សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យអភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុង សម្រាប់ដឹកជញ្ជូនកម្មករ កម្មការិនីពីភ្នំពេញ ទៅបោះឆ្នោតនៅតាមបណ្តាខេត្ត
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ បានណែនាំឱ្យអភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងចាប់ពី៣០០គ្រឿងទៅ៣៥០គ្រឿង សម្រាប់ដឹកជញ្ជូនកម្មករ កម្មការិនីពីភ្នំពេញ ទៅបោះឆ្នោតនៅតាមបណ្តាខេត្ត ដោយមិនគិតប្រាក់នោះទេ។
ក្នុងសារសំឡេងពិសេសដែលចែកចាយនៅតេឡេក្រាម សម្តេចតេជោ បានលើកឡើងថា រាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាតឱ្យកម្មករនិយោជិត ឈប់សម្រាកចំនួន៣ថ្ងៃ នាថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ដើម្បីធ្វើដំណើរទៅចូលរួមបោះឆ្នោត។
សម្តេចបានថ្លែងបន្តថា ដើម្បីសម្រួលដល់កម្មករ កម្មការិនី ធ្វើដំណើរពីភ្នំពេញ ទៅបោះឆ្នោតនៅស្រុកកំណើត តាមណ្តាខេត្តនានា មានភាពងាយស្រួល កុំឱ្យមានការកកស្ទះ និងចំណាយច្រើននោះ សម្តេចឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបញ្ចេញរថយន្តក្រុងពី ៣០០ ទៅ ៣៥០គ្រឿង ដើម្បីដឹកជញ្ជូនកម្មករ កម្មការិនី ដោយឥតគិតថ្លៃ ពីភ្នំពេញ ទៅតាមបណ្តាខេត្ត ដើម្បីបោះឆ្នោត។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ការដឹកជញ្ជូនកម្មករ កម្មការិនីនេះ គឺមិនមានការរើសអើងគណបក្សនយោបាយណាមួយទេ» ហើយក៏មិនគិតប្រាក់នោះដែរ ជាពិសេសការដឹកជញ្ជួននេះ គឺត្រូវធ្វើទាំងការដឹកទៅតាមបណ្តាខេត្ត ដើម្បីបោះឆ្នោត និងត្រូវដឹកមកវិញផងដែរ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការដឹកជញ្ជួនកម្មករទៅបោះឆ្នោតបែបនេះ គឺមិនមែនជាការទិញដូរ ឬសូកប៉ាន់ ដើម្បីឱ្យកម្មករ កម្មការិនី ដោះដូរសន្លឹកឆ្នោតនោះទេ។ សម្តេចតេជោ ក៏បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងការងារ និងអភិបាលរាជធានីភ្នំពេញ រៀបចំឱ្យបានច្បាស់លាស់ ថាខេត្តណា ត្រូវការរថយន្តក្រុងប៉ុន្មានគ្រឿង សម្រាប់ដឹកជញ្ជូនកម្មករ កម្មការិនី ព្រោះពេលនេះ ខុសពីពេលចូលឆ្នាំ។ ពេលចូលឆ្នាំ យើងរៀបចំរថយន្តក្រុងច្រើន ទៅខេត្តសៀមរាប ដោយសារតែមានអង្គរសង្ក្រាន្ត។
