ក្រសួងសុខាភិបាល ហាមឃាត់ការនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ផលិតផល ជំនួយអារម្មណ៍ផ្លូវភេទនារីគ្រប់ប្រភេទ គ្មានលេខបញ្ជិកា
ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែ កក្កដា ឆ្នាំ ២០២៣ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន
ស្ដីពីការហាមឃាត់ការនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ផលិតផល ជំនួយអារម្មណ៍ផ្លូវភេទនារីគ្រប់ប្រភេទ គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពី ក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ ១-Healt Wonem3333 ២-ទឹកសម្រើបនារី ៣-ទឹកសម្រើបអារម្មណ៏នារី ៤-ទឹកសម្រើបនារី168 និងគណនីដទៃទៀត កំពុងផ្សព្វផ្សាយលក់ ផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារីគ្រប់ប្រភេទគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ព្រមទាំងបានផ្សព្វផ្សាយភូតកុហកបោកប្រាស់ និងបំផ្លើសហួសពីការពិតគ្មានមូលដ្ឋានវិទ្យាសាស្ត្រត្រឹមត្រូវ ដែលអាចបង្កជាបទល្មើសធ្ងន់ធ្ងរ។
ក្រសួងសុខាភិបាល សូមឱ្យអាជ្ញាធរពាក់ព័ន្ធជួយសហការស្រាវជ្រាវរកម្ចាស់គណនី បណ្តាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀត មកផ្តន្ទាទោសតាមច្បាប់ជាធរមាន ដើម្បីបង្ការកុំឱ្យ កើតមានគ្រោះថ្នាក់ពីការប្រើប្រាស់ផលិតផលទាំងនេះ ក៏ដូចជាការបង្ការមិនឱ្យមានបទល្មើសឧក្រិដ្ឋ ជាយថាហេតុផ្សេងៗទៀតផងដែរ។
ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការទិញ និងប្រើប្រាស់ ផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារីគ្រប់ប្រភេទគ្មានលេខបញ្ញិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលជា បន្ទាន់ ព្រោះផលិតផលទាំងនេះមិនបានបញ្ជាក់ថាផ្សំពីសារធាតុគីមីអ្វីឡើយ ដូច្នេះវាអាចធ្វើឱ្យប៉ះពាល់ដល់ សុខភាពធ្ងន់ធ្ងរ ឬឈានដល់ការបាត់បង់អាយុជីវិតទៀតផង។
ទន្ទឹមគ្នានេះដែរ ក្រសួងសុខាភិបាល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានស្គាល់ម្ចាស់គណនី បណ្តាញសង្គមហ្វេសប៊ុកខាងលើ ឬជនពាក់ព័ន្ធ ឬបានស្គាល់ទីតាំងដែលកំពុងចែកចាយ ឬលក់ ផលិតផលជំនួយ អារម្មណ៍ផ្លូវភេទនារីគ្រប់ប្រភេទ គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល សូមសហការ ផ្ដល់ព័ត៌មានមកនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង៕