ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីជំនាញ កសិកម្ម ណែនាំឱ្យកសិករដាំដំឡូងមី ត្រូវជ្រើសរើសពូជឱ្យបានល្អទើប ទទួលបានផលច្រើន នាំចេញទៅក្រៅប្រទេស

161

ស្ទឹងត្រែង៖ មន្ត្រីជំនាញ កសិកម្មខេត្តស្ទឹងត្រែងបានណែនាំដល់កសិករ ដាំដំឡូងមី ត្រូវជ្រើស រើសយកពូជ(K U 50) សម្រាប់ដាំ  ដើម្បីរួមគ្នាកាត់បន្ថយ និងលុបបំបាត់ជំងឺឆ្លង(វៃរើសម៉ូហ្សីអ៊ិច) ហើយអាចទទួលបានទិន្នផលល្អបំពេញតម្រូវការទីផ្សារ ជួយឱ្យមានកំណើនជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិ។
នៅថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៣ លោកតាំង ជីផេង មន្ត្រីបច្ចេកទេស ផ្នែកកសិកម្ម បានពន្យល់ថា៖  ដើម្បីឱ្យដំឡូងមីទទួលបានផលច្រើន  កសិករ ត្រូវភ្ជួរដីហាលឱ្យងាប់ស្មៅ និងមេរោគ   ជ្រើសរើសពូជល្អដូចជា(K U 50)ប្រសិនបើមាន ហើយ អនុវត្តការថែទាំ និង ដាក់ជីបន្ថែម ។
លោកបន្តថា៖ នៅក្នុងការថែទាំ ពេលដំឡូងលូតលាស់បានកម្ពស់៥០សង់ទីម៉ែត្រ ពេលសម្អាតស្មៅលើកទី១ ត្រូវពិនិត្យមើល បើដំឡូងមានកើតជំងឺរួញស្លឹក ក្រហមស្លឹកងាប់ដើម ត្រូវដកយកទៅកប់ដី ