ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងឯកឧត្តម ឃួង ស្រេង នឹងដឹកនាំក្បួនដង្ហែរ បិទយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃទី២១ ខែកក្កដាមានអ្នកចូលរួមប្រមាណជិត៦ម៉ឺននាក់

54

 

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនឈរឈ្មោះពេញសិទ្ធិលេខរៀងទី១ នៅមណ្ឌលរាជធានី ភ្នំពេញ និងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញនឹងដឹកនាំក្បួនដង្ហែរ បិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដែលមានអ្នកចូលរួមប្រមាណជិត៦ម៉ឺននាក់ ដោយចាប់ផ្តើមចេញពី ក្នុងបរិវេណទីធ្លាមុខសាលមហោស្រពកោះពេជ្រ និងបិទបញ្ចប់នៅតំបន់បឹងកក់ក្នុងមូលដ្ឋានខណ្ឌដូនពេញ។

នេះបើតាមការបញ្ជាក់ឲ្យដឹង ក្នុងកិច្ចប្រជុំពិភាក្សា ការងាររៀបចំក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាព្រឹកថ្ងៃ អាទិត្យទី១៦ កក្កដា នេះក្រោមអធិបតីភាពឯកឧត្តមឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ដោយមានការចូលរួមពី គណៈកម្មាធិការគណបក្សខណ្ឌទាំង១៤ អង្គភាពពាក់ព័ន្ធចំណុះអោយគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នៅមន្ទីរបក្សរាជធានីភ្នំពេញ។

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នឹងរៀបចំក្បួនបិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ ដែលមានអ្នកចូលរួមសរុបប្រមាណ៦ម៉ឺននាក់ ក្នុងចំនួននេះ មានសមាជិកាបក្ស ចាំទទួលស្វាគមន៍តាមដងផ្លូវ ប្រមាណជិត៤០០០០នាក់ លើចម្ងាយផ្លូវប្រមាណ១០គីឡូម៉ែត្រជាមួយនឹងការប្រគំតន្ត្រីចំនួន១០ទីតាំង ដោយចាប់ផ្តើមចេញដំណើរពីកោះពេជ្រ និងមកបិទបញ្ចប់នៅ ក្នុងតំបន់បឹងកក់។

ឯកឧត្តម ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះ ក៏បានណែនាំឲ្យប្រធានគណកម្មាធិការគណបក្សខណ្ឌ ដែលមានមូលដ្ឋានរបស់ខ្លួន ស្ថិតនៅក្នុងតម្រាយផ្លូវនៃការដង្ហែរក្បួននេះ ត្រូវទទួលខុសឲ្យបានខ្ពស់បំផុតលើ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យនិងបរិស្ថាន ដើម្បីអោយការដង្ហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញនេះ ទទួលបាននូវភាពគគ្រឹកគគ្រេង ជាមួយនឹងការរក្សាបានល្អទាំងសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង