តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ចេញដីកាបញ្ជាឱ្យចូលខ្លួនបុគ្គល រស់ ពុទ្ធា ហៅ ក្របី ដែលប្រើប្រាស់អាវុធ បាញ់បោះ និងបាញ់ទៅលើជនរងគ្រោះម្នាក់
ខេត្តមណ្ឌលគិរី ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចេញសេចក្តីថ្លែងការណ៍ករណីឈ្មោះ រស់ ពុទ្ធា ហៅ ក្របី បានប្រើប្រាស់អាវុធ បាញ់បោះ និងបាញ់ទៅលើជនរងគ្រោះឈ្មោះ ចន សុវណ្ណណេត បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។ នៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌នេះ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានធ្វើការស្វែងរកចាប់ខ្លួនជនល្មើសភ្លាមៗ ក្នុងបទល្មើសជាក់ស្ដែង និងបាន បន្តបានស្នើសុំចេញដីកាបញ្ជាឱ្យចូលខ្លួនលើឈ្មោះ រស់ ពុទ្ធា ហៅ ក្របី ដើម្បីធ្វើការនាំខ្លួនមកសាកសួរ តាមនីតិវិធីច្បាប់ ហើយតំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានធ្វើការចេញដីកាបញ្ជាឱ្យ ចូលខ្លួនតាមការស្នើសុំ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី៨ថ្ងែ ខែកក្កដា ឆ្នាំ២០២៣ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ ថ្មីៗនេះមានបណ្តាសារព័ត៌មានមួយចំនួន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក (Facebock) បានសរសេរអំពីករណីឈ្មោះ រស់ ពុទ្ធា ហៅ ក្របី បានប្រើប្រាស់អាវុធ បាញ់បោះ និងបាញ់ទៅលើជនរងគ្រោះឈ្មោះ ចន សុវណ្ណណេត ត្រូវចំសួតចំនួន០១គ្រាប់ ការចុះ ផ្សាយនេះធ្វើឱ្យមានមតិយល់ឃើញផ្សេងៗគ្នាជាច្រើន ទៅលើចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌ និងស្ថាប័នអយ្យការ។
ករណីនេះ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី សូមធ្វើការបកស្រាយដូច ខាងក្រោម៖ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ឈ្មោះ រស់ ពុទ្ធា ហៅ ក្របី បានបើករថយន្តចំនួន ០១គ្រឿងចេញពីក្លឹប ដោយមានមនុស្សមួយចំនួនរួមដំណើរ។ លុះបើកចេញដល់ចំណុចភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ស្រាប់តែឈ្មោះ រស់ ពុទ្ធា ហៅ ក្របី បានយក កាំភ្លើងបាញ់តាមបង្អួចទ្វាររថយន្តចេញមកក្រៅចំនួន០៣គ្រាប់ រួចងាកមកក្រោយសម្លឹងមើលឈ្មោះ ចន សុវណ្ណណេត ហើយទាញកាំភ្លើងបាញ់មកលើជនរងគ្រោះឈ្មោះ ចន សុវណ្ណណេត ចំនួន០១គ្រាប់ ត្រូវចំសួត (គ្រាប់បៀបជាប់ជាមួយសួត) រួចធ្វើការគេចខ្លួនបាត់។
បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចុះទៅ កន្លែងកើតហេតុ ដើម្បីកំណត់អត្តសញ្ញាណជនល្មើស ធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ ពិនិត្យស្លាកស្នាម លើជនរងគ្រោះ ព្រមទាំងធ្វើការសម្ភាសន៍ជាមួយជនរងគ្រោះជាបឋម រួចបញ្ជូនជនរងគ្រោះមកសម្រាក ព្យាបាលនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។ នៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌នេះ កម្លាំងនៃស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរីបានធ្វើការស្វែងរកចាប់ខ្លួនជនល្មើសភ្លាមៗក្នុងបទល្មើសជាក់ស្ដែង និងបាន បន្តបានស្នើសុំចេញដីកាបញ្ជាឱ្យចូលខ្លួនលើឈ្មោះ រស់ ពុទ្ធា ហៅ ក្របី ដើម្បីធ្វើការនាំខ្លួនមកសាកសួរ តាមនីតិវិធីច្បាប់ ហើយតំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានធ្វើការចេញដីកាបញ្ជាឱ្យ ចូលខ្លួនតាមការស្នើសុំ។
អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានទទួលពាក្យបណ្តឹងផ្ទាល់ពីជនរងគ្រោះឈ្មោះ ចន សុវណ្ណណេត និងបានទទួលសំណុំរឿងពីស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្ត។ បន្ទាប់ពីអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានទទួលសំណុំរឿងព្រហ្មទណ្ឌខាងលើ តំណាងអយ្យការ បានចេញដីកាបញ្ជាឱ្យចូលខ្លួនលើឈ្មោះ រស់ ពុទ្ធា ហៅ ក្របី ឱ្យកម្លាំងមានសមត្ថកិច្ចធ្វើការនាំខ្លួនបុគ្គលនេះមកបង្ហាញខ្លួនចំពោះមុខតំណាងអយ្យការ។ តំណាងអយ្យការបានស្តាប់ចម្លើយជនរងគ្រោះនិង
សាក្សីមួយចំនួន ព្រមទាំងកំពុងបន្តធ្វើការស្ដាប់សាក្សីផ្សេងទៀត និងស្រាវជ្រាវរកបុគ្គលពាក់ព័ន្ធដែល ប្រព្រឹត្តបទល្មើសជាអ្នកផ្ដើមគំនិតជាមួយឈ្មោះ រស់ ពុទ្ធា ហៅ ក្របី ក្នុងការប្រើប្រាស់ កាន់កាប់អាវុធ ដោយខុសច្បាប់ និងបាញ់ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។
បច្ចុប្បន្ននេះ តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានធ្វើការយ៉ាងយកចិត្តទុកដាក់ បំផុតជាមួយជនរងគ្រោះ និងធ្វើការយ៉ាងម៉ត់ចត់ជាមួយកម្លាំងមានសមត្ថកិច្ច រួមទាំងក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែនដែលជាមេធាវីការពារឱ្យដើមបណ្តឹង ដើម្បីឈានដល់ការផ្ដល់យុត្តិធម៌តាមផ្លូវច្បាប់ជូន ជនរងគ្រោះឱ្យឆាប់រហ័ស៕