លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ាន ជាមួយដៃគូសន្ទនា និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី លើកទី២៤
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយដៃគូសន្ទនា និង កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបីលើកទី២៤។
នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយដៃគូសន្ទនាអាស៊ាន រួមមាន ឥណ្ឌា នូវែលសេឡង់ អូស្ត្រាលី ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ សហភាពអឺរ៉ុប កាណាដា និងចក្រភពអង់គ្លេស និងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ានបូកបីលើកទី២៤ នៅរដ្ឋធានីហ្សាការតា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងឋានៈកម្ពុជាជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានធ្វើជាសហប្រធាន ជាមួយ ឯកឧត្តម សឺរជី ឡាវរ៉ូហ្វ (Sergey Lavrov) រដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បី ដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន រួមមានការប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាទាក់ទងនឹងសន្តិសុខបច្ចេកវិទ្យា ព័ត៌មាននិងគមនាគមន៍ និងសន្តិសុខតាមប្រព័ន្ធអ៊ីនធើណែត តាមរយៈការចែករំលែកព័ត៌មាន និងវិធានការកសាងសមត្ថភាពដែលមានគោលដៅល្អផ្សេងទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ ដើម្បីពន្លឿនការអនុវត្តប្រកបដោយ ប្រសិទ្ធភាពនៃផែនទីបង្ហាញផ្លូវនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-រុស្ស៊ី ដែល បានកែសម្រួល និងកម្មវិធីការងារ ឆ្នាំ២០២១-២០២៥ និងរាល់សកម្មភាពអាទិភាពសំខាន់ៗផ្សេង ទៀត ក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ឆ្នាំ២០២០-២០២៥។ កិច្ចប្រជុំបានអនុម័តសេចក្តីប្រកាសរួមនៃរដ្ឋមន្ត្រីការបរទេសអាស៊ាននិងរុស្ស៊ី ក្នុងឱកាសអបអរ
សាទរខួបអនុស្សាវរីយ៍លើកទី៥ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ឥណ្ឌា៖
អាស៊ានស្វាគមន៍ការចូលរួមរបស់ឥណ្ឌាក្នុងតំបន់ តាមរយៈគោលនយោបាយឆ្ពោះមកទិស ខាងកើត និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា និងបានកោតសរសើរពីវឌ្ឍន- ភាពក្នុងការអនុវត្តផែនការសកម្មភាព ដើម្បីអនុវត្តភាពជាដៃគូអាស៊ាន-ឥណ្ឌា សម្រាប់សន្តិភាព វឌ្ឍនភាព និងវិបុលភាពរួម (ឆ្នាំ២០២១-២០២៥)។ រដ្ឋមន្ត្រីការបរទេសបានអនុម័តឧបសម្ព័ន្ធ បន្ថែមលើផែនការសកម្មភាព ដែលជាការតាមដានការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយអាស៊ាន-ឥណ្ឌាកាលពីឆ្នាំមុន។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានទន្ទឹងរង់ចាំការបញ្ចប់និង ដំណើរការទាន់ពេលវេលារបស់ផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ និងលទ្ធភាពនៃការ ពង្រីកផ្លូវនេះមកកាន់ប្រទេសឡាវ កម្ពុជា និងវៀតណាមផងដែរ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-នូវែលសេឡង់៖
អាស៊ានបានបង្ហាញពីការកោតសរសើរចំពោះការបន្តគាំទ្ររបស់នូវែលសេឡង់លើមជ្ឈភាព
អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវត្ត តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងយន្តការ ដែលដឹកនាំដោយអាស៊ាននានា។ កិច្ចប្រជុំបានអនុម័តសេចក្ដីប្រកាសរួមអាស៊ាន-នូវែលសេឡង់ ស្ដីពី កិច្ចសហប្រតិបត្តិការលើទស្សនវិស័យអាស៊ានស្តីពី ឥណ្ឌូ-ប៉ាស៊ីហ្វិក និងទន្ទឹងរង់ចាំការចុះហត្ថលេខា លើពិធីសារលើកទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងបង្កើតពាណិជ្ជកម្មសេរីអាស៊ាន- អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) នៅខែសីហា ឆ្នាំ២០២៣។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏ បានលើកទឹកចិត្តនូវែលសេឡង់ផ្តល់ការគាំទ្របន្ថែមទៀត ចំពោះសហគ្រាសមីក្រូធុនតូច និងមធ្យម ពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) ឱ្យកាន់តែរឹងមាំ មានភាពប្រកួតប្រជែង និងអាចសម្របតាមបដិវត្តន៍ឧស្សាហកម្មទី៤ រួមមានតាមរយៈការអនុវត្តផែនការការងារទី៤។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អូស្ត្រាលី៖
អាស៊ានបានកោតសរសើរចំពោះវឌ្ឍនភាពគន្លឹះសំខាន់ៗ ដែលបានផ្ដល់ជូនក្រោមភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី (CSP) តាមរយៈកញ្ចប់នៃគំនិតផ្តួចផ្តើមអូស្ត្រាលី សម្រាប់អាស៊ាន (Aus4ASEAN ) រួមមាន គំនិតផ្តួចផ្តើមស្ដីពី អូស្ត្រាលីដើម្បីអនាគតអាស៊ាន (Aus4ASEAN Futures Initiatives) ដែលមានទឹកប្រាក់ចំនួន ២០៤លានដុល្លារអូស្ត្រាលី កម្មវិធី អាហារូបករណ៍ (Aus4ASEAN) ចំនួន១០០កន្លែង និងគំនិតផ្តួចផ្តើមអូស្ត្រាលី ដើម្បីធ្វើបរិវត្តកម្ម ឌីជីថល និងអនាគតជំនាញអាស៊ាន។ កិច្ចប្រជុំក៏បានទន្ទឹងរង់ចាំនូវការរៀបចំកិច្ចប្រជុំកំពូល ពិសេសដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី ដែល នឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២៤ នៅប្រទេសអូស្ត្រាលី ដែលនឹងបង្កើតបានជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រមួយបន្ថែមទៀត នៃភាពជាដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី។ ឯកឧត្តមឧបនាយករដ្ឋមន្តី បានទទួលស្គាល់ថា AANZFTA បានផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់ប្រជាជនរបស់អាស៊ាន និងអូស្ត្រាលី និងបានអះអាងសារជាថ្មីពីសារៈសំខាន់ នៃការចុះហត្ថលេខាលើពិធីសារលើកទី២ ដើម្បីធ្វើវិសោធនកម្មដំឡើងកម្រិតកិច្ចព្រមព្រៀងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូស បញ្ជាក់ថា មានភាពស៊ីសង្វាក់គ្នាសំខាន់ៗរវាងផែនការមេស្តីពី ការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ និង កម្មវិធីអូស្ត្រាលីដើម្បីអនាគតអាស៊ានស្ដីពី សេដ្ឋកិច្ចនិងការតភ្ជាប់ និងគំនិតផ្តួចផ្តើមភាពជាដៃគូ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន៖
ដោយផ្អែកលើមូលដ្ឋានរឹងមាំនៃភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយអាស៊ាន-ចិន ដែលបាន
