ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ឈប់មហិ្ឆតាប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងសមរភូមិប្រយុទ្ធ​ ព្រោះថាវិនាសកម្មពិតប្រាកដ គឺប្រជាជនស៊ីវិលស្លូតត្រង់ ដែលត្រូវរង់ទុក្ខវេទនាយូរអង្វែង

49

 

ភ្នំពេញ ៖ អគ្គនាយកស៊ីម៉ាក់ បានអំពាវនាវឲ្យបញ្ឈប់មហិ្ឆតាប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងសមរភូមិប្រយុទ្ធ​ ព្រោះថាវិនាសកម្មពិតប្រាកដ គឺប្រជាជនស៊ីវិលស្លូតត្រង់ ដែលត្រូវរង់ទុក្ខវេទនាយូរអង្វែង ក្រោយសង្គ្រាមបានបញ្ចប់។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី៩ខែកក្កដាឆ្នាំ២០២៣ បានថ្លែងសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា សូមគាំទ្រយ៉ាងពេញទំហឹងចំពោះសារអំពាវនាវរបស់សម្តេចតេជោ​សំណូមពរប្រធានាធិបតីអាមេរិក​ និងប្រធានាធិបតីអ៊ុយក្រែន​ កុំឱ្យប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្គ្រាមរវាង​ រុស្ស៊ី-អ៊ុយក្រែន!។

ឯកឧត្តម ហេង រតនា បានថ្លែងបន្តថា គ្រាប់បែកចង្កោមជាសំណល់សង្គ្រាមនៅកម្ពុជា ទោះបីជាមានអាយុកាលជាង៥០ឆ្នាំហើយក៏ដោយ​ ក៏គ្រាប់បែកចង្កោមទាំងនោះ​ នៅតែបន្តគំរាមកំហែងដល់អាយុជីវិត និងសុខសុវត្ថិភាពប្រជាជនកម្ពុជានៅឡើយ!! ក្តីឈឺចាប់និងផលលំបាក នៃសង្គ្រាម ជាពិសេសដោយសារគ្រាប់បែកចង្កោម នៅកម្ពុជានិងបណ្តាប្រទេសរងគ្រោះ មួយចំនួន​ ក៏ជាចំណែកមួយនៃចលនាបង្កើតអនុសញ្ញាអន្តរជាតិអូស្លូ​ ស្តីពី”ការហាមប្រាមការប្រើប្រាស់​ ការផលិត​ ការស្តុកទុក​ និងការដឹកជញ្ជូនគ្រាប់បែកចង្កោម”​ ដែលបានចូលជាធរមានជាច្បាប់អន្តរជាតិ​ នៅឆ្នាំ២០០៨​ មាន១២៣ប្រទេសក្នុងនោះមានរដ្ឋភាគីចំនួន១១១និងរដ្ឋហត្ថលេខីចំនួន១២។

ចូរចងចាំថា​ នៅទសវត្សរ៍​ ៦០និង៧០​ កម្ពុជារងការទម្លាក់ប្រមាណ៣០លានកូនគ្រាប់បែកចង្កោម​ លើគោលដៅ (ទីតាំងទម្លាក់) រាប់ម៉ឺនគោលដៅក្នុងក្របខណ្ឌទូទាំងប្រទេស។
តាមការសិក្សាវាយតម្លៃឃើញថា គ្រាប់បែកចង្កោមដែលបានប្រើក្នុងសង្គ្រាមឥណ្ឌូចិន​ មានកំរិតអត្រាមិនផ្ទុះក្នុងការប្រើប្រាស់ ក្នុងសង្គ្រាមមានចំនួនប្រមាណ២៥ទៅ៣០%​ ដែលបរិមាណនេះបន្តបង្កគ្រោះថ្នាក់រយ:ពេលយូរអង្វែង។

