សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន កុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាម
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវប្រធានាធិបតីអាមេរិកដែលជាអ្នកផ្តល់និងប្រធានាធិបតីអ៊ុយក្រែនដែល
ជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមនេះព្រោះអ្នករងគ្រោះពិតប្រាកដ គឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង។
សម្តេចតេជោ ហ៊ុន សែន បានសរសេរសារលើបណ្តាញដង្គមតេឡេក្រាម នៅថ្ងៃអាទិត្យទី៩ខែកក្កដសនេះថា ” ប៉ុន្មានថ្ងៃមកនេះ មានការផ្សាយព័ត៌មានយ៉ាងច្រើនថាសហរដ្ឋអាមេរិកនឹងផ្តល់ គ្រាប់បែកចង្កោមឲ្យទៅអ៊ុយក្រែនដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី។
ប្រសិនរឿងនេះវាជាការពិតមែន វានឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុត សម្រាប់ប្រជាជនអ៊ុយក្រែន រាប់សឹបឆ្នាំ ឬដល់រយឆ្នាំទៀតផង ប្រសិនគ្រាប់បែកចង្កោមនេះ យកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្ស៊ី កាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។ បទពិសោធន៍ឈឺចាប់ របស់កម្ពុជាដែល
ទទួលការទម្លាក់គ្រាប់បែកចង្កោមពី អាមេរិកនាដើមទស្សវត្សរ៍១៩៧០ មកដល់ពេលនេះ ជាងកន្លះសតវត្សរ៍ហើយ នៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ។
សម្តេចតេជោ បានបញ្ជាក់ថា ខ្ញុំដឹងច្បាស់ថាប្រទេសកម្ពុជាតូច ហើយទន់ខ្សោយ សម្លេងគ្មានទម្ងន់តែដោយក្តី អាណិតប្រជាជនអ៊ុយក្រែន ខ្ញុំសូមអំពាវនាវប្រធានាធិបតីអាមេរិក ដែលជាអ្នកផ្តល់និងប្រធានាធិបតីអ៊ុយក្រែន ដែលជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់
បែកចង្កោមក្នុងសង្រ្គាមនេះ ព្រោះអ្នករងគ្រោះពិតប្រាកដ គឺប្រជាជន ពិសេសគឺអ៊ុយក្រែនតែម្តង៕