បង្កើតឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២១ កិច្ចប្រជុំបានអះអាងសាជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការទំនាក់ ទំនងស៊ីជម្រៅបន្ថែមទៀត និងបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការបន្តជំរុញភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ដើម្បីរក្សាភាពជាដៃគូប្រកបដោយថាមពល ខ្លឹមសារ និងផ្ដល់ផល ប្រយោជន៍ទៅវិញទៅមក។ អាស៊ានបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ចិន ចំពោះមជ្ឈភាព អាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវត្ត និងបានរំឭកថា ចិនគឺជាដៃគូសន្ទនាដំបូងគេមួយ ក្នុងចំណោមដៃគូសន្ទនាអាស៊ាន ដែលបានចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ (TAC) កាលពីខែតុលា ឆ្នាំ២០០៣។ ក្នុងស្មារតីនេះ កិច្ចប្រជុំបានអនុម័តសេចក្ដី ប្រកាសរួមស្ដីពី ការអបអរសាទរនិងឆ្លុះបញ្ចាំងពីខួបអនុស្សាវរីយ៍លើកទី២០ នៃការចូលជាភាគីន TAC របស់ចិន។ ដោយមានការប្តេជ្ញាចិត្តរួមគ្នាក្នុងការធ្វើឱ្យអាស៊ានក្លាយជាចំណុចស្នូលនៃកំណើន ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបញ្ចប់ការចរចាលើកកម្រិតតំបន់ ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ (ACFT 3.0) និងការចូលជាធរមាននាពេលថ្មីៗនេះនៃកិច្ច ព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ បានបង្ហាញពីការគាំទ្ររបស់កម្ពុជាចំពោះសេចក្តីប្រកាសរួមស្ដីពី កិច្ចសហប្រតិបត្តិការផ្ដល់ ប្រយោជន៍ទៅវិញទៅមករវាងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ និងទស្សនវិស័យអាស៊ានស្តីពី ឥណ្ឌូ- នៅខែកញ្ញ
ប៉ាស៊ីហ្វិក ដែលនឹងត្រូវអនុម័តនៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៦ ឆ្នាំ២០២៣។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេស សមាជិកអាស៊ាននិងចិន ក្នុងការបញ្ចប់ការពិនិត្យពិភាក្សាជុំទី២ នៃសេចក្តីព្រាងអត្ថបទចរចាតមួយ ស្តីពី ក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ជប៉ុន៖
កិច្ចប្រជុំបានអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និង ទន្ទឹងរង់ចាំការប្រកាសជាភាពជាដៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន នៅកិច្ចប្រជុំកំពូល អាស៊ាន-ជប៉ុនលើកទី២៦ នៅខែកញ្ញា ក៏ដូចជាការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-ជប៉ុន នៅខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ។
អាស៊ានបានស្វាគមន៍ការគាំទ្ររបស់ជប៉ុនចំពោះ AOIP និងបានកោតសរសើរចំពោះការរួមចំណែករបស់ជប៉ុននូវថវិកាចំនួន ១០០លាន ដុល្លារ សម្រាប់ការបង្កើតមូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន (JAIF) ៣.០ ក្នុងខែមីនា ឆ្នាំ ២០២៣ ដែលគាំទ្រដល់គំនិតផ្តួចផ្តើមជាក់ស្ដែងក្រោម AOIP ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អាស៊ាន និងជប៉ុន គួរធ្វើកិច្ចការជាមួយគ្នាដើម្បីអនុវត្តភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការកសាងសមត្ថភាព សម្រាប់សហគ្រាសធុនតូចនិងមធ្យម និងការបង្កើតកាលានុវត្តភាពធុរកិច្ចថ្មីៗ តាមរយៈការបើ ប្រាស់បច្ចេកវិទ្យាឌីជីថល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីអាទិភាពសំខាន់ចំនួន ពីររបស់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP) ដែលអាស៊ាននិងជប៉ុនគួរពិចារណាក្នុងការ ជំរុញទៅមុខ៖ (១) ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដូចជាកំពង់ផែ ផ្លូវដែក ថាមពល និង ICT និង (២) ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនដ៏រឹងមាំ ដើម្បីប្រមូលធនធានដើម្បីបំពេញ តម្រូវការរបស់អាស៊ាន។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សាធារណរដ្ឋកូរ៉េ៖
