងៃទី១៦មិថុនា ដល់ថ្ងៃទី១កក្កដាឆ្នាំ២០២៣ សរុបកម្មករក្នុងក្រុមហ៊ុន ថាកូ (ចំការចេក) ដែលបានបាត់បង់ជីវិតមានចំនួន០៩នាក់ហើយ។ ដូច្នេះឯកឧត្តម ស្នើឲ្យមន្ទីរជំនាញពាក់ព័ន្ធរាយការណ៍ ពីករណីនេះថា តើមកពីមូលហេតុអ្វីអោយពិតប្រាក។
ក្នុងឱកាសនេះលោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តបានលើកឡើងថា បន្ទាប់ពីទទួលបានព័ត៌មានករណីកម្មករ នៅក្រុមហ៊ុនខាងលើស្លាប់ជាបន្តបន្ទាប់ភ្លាម មន្ទីរបានបានចាត់ក្រុមការងារជំនាញ ចុះស្រាវជ្រាវករណីនេះភ្លាមផងដែរដោយលទ្ធផលបានបង្ហាញថា មុនពេលស្លាប់អ្នកជំងឺដែលមកទទួលសេវានៅមណ្ឌលសុខភាពស្រែអង្គ្រង ស្ថិតក្នុងស្រុកកូនមុំ គឺមានសភាពធ្ងន់ធ្ងរដូចជាសន្លប់ ប្រកាច់ សញ្ញាជីវិតខ្សោយ ជួនកាល ស្ទើរគ្មានសញ្ញាជីវិត ។ ហើយតាមការសាកសួរប្រវត្តិអ្នកជំងឺមានរោគសញ្ញាចុកពោះ ក្អួត ហត់ អស់កំលាំង ស្រវាំងភ្នែក ភាគច្រើនពួកគាត់បានទទួលទានស្រាជាប្រចាំ ហើយគឺគ្មានប្រវត្តិជំងឺប្រចាំកាយទេ។ ជាទូទៅមុនពេលចេញរោគសញ្ញាអ្នកជំងឺមានសុខភាពធម្មតា ក្រោយចេញរោគសញ្ញាចន្លោះពី៤ទៅ៦ម៉ោង បណ្តាលអោយអ្នកជំងឺស្លាប់ ។ លោកវេជ្ជបណ្ឌិតបន្តថា តាមការសន្និដ្ឋានបឋម អាចបណ្តាលមកពីការពុលសារធាតុគីមី (ថ្នាំបាញ់ស្មៅនិងថ្នាំបាញ់សម្លាប់សត្វល្អិត) រួមផ្សំនឹការរស់នៅមិនមានអនាម័យស្អាតផងដែរ។
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត ជម្រុញអោយមន្ទីរជំនាញពាក់ព័ន្ធ ត្រូវបន្តស្រាវជ្រាវករណីនេះបន្តទៀត ពិសេសមន្ទីរត្រូវយកសំណាកវិភាគ ទៅធ្វើការវិភាគនៅរាជធានីភ្នំពេញ ដើម្បីបានលទ្ធផលមួយជាក់លាក់ពីករណីនេះ។
សូមរំលឹកផងដែរថា កម្មករដាំចេកឲ្យក្រុមហ៊ុន ថាកូ ចម្ការចេក ស្ថិតនៅ ភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី ចំនួន៦នាក់បានស្លាប់ ដែលគេបានដាក់ការសង្ស័យថាជាករណីពុល។ នេះបើតាមប្រភពព័ត៌មានបឋមដែលទើបទទួលបាននៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។
បើតាមពីមន្រ្តីមណ្ឌលសុខភាពប្រាប់ឲ្យអ្នកកាសែតដឹងថា បុរសអ្នកជំងឺទាំង៦ នាក់ដែលបានមកទទួលសេវាមានសភាពធ្ងន់ធ្ងរដូចជា សន្លប់ ប្រកាច់ សញ្ញាជីវិតខ្សោយជួនកាលស្ទើគ្មានសញ្ញាជីវិត។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា តាមការសាកសួរប្រវត្តិអ្នកជំងឺមានរោគសញ្ញាចុកពោះ ក្អួត ហត់ អស់កម្លាំង ស្រវាំងភ្នែក ភាគច្រើនពួកគាត់បានទទួលទានស្រាជាប្រចាំ ហើយគឺគ្មានប្រវត្តិជំងឺប្រចាំកាយទេ។ ជាទូទៅមុនពេលចេញរោគសញ្ញាអ្នកជំងឺមានសុខភាពធម្មតា ក្រោយចេញរោគសញ្ញាចន្លោះពី៤ទៅ៦ម៉ោង បណ្តាលឱ្យអ្នកជំងឺស្លាប់។
បើតាមប្រភពថា អាចបណ្តាលមកពីការពុលចំណីអាហារ ឬពុលសារធាតុគីមី។ បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញខេត្ត កំពុងចុះបើកការស៊ើបអង្កេតរកមូលហេតុជាក់លាក់ណាមួយឲ្យប្រាកដ ដែលបណ្ដាលឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់ ធ្វើឲ្យមានការភ្ញាក់ផ្អើល និងមានការភ័យខ្លាច ពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ក្រុមហ៊ុននោះ៕