ឯកឧត្តម ហេង រតនា បានបញ្ជាក់យ៉ាងដូច្នេះថា “ផ្អែកលើភាពជាក់ស្តែងនេះ​ យើងខ្ញុំទាំងអស់គ្នាសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះការអំពាវនាវរបស់សម្តេចតេជោ​ ចំពោះប្រធានាធិបតីអាមេរិក​ និងប្រធានាធិបតីអ៊ុយក្រែន​ដែលជាអ្នកផ្តល់គ្រាប់បែកចង្កោម​ និងអ្នកទទួលយកគ្រាប់បែកចង្កោមទៅប្រើប្រាស់​ សូមបញ្ឈប់មហិ្ឆតាប្រើប្រាស់គ្រាប់បែកចង្កោមនេះ ក្នុងសមរភូមិប្រយុទ្ធ​ ព្រោះថាវិនាសកម្មពិតប្រាកដគឺប្រជាជនស៊ីវិលស្លូតត្រង់ ដែលត្រូវរង់ទុក្ខវេទនាយូរអង្វែង ក្រោយសង្គ្រាមបានបញ្ចប់។​

ទង្វើនេះក៏ពាក់ព័ន្ធដោយផ្ទាល់ ដល់ការគោរពច្បាប់អន្តរជាតិ​ និងសិទ្ធិមនុស្សផងដែរ! ។ សូមបញ្ជាក់ថា​ តាមព័ត៌មាននានា​ ថ្នាក់ដឹកនាំប្រទេសអង់គ្លេស​ កាណាដា​ អាឡឺម៉ង់​ អេស្បាញ​ អូរទ្រីស​ ….និងអង្គការសង្គមស៊ីវិលយ៉ាងច្រើន បានប្រឆាំងនឹងការសម្រេចចិត្តផ្តល់និងការប្រើប្រាស់​ “គ្រាប់បែកចង្កោម”ក្នុងសង្គ្រាម​ រុស្ស៊ី-អ៊ុយក្រែន! ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវប្រធានាធិបតីអាមេរិកដែលជាអ្នកផ្តល់និងប្រធានាធិបតីអ៊ុយក្រែនដែលជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមនេះព្រោះអ្នករងគ្រោះពិតប្រាកដគឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន បានសរសេរសារលើបណ្តាញសង្គមតេឡេក្រាម នៅថ្ងៃអាទិត្យទី៩ខែកក្កដសនេះថា “ប៉ុន្មានថ្ងៃមកនេះមានការផ្សាយព័ត៌មានយ៉ាងច្រើនថាសហរដ្ឋអាមេរិកនឹងផ្តល់គ្រាប់បែកចង្កោមឲ្យទៅអ៊ុយក្រែនដើម្បី
ប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី។ ប្រសិនរឿងនេះវាជាការពិតមែនវានឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុតសម្រាប់ប្រជាជនអ៊ុយក្រែនរាប់សឹបឆ្នាំឬដល់រយឆ្នាំទៀតផងប្រសិនគ្រាប់បែកចង្កោមនេះយកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្ស៊ីកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។
បទពិសោធន៍ឈឺចាប់របស់កម្ពុជាដែលទទួលការទម្លាក់គ្រាប់បែកចង្កោមពីអាមេរិកនាដើមទស្សវត្តរ៍១៩៧០មកដល់ពេលនេះជាងកន្លះសតវត្សរ៍ហើយនៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ។

សម្តេចតេជោ បានបញ្ជាក់ថា ខ្ញុំដឹងច្បាស់ថាប្រទេសកម្ពុជាតូចហើយទន់ខ្សោយសម្លេងគ្មានទម្ងន់តែដោយក្តី
អាណិតប្រជាជនអ៊ុយក្រែនខ្ញុំសូមអំពាវនាវប្រធានាធិបតីអាមេរិកដែលជាអ្នកផ្តល់និងប្រធានាធិបតីអ៊ុយក្រែនដែលជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមនេះព្រោះអ្នករងគ្រោះពិតប្រាកដគឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង៕

 

អត្ថបទដែលជាប់ទាក់ទង