ព្រះមហាក្សត្រកម្ពុជា អំពាវនាវដល់ពលដ្ឋចូលរួមការពារព្រៃឈើ សត្វព្រៃ និងដាំដើមឈើ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយ
កំពង់ឆ្នាំង៖ អបអរសាទរព្រះរាជពិធីរុក្ខទិវា ៩ កក្កដា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣។
ព្រះករុណាព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវបានប្រជាពលរដ្ឋនាំគ្នាចូលរួមការពារព្រៃឈើ សត្វព្រៃ និងនាំគ្នាដាំដើមឈើជាអត្តសញ្ញាណជាតិ ដើម្បីទុកសម្រាប់កូនចៅជំនាន់ក្រោយ ដែលជាមរតកដ៏មានតម្លៃរបស់ជាតិ។
ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ទ្រង់មានព្រះរាជបន្ទូលអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមការពារព្រៃ សត្វព្រៃ ដើម្បីរក្សាទុកកូនចៅជំនាន់ក្រោយព្រោះ ជាទ្រព្យសម្បត្តិជាមរតកមានតម្លៃរបស់ជាតិ។
ព្រះអង្គមានព្រះបន្ទូលបន្តថា ប្រជាពលរដ្ឋកម្ពុជាបានយល់ច្បាស់ណាស់ពីសារៈប្រយោជន៍ព្រៃឈើគឺជាទ្រព្យសម្បត្តិរបស់ជាតិដែលមានតម្លៃដ៏មហាសាលសម្រាប់ជីវិតមនុស្ស និងសត្វនៅលើភពផែនដី។ ការបាត់បង់ព្រៃឈើគ្រប់ប្រភេទអាចបណ្តាលឲ្យមានទឹកជំនន់ ខ្យល់ កន្ត្រាក់ រន្ទះ និងគ្រោះរាំងស្ងួត ដែលធ្វើឲ្យជាទីតម្កល់ទឹកសម្រាប់តម្រូវការបស់មនុស្ស និងសត្វត្រូវរីងស្ងួត និងឈានទៅរកការបាត់បង់ព្រៃ សត្វព្រៃ គ្រប់ប្រភេទ និងជាឈានដល់បង្កឲ្យមានភាពរហោស្ថាន និងការធ្លាក់ចុះគុណភាពដីផងដែរ។
ព្រះអង្គមានព្រះបន្ទូលបន្ថែមថាម្យ៉ាងទៀតព្រៃឈើមិនត្រឹមតែមានគុណតម្លៃសម្រាប់ខាងសេដ្ឋកិច្ច និងសង្គមប៉ុណ្ណោះថែមទាំងជួយរក្សាលំនឹងបរិយាកាស និងធាតុអាការបរិសុទ្ធ រក្សាប្រភពទឹកព្រមទាំងការពារទីជំរាល និងការពារជីវៈចម្រុះទៀតផង។
ព្រះករុណាជីវិតតម្កល់លើត្បូងបានមានព្រះបន្ទូលបញ្ជាក់ថា៖«ស្ថិតក្នុងបរិបទនេះ ខ្ញុំព្រះករុណសូមអំពាវនាវចំពោះព្រះសង្ឃ ដល់អាជ្ញាធរ ដែនដី ព្រះសង្ឃ និងបងប្អូនជនរួមជាតិទូទាំងប្រទេស សូមមេត្តាចូលរួមដាំដើមឈើគ្រប់ប្រភេទឲ្យបានច្រើនដែលជាអត្តសញ្ញាណជាតិយើងដូចជាដើមត្នោត ដើមគគី ដើមឈើទាល ។ល។នៅទីវត្តអារាម ទីសារធាណៈ រមណីយដ្ឋាន ផ្លូវលំ តាមប្រឡាយ និងភូមិដ្ឋាននានា ដើម្បីបំពេញតម្រូវការក្នុងលំនៅដ្ឋាន»។
ព្រះករុណាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមការពារព្រៃឈើ សត្វព្រៃ គ្រប់ប្រភេទដើម្បីធានា ធនធានព្រៃឈើ សម្រាប់កូនចៅជំនាន់ក្រោយៗទៀត និងជាពិសេសធ្វើកសិកម្មចម្រុះនៅតាមសហគមន៍នីមួយៗឲ្យអស់លទ្ធភាព ទៅតាមសក្តានុពលប្រកបដោយភាពវ័យឆ្លាត ដោយមិនចាំតែពឹង តែអនុផលព្រៃ ឈើនោះឡើយ។
បុណ្យ «រុក្ខទិវា» ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស ។
សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ចូលរួមស្រឡាញ់ ថែរក្សាការពារព្រៃឈើ នឹងចូលរួមដាំដុះ កូនឈើថែរក្សាការពារបរិស្ថានធម្មជាតិឲ្យបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់ខ្លូនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទផង ព្រមទាំងប្រព័ន្ធជីវៈចម្រុះជាច្រើនផងដែរ ដែលជាសម្បត្តិរបស់មនុស្សជាតិនៅគ្រប់ជំនាន់ ៕