អំពើរារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិ បោះឆ្នោតមិនឱ្យទៅបោះឆ្នោត និងអំពើណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ជាបទល្មើសព្រហ្មទណ្ឌ
ភ្នំពេញ ៖ នៅថ្ងៃអាទិត្យ ទី៩ខែកក្កដា ឆ្នាំ២០២៣ ក្រុមមេធាវីរាជរដ្ឋាភិបាលបានចេញសេចក្ដីថ្លែងការណ៍ថា អង្គព្រះមហាក្សត្រ ទ្រង់បានអំពាវនាវឱ្យជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បី ការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើងថ្កានលើគ្រប់វិស័យ ហើយថ្មីៗនេះ មានបុគ្គលអគតិមួយចំនួន កំពុងតែធ្វើការបំផុសបំផុល ក្នុងចេតនាទុច្ចរិត បំផ្លាញសិទ្ធិរបស់ប្រពលរដ្ឋ និងញុះញង់ប្រជាពលរដ្ឋ ឱ្យប្រព្រឹត្តអំពើផ្ទុយច្បាប់ ព្រមទាំងប្រឆាំងនឹងកាអំពាវនាវរបស់ អង្គព្រះមហាក្សត្រ។
បើតាមសេចក្ដីថ្លែងការណ៍របស់ក្រុមមេធាវីរាជរដ្ឋភិបាល បានបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បាន ចេញព្រះរាជសារជម្រាបជូនជនរួមជាតិខ្មែរ អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។ អង្គព្រះមហាក្សត្រ ទ្រង់បានអំពាវនាវឱ្យជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បី ការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើងថ្កានលើគ្រប់វិស័យ ។
ការបោះឆ្នោតគឺជាផ្នែកមួយមិនអាចខ្វះបាន នៅក្នុងប្រទេសមានសន្តិភាព និងសង្គមប្រជាធិបតេយ្យ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើសិទ្ធិសម្រេចជោគវាសនា ប្រទេសជាតិរបស់ខ្លួន តាមរយៈការជ្រើសរើសតំណាង និងថ្នាក់ដឹកនាំ ដែលខ្លួនគាំទ្រ ស្រឡាញ់ពេញចិត្ត ពីក្នុងចំណោមគណបក្សនយោបាយដែលបានចុះបញ្ជីប្រកួត ប្រជែង ស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមាន ។
ថ្មីៗនេះ មានបុគ្គលអគតិមួយចំនួន កំពុងតែធ្វើការបំផុសបំផុល ក្នុងចេតនាទុច្ចរិត បំផ្លាញសិទ្ធិរបស់ប្រពលរដ្ឋ និងញុះញង់ប្រជាពលរដ្ឋ ឱ្យប្រព្រឹត្តអំពើផ្ទុយច្បាប់ ព្រមទាំងប្រឆាំងនឹងកាអំពាវនាវរបស់ អង្គព្រះមហាក្សត្រ។
ក្រុមមេធាវីរាជរដ្ឋាភិបាល សូមជម្រាបបញ្ជាក់ជូនសាធារណជនជ្រាបថា យោងតាមច្បាប់ស្តីពីវិសោធនកម្ម ច្បាប់បោះឆ្នោត ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នសកម០៧២៣/០១០ ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ដែលកំពុងមានអានុភាពជាធរមាន បានកំណត់ថា អំពើរារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិ បោះឆ្នោតមិនឱ្យទៅបោះឆ្នោត និងអំពើណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវរងការផាកពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល និងការដកសិទ្ធិ ឈរឈ្មោះឱ្យគេបោះឆ្នោតយ៉ាងតិច ៥ឆ្នាំ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ ផ្សេងទៀត ។
ក្រុមមេធាវីរាជរដ្ឋាភិបាល សូមអំពាវនាវប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជី អ្នកបោះឆ្នោត សូមប្រើប្រាស់សិទ្ធិដ៏សំខាន់របស់ខ្លួន អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយជ្រើសរើសគណបក្សនយោបាយមួយដែលខ្លួនពេញចិត្ត ដើម្បីបន្តរក្សាការពារសន្តិភាព ភាពសុខសាន្ត និងការអភិវឌ្ឍ នៃសង្គមជាតិយើង និងជៀសវាងការចាញ់ឃោសនាអកុសលពីបុគ្គលអគតិមួយចំនួនតូច ដែលអាចនាំឱ្យមានការប្រព្រឹត្តខុសឆ្គងផ្ទុយនឹងច្បាប់ ប្រឈមនឹងទោសទណ្ឌនានា តាមច្បាប់ជាធរមាន ៕