កិច្ចប្រជុំបានស្វាគមន៍ការប្តេជ្ញាចិត្តរបស់សាធារណរដ្ឋកូរ៉េ ចំពោះតំបន់មួយដែលប្រកប ដោយសន្តិភាព ស្ថិរភាព និងវិបុលភាព តាមរយៈការពង្រឹងចំណុចបំពេញបន្ថែមរវាងយុទ្ធសាស្ត ឥណ្ឌូ-ប៉ាស៊ីហ្វិក និង AOIP និងបានទន្ទឹងរង់ចាំការអនុម័តនៃសេចក្តីប្រកាសរួមស្តីពី កិច្ចសហ- ប្រតិបត្តិការ AOIP នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៤ ក្នុងខែកញ្ញាខាងមុខ នេះ។ អាស៊ានបានស្វាគមន៍បំណងរបស់សាធារណរដ្ឋកូរ៉េ ក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ នៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន- សាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែង របស់សាធារណរដ្ឋកូរ៉េ ក្នុងការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការដែលប្រកបដោយអត្ថន័យ ខ្លឹមសារ និងផ្តល់សារប្រយោជន៍ទៅវិញទៅមក តាមរយៈក្រោមគំនិតផ្តួចផ្តើមសាមគ្គីភាពសាធារណរដ្ឋកូរ៉េ- អាស៊ាន (KASI)។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់របស់ពាណិជ្ជកម្ម សេរីនិងបើកចំហ ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើ “ថា អាស៊ាននិងសាធារណរដ្ឋកូរ៉េ ចាំបាច់ត្រូវទាញយកប្រយោជន៍ឱ្យបានពេញលេញលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីនានា រួមមានភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអ៊ឺរ៉ុប៖
កិច្ចប្រជុំបានរំឭកឡើងវិញពីការរៀបចំកិច្ចប្រជុំកំពូលអបអរសាទរខួបអនុស្សាវរីយ៍អាស៊ាន- សហភាពអឺរ៉ុបប្រកបដោយជោគជ័យ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុង ព្រុចសែល និងបានលើកទឹកចិត្តភាគីទាំងពីរសម្រេចឱ្យបាននូវគោលដៅ និងគោលបំណងដែល បានចែងនៅក្នុងសេចក្ដីប្រកាសរួមរបស់ថ្នាក់ដឹកនាំនៃកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុបឆ្នាំ២០២២។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានទទួលស្គាល់នូវវឌ្ឍនភាពជាវិជ្ជមាន នៅក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរវាងសហភាពអឺរ៉ុប និងប្រទេស សមាជិកអាស៊ានមួយចំនួន និងបានស្នើអាស៊ាននិងសហភាពអឺរ៉ុប ធ្វើកិច្ចការឆ្ពោះទៅរកការ សម្រេចឱ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងតំបន់និងតំបន់ (a region-to-region FTA) ដែលជាគោលបំណងរយៈពេលវែងរួមមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងឡើង ពីសារៈសំខាន់ដ៏ធំធេញនៃការតភ្ជាប់តំបន់ និងបានជំរុញឱ្យសហភាពអឺរ៉ុបបន្តជំរុញការវិនិយោគ ផ្ទាល់ពីបរទេស (FDI) លើហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចឌីជីថល និងទន្ទឹងរង់ចាំដំណើរការ ប្រតិបត្តិការនៃកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-សហភាពអឺរ៉ុប
ដើម្បីបន្តលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងលំហូរធរុកិច្ចរវាងតំបន់ទាំងពីរ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-កាណាដា៖
កិច្ចប្រជុំបានកត់សម្គាល់ពីលទ្ធផលវិជ្ជមាននៃខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនង
