ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោយឥទ្ធិពលគ្រឿងស្រវឹង បុរសម្នាក់ទាញកាំបិតកាប់ប្រពន្ធ-កូន រងរបួសធ្ងន់ធ្ងរ ព្រោះតែជម្លោះគ្រួសារ

62

 

ខេត្តព្រៃវែង៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានចេញរបាយការណ៍ថា បុរសម្នាក់ ត្រឡប់មកពីជួបជុំផឹកស៊ីវិញ ត្រូវប្រពន្ធជេរស្ដីបន្ទោស រហូតប្រតាយប្រតប់គ្នា រួចក៏ទាញកាំបិតមកកាប់សន្ធាប់លើប្រពន្ធ និងកូនស្រី បណ្ដាលឱ្យរងរបួសធ្ងន់ទាំង ២នាក់ រួចរត់គេចខ្លួន ត្រូវបានកម្លាំងនគរបាលខេត្តព្រៃវែង ចុះអន្តរាគមន៍ តាមចាប់ឃាត់ខ្លួន ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២១ : ០០នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិក្រូច ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។

ជនរងគ្រោះទាំង ២នាក់ ទី១ ឈ្មោះ ផល ស៊ាងរ៉ា ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រូច ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង មុខរបរកសិករ របួស ៥ កន្លែង ១.របួសដាច់រយះលើផ្ទៃមុខខាងឆ្វេង, ២.ដាច់រយះលើកំភួនដៃខាងឆ្វេង, ៣.ដាច់ស្បែកក្បាលលើចុងចិញ្ចើមខាងឆ្វេង, ៤.ដា.ច់ស្បែកក្បាលផ្នែកលើត្រចៀកខាងឆ្វេង, ៥.ដាច់រយះចង្កា (រងរបួសធ្ងន់), ទី២ ឈ្មោះ ចាន់ ឌី ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រូច ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង មុខរបកសិករ រងរបួស២ កន្លែង លើភ្លៅ ខាងស្ដាំមុតដាច់ចេញឈាម និងរ.បួសមេដៃខាងស្តាំ (ធ្ងន់) ។ ដោយឡែកជនសង្ស័យមានឈ្មោះ ទូច ចាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិក្រូច ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។

នៅវេលាកើតហេតុ ជនសង្ស័យ បានមកពីផឹកស៊ីនៅខាងក្រៅផ្ទះ ពេលត្រឡប់មកដល់ផ្ទះ ជនរងគ្រោះ ឈ្មោះ ផល ស៊ាងរ៉ា ភេទស្រី អាយុ ៣៩ឆ្នាំ ត្រូវជាប្រពន្ធ បានស្តីបន្ទោស ជេរប្រមាថ ពេលនោះប្ដីបានឃាត់កុំឱ្យជេរ តែជនរងគ្រោះជាប្រពន្ធមិនព្រមឈប់នោះទេ និង បានយកទឹកនោមក្នុងកន្ថោរ មកជះទៅលើជនសង្ស័យជាប្ដី រួចរុញបណ្តាលឱ្យដួលទៀត ហើយក៏បានប្រតាយប្រតប់គ្នា បន្ទាប់មកជនសង្ស័យជាប្តី បានដើរទៅចង្ក្រានបាយរួចទាញកាំបិតប៉័ងតោកាប់ ទៅលើប្រពន្ធជាច្រើនកាំបិត ពេលកូនស្រីឈ្មោះ ចាន់ ឌី មកជួយ ក៏កាប់ទាំងកូនស្រីទៀត បណ្តាលឱ្យ រងរបួសធ្ងន់ទាំង ២នាក់តែម្តង ។

បន្ទាប់ពីធ្វើសកម្មភាពកាប់ប្រពន្ធ និងកូនរួច បានរត់គេចខ្លួនទៅផ្ទះមិត្តភក្តិឈ្មោះ ម៉ៅ ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិតាណាល ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ហើយក៏ត្រូវកម្លាំងនគរបាលខេត្តព្រៃវែង ចាប់ឃាត់ខ្លួនបាននៅទីនោះតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យជាប្តី រួមជាមួយវត្ថុតាងកាំបិត ត្រូវបាននគរបាលឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង