ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាននិងសេវាកម្មផ្សេងៗទៀត នឹងកកើតឡើង នៅក្រោមដី នាសួនច្បារសាធារណៈមួយជិតផ្សារចាស់ ក្នុងសង្កាត់វត្តភ្នំ
ភ្នំពេញ៖ ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាននិងសេវាកម្មផ្សេងៗទៀត នឹងកកើតឡើង នៅក្រោមដី នាសួនច្បារសាធារណៈមួយជិតផ្សារចាស់ ក្នុងសង្កាត់វត្តភ្នំ ។ នេះជាសមិទ្ធផលថ្មីមួយទៀតមិនធ្លាប់មានកន្លងមក នៅក្នុងខណ្ឌដូនពេញ ក្រោមម្លប់សន្តិភាព ដែលសម្តេចតេជោហ៊ុន សែន រកបានមកដោយលំបាក។
ចំណតរថយន្ត ផ្សារទំនើប និងភោជនីយដ្ឋានខាងលើនេះ បានធ្វើពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ នាព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅក្រោមដីឡូត៍ ផ្លូវលេខ ១០៦-១០៨ និងលេខ ១៣-១៩ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ចំណតរថយន្ត ផ្សារទំនើបភោជនីយដ្ឋាននិងសេវាកម្មផ្សេងៗទៀតនេះ ត្រូវបានស្ថាបនាឡើង ដោយក្រុមហ៊ុន អ៊ីឌីស៊ីផូ (ខេមបូឌា) ដែលជា ក្រុមហ៊ុនក្នុងស្រុក ។ គម្រោងនេះ ក្រុមហ៊ុនបានបណ្ដាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើន ដែលមានទាំងចំណតសាធារណៈ ផ្សារទំនើប និងសេវាកម្មផ្សេងៗ ស្ថិតនៅខាងក្រោមដី ដែលជាគម្រោងថ្មីមួយមិនធ្លាប់មានឡើយ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ។ គម្រោងនេះពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញ នូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ចុងអាណត្តិដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា យ៉ាងពិតប្រាកដ។
ឯកឧត្តមឃួង ស្រេង បានបន្តទៀតថា៖ ខណ្ឌដូនពេញ នាពេលបច្ចុប្បន្ន បានក្លាយជាចំណុចប្រសព្វដ៏សំខាន់ និងជាតំបន់លំនៅឋាន-ពាណិជ្ជកម្ម ដ៏ធំមួយ ចំកណ្តាលបេះដូងរាជធានីភ្នំពេញ ដែលមានលំហូរចរាចរណ៍យានយន្តធ្វើដំណើរលើដងផ្លូវយ៉ាងមមាញឹកស្ទើរ តែគ្រប់ពេលវេលា និងមានចរន្តនៃការដោះដូរទំនិញ-សេវាកម្មទាំងទីផ្សារក្នុងប្រទេស និងទីផ្សារអន្តរជាតិយ៉ាងសកម្ម បំផុត រួមមាន វិស័យធនាគារ-ហិរញ្ញវត្ថុ, ពាណិជ្ជកម្ម-សេវាកម្មទំនើប, ការស្តុកទុក-ចែកចាយផលិតផលសម្រេចក្នុងស្រុក និងបរទេស ព្រមទាំងការជួញដូរក្នុងទីផ្សារចម្រុះ ជាដើម ដែលសកម្មភាពទាំងនេះ បានធ្វើឱ្យទីក្រុងរបស់យើង កាន់តែមានភាពរស់រវើក ទាក់ទាញ និងមមាញឹកបំផុត ។ ដូច្នេះ ការដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ ចំណតសាធារណៈ និងការវិនិយោគបែបប្រណីត គឺជាជម្រើសដ៏គាប់ប្រសើរ សម្រាប់រាជធានីភ្នំពេញ ក្នុងសតវត្សរ៍ថ្មីនេះ។
ឯកឧត្តមឃួង ស្រេង បានបន្តទៀតថា គម្រោងសាងសង់ចំណតរថយន្ត និងផ្សារទំនើបនៅខាងក្រោមដីរបស់ ក្រុមហ៊ុន អ៊ីឌីស៊ីជូតា (ខេមបូឌា)នាពេលនេះ គឺជាការរួមចំណែកដ៏ល្អរបស់វិស័យឯកជន ក្នុងភាពជាដៃគូជាមួយនិងអាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយនូវបញ្ហាចំណតសាធារណៈក្នុងទីក្រុង បង្កើតជម្រើសធុរកិច្ចជូនបងប្អូនអាជីវករ កាន់តែសម្បូរបែប និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញឱ្យកាន់តែស្រស់បំព្រង និងស៊ីវិល័យបន្ថែមទៀត ព្រោះថាមុននេះយើងធ្លាប់តែលឺអំពីចំណតរថយន្ត និងផ្សារទំនើបក្រោមដី នៅតាមបណ្តាទីក្រុងនៃប្រទេសអភិវឌ្ឍន៍ ប៉ុន្តែឥឡូវទីក្រុង របស់យើងក៏នឹងមានសមិទ្ធផលថ្មីនេះ ក្រោមម្លប់នៃ “សន្តិភាព” របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី យ៉ាងពិតប្រាកដ។
លោកស្រី ឧកញ៉ា ចាន់ សុទ្ធា អគ្គនាយិកា ក្រុមហ៊ុន អ៊ីឌីស៊ីជូតា (ខេមបូឌា) បានមានប្រសាសន៍លើកឡើងដែរថា៖ ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាននិងសេវាកម្មផ្សេងៗទៀតនេះ ត្រូវបានអនុញ្ញាតដោយរាជរដ្ឋាភិបាល ដោយសាងសង់ចំនួន៤ជាន់ ២ជាន់ជាចំណតរថយន្ត ២ជាន់ទៀតជាផ្សារទំនើប លើផ្ទៃដីទំហំ៣៣១២០ម៉ែត្រការ៉េ ដែលអាចចតរថយន្តបានចំនួន៥១៦គ្រឿង ។ គោលបំណងដែលក្រុមហ៊ុន អ៊ីឌីស៊ីជូតា (ខេមបូឌា) បង្កើតឡើងនូវគម្រោងខាងលើនេះ គឺដើម្បីចូលរួមកាត់បន្តយ ការកកស្ទះចរាចរ និងបង្កើតមុខរបរអោយអាជីវករតូចតាច អាចប្រកបមុខរបរលក់ដូរនៅក្នុងអគារក្រោមដីនេះបាន៕