អ្នកណែនាំឱ្យប្រជាពលរដ្ឋ គូសសន្លឹកឆ្នោតចោល នៅពេលទៅបោះឆ្នោត នឹងត្រូវផ្តន្ទាទោសតាមច្បាប់
ភ្នំពេញ ៖ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មាន
អ្នកណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលនៅពេលទៅបោះឆ្នោត នឹងត្រូវផ្តន្ទាទោសតាមច្បាប់។
ថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់នេះ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានកត់សម្គាល់ឃើញថា មានបុគ្គលមួយចំនួនកាន់តែបន្តយុទ្ធនាការ តាមបណ្តាញព័ត៌មានសង្គម ដោយណែនាំឱ្យប្រជា ពលរដ្ឋគូសសន្លឹកឆ្នោតចោលពេលទៅបោះឆ្នោត នៅថ្ងៃបោះឆ្នោត ដើម្បីធ្វើឱ្យសន្លឹកឆ្នោតរបស់ ពួកគាត់ ក្លាយជាសន្លឹកឆ្នោតមិនបានការ ដោយហេតុថាគ្មានគណបក្សភ្លើងទៀន។ អ្នកណែនាំ បែបនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ដែលមានជាធរមាន។
មាត្រា ១៤២ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត ចែងថាត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលាន)រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់ មធ្យោបាយទុច្ចរិត៖ ណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត។ ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយដូចបានដកស្រង់ខាងលើនេះ នឹងត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សាមីខ្លួន ឬ/និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត របស់សាមីខ្លួនសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំយ៉ាងតិចបន្ថែមទៀត ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ផ្ទុយទៅវិញ គ.ជ.ប សូមអំពាវនាវ សូមប្រជាពលរដ្ឋ កុំចាញ់បោកទង្វើទុច្ចរិតរបស់ជន អគតិមួយចំនួន ដែលមានចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញសិទ្ធិបងប្អូន នឹងនាំបងប្អូន ឱ្យប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់។
គ.ជ.ប សូមអំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ទាំងអស់ មេត្តាត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ(អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត(ឯ.អ) ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃបោះឆ្នោត គឺថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា។
គ.ជ.ប សូមលើកទឹកចិត្តម្ចាស់ឆ្នោត សូមគូសសញ្ញាធិក (√) គាំទ្រគណបក្សនយោបាយ ដែលខ្លួនស្រឡាញ់ពេញចិត្ត ហើយការចូលរួមគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដូចដែលប្រជា ពលរដ្ឋកម្ពុជា ធ្លាប់មានបទពិសោធន៍បោះឆ្នោតជាច្រើនលើក ច្រើនសារួចមកហើយ គឺជាការ បញ្ជាក់ឡើងវិញ ដូចមានចែងក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា “យើងប្រជារាស្ត្រខ្មែរ បានភ្ញាក់រលឹក ក្រោកឈរឡើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នា ពង្រឹងឯកភាព ជាតិ – រក្សាការពារ ទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា “កោះសន្តិភាព” ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរព ច្បាប់ ទទួលខុសត្រូវចំពោះវាសនាអនាគតជាតិឱ្យបានឈានឡើងរីកចម្រើន លូតលាស់ សម្បូរ រុងរឿងជានិច្ចនិរន្តរ៍ “៕