ក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថា វិសោធនកម្មច្បាប់បោះឆ្នោត ស្របនឹងរដ្ឋធម្មនុញ្ញ
ភ្នំពេញ ៖ អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញមានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង០៩:០០នាទី នៅអគារស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញបានបើក កិច្ចប្រជុំពេញអង្គក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។
ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទច្បាប់ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោត ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នា សម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ហើយព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព ទាំងស្រុងលើទម្រង់និងគតិច្បាប់ដោយឥតកែប្រែនិងចាត់ទុកជាការប្រញាប់ ក្នុងសម័យប្រជុំ លើកទី១០ នៃព្រឹទ្ធសភានីតិកាលទី៤ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ត្រូវបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ៕