កិច្ចសន្ទនាអាស៊ាន-កាណាដាកាលពីឆ្នាំមុន។ កិច្ចប្រជុំបានឯកភាពលើសេចក្តីព្រាងសេចក្តីប្រកាស រួមរបស់ថ្នាក់ដឹកនាំស្តីពី ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-កាណាដា ដែលនឹងត្រូវអនុម័តនៅក្នុងកិច្ច ប្រជុំកំពូលអាស៊ាន-កាណាដា នៅខែកញ្ញា ឆ្នាំនេះ។ នៅក្នុងកិច្ចប្រជុំ ឯកឧត្ដមឧបនាយករដ្ឋមន្តី បានស្នើថា អាស៊ាននិងកាណាដា គួរបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការណ៍ដែលមានចែង ក្នុងសេចក្តីថ្លែងការណ៍រួមស្តីពី ផែនការការងារពាណិជ្ជកម្ម និងវិនិយោគ ឆ្នាំ២០២១-២០២៥ ដើម្បី ជំរុញកំណើន និងផ្ដល់ថាមពលឡើងវិញលើខ្សែសង្វាក់ផ្គត់ផ្គង់សកល ក៏ដូចជាការបញ្ចប់ឱ្យទាន់ ពេលវេលាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស៖
អាស៊ានបានស្វាគមន៍ការអនុវត្តរបស់ចក្រភពអង់គ្លេស ចំពោះផែនការសកម្មភាពអាស៊ាន- ចក្រភពអង់គ្លេស ឆ្នាំ២០២២-២០២៦ តាមរយៈកម្មវិធីអាទិភាពទាំង៥ រួមមាន៖ ១) សមាហរណ- កម្មសេដ្ឋកិច្ច ២) ការអប់រំដល់កុមារី ៣) ស្ត្រី សន្តិភាព និងសន្តិសុខ (WPS) ៤) ប្រព័ន្ធសុខា- ភិបាល និង ៥) ការផ្លាស់ប្តូរអាកាសធាតុ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ដចក្រភព អង់គ្លេសពង្រឹងកិច្ចសហប្រត្តិបត្តិការសេដ្ឋកិច្ចជាមួយអាស៊ាន រួមទាំងតាមរយៈសមាហរណកម្ម
សេដ្ឋកិច្ចតំបន់ ក៏ដូចជាតាមរយៈលទ្ធភាពដែលអាចមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន- ចក្រភពអង់គ្លេស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យអាស៊ាននិងចក្រភពអង់គ្លេសធ្វើកិច្ចការ ឆ្ពោះទៅរកផែនការគ្រប់ជ្រុងជ្រោយមួយ ដែលគ្របដណ្ដប់លើថាមពលស្អាត ការដឹកជញ្ជូនដែល គិតគូដល់បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងហិរញ្ញវត្ថុបៃតង សម្រាប់អនាគតដែល គ្មានសារជាតិកាបូន។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបីលើកទី២៤៖
កិច្ចប្រជុំបានគូសបញ្ជាក់ជាថ្មីអំពីតួនាទីដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ក្នុង ការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចខិតខំប្រឹងប្រែងការកសាងសហគមន៍។ កិច្ចប្រជុំ គូស បញ្ជាក់អំពីតម្រូវការជាចាំបាច់ក្នុងការបង្កើនសមត្ថភាព និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ក្នុងតំបន់ ទាំងពេលបច្ចុប្បន្ននិងពេលអនាគត ដើម្បីជំរុញភាពធន់នៃការស្ដារសង្គម-សេដ្ឋកិច្ចឡើង វិញឆ្ពោះទៅរកបរិយាប័ន្ន សមធម៌ និងស្ថិរភាពនៃកំណើន ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលេចនូវអាទិភាពចំនួន៣ ដែលអាស៊ានបូកបី គួរយកចិត្តទុកដាក់៖ ទី១ ការ ពង្រឹងតួនាទីនៃគំនិតផ្តួចផ្តើមឈៀងម៉ៃស្តីពី ពហុភាគីនិយម (CMIM) និងការគាំទ្រការិយាល័យ ស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) ដើម្បីរក្សាស្ថិរភាពទីផ្សារហិរញ្ញវត្ថុក្នុងតំបន់ ទី២ ការពង្រឹងយន្តការនៃការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់អាស៊ានបូកបី ដើម្បីធានាសន្តិសុខស្បៀង នៅក្នុងតំបន់ និងទី៣ ការជំរុញវិស័យថាមពលក្នុងក្របខ័ណ្ឌអាស៊ានបូកបី ដើម្បីដោះស្រាយវិបត្តិ ថាមពលនាពេលបច្ចុប្បន្ន និងការផ្លាស់ប្តូរពីឥន្ធនៈហ្វូស៊ីលទៅជាប្រភពថាមពលជំនួសផ្សេងទៀត
ដែលអាចប្រើប្រាស់បានក្នុងរយៈពេលវែងប្រកបដោយភាពនវានុវត្តន៍៕