ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីជាន់ខ្ពស់ធនាគារជាតិបញ្ជាក់ថា ៖ ការទូទាត់ប្រាក់រវាងកម្ពុជា-ចិន គឺជាការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ស្កេន QR Code មិនមែនជាការចាយក្រដាសប្រាក់ យ័នរបស់ចិននៅកម្ពុជាទេ

170

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការទូទាត់ប្រាក់រវាងកម្ពុជា-ចិន គឺជាការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ស្កេន QR Code មិនមែនជាការចាយក្រដាសប្រាក់យ័នរបស់ចិននៅកម្ពុជា ឬក្រដាសប្រាក់រៀលរបស់កម្ពុជានៅប្រទេសចិនឡើយ ។
ក្នុងសន្និសីទការសែត មួយកាលពីថ្ងៃទី១៦ កក្កដា ២០២៣ លោកស្រី បណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងថា ការទូទាត់នេះនឹងជួយជំរុញឱ្យការប្រើប្រាក់រៀលមានការកើនឡើង និងមានកិត្យានុភាពនៅលើឆាកអន្តរជាតិ ព្រោះថាពលរដ្ឋខ្មែរអាចទូទាត់ប្រាក់រៀលនៅបរទេសបាន។ ប៉ុន្តែត្រូវមានគណនីបាគងជាប្រាក់រៀលទើបអាចទូទាត់បាន។

លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការទូទាត់ប្រាក់រវាងកម្ពុជា-ចិន មិនមែនជាការចាយក្រដាសប្រាក់យ័នរបស់ចិននៅកម្ពុជា ឬក្រដាសប្រាក់រៀលរបស់កម្ពុជានៅប្រទេសចិនឡើយ តែជាការទូទាត់តាមរយៈប្រព័ន្ធ QR Code។
លោកស្រី ជា សិរី បានបញ្ជាក់យ៉ាងច្បាស់ថា« ខ្ញុំសូមបញ្ជាក់ម្ដងទៀតថា ការចាយនេះមិនមែនជាការចាយក្រដាសប្រាក់យ័នចិនលើទឹកដីកម្ពុជា ដូចក្រដាសប្រាក់ដុល្លារឡើយ តែជាការចាយវាយតាមប្រព័ន្ធអេឡិចត្រូនិក ស្កេន QR Code ដូចគ្នាចំពោះលុយដែលទទួលបានតាមប្រព័ន្ធអេឡិចត្រូនិកទៀតសោត ក៏ទទួលបានជាលុយរៀល មិនមែនលុយយ័នចិននោះឡើយ»។
ការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងចិននេះអាចគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ២០២៣ ឬយ៉ាងយូរនៅដើមឆ្នាំ២០២៤ខាងមុខនេះ។

បច្ចុប្បន្ននេះកម្ពុជាក៏បានសហប្រតិបត្តិការ ជាមួយប្រទេសថៃប្រកបដោយភាពជោគជ័យ ទាំងទូទាត់នៅក្នុងប្រទេសថៃ និងការទូទាត់នៅកម្ពុជា បន្ដបន្ទាប់ទៅទៀតកម្ពុជានឹងបន្ដសហការជាមួយប្រទេសឡាវ, ចិន, ឥណ្ឌា និងប្រទេសវៀតណាម។
លើសពីនេះទៀត ការទូទាត់នេះ អាចជួយទាក់ទាញទេសចរចិនមកលេងស្រុកខ្មែរកាន់តែច្រើនបន្ថែមទៀតផងដែរ ដោយសារទេសចរចិនមិនចាំបាច់ដកលុយយ័នយកមកដូរជាដុល្លារហើយមកចាយនៅកម្ពុជាធ្វើឱ្យមានហានិភ័យលើអត្រាប្តូរប្រាក់នោះទេ។
លោកស្រីបានបញ្ជាក់ថា ចំពោះការទូទាត់ឆ្លងដែនតាមប្រព័ន្ធអេឡិចត្រូនិកនេះ ពិតជាផ្ដល់ផលចំណេញ លើការជំរុញការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា ដោយ សារតែការសហការគ្នានេះ តម្រូវឲ្យមានគណនីជាប្រាក់រៀល មានន័យថា ទេសចរចិនអាចទូទាត់ប្រាក់មកកាន់អាជីវករកម្ពុជាបាន លុះត្រាតែអាជីវករកម្ពុជាមានគណនីជាប្រាក់រៀល។

ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការទូទាត់ប្រាក់រវាងកម្ពុជា-ចិន តាមរយៈស្កេន KHQR Code រវាងប្រព័ន្ធ Bakong និងក្រុមហ៊ុន UnionPay International របស់ចិន នឹងចូលរួមទាក់ទាញទេសចរចិនចូលមកទស្សនានៅកម្ពុជា និងលើកកិត្យានុភាពលុយរៀលខ្មែរ។ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International កាលពីពេលថ្មីៗនេះ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីជំរុញការទូទាត់សងប្រាក់ឆ្លងដែនតាមប្រព័ន្ធ QR Code។
សូមបញ្ជាក់ថា៖ ការឆ្លើយតបរបស់ធនា គារជាតិនៃកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីមានការ ភន័ច្រឡំពីការចរាចរប្រាក់យ័នចិននៅក្នុងប្រទេសកម្ពុជា ដូចប្រាក់ដុល្លារ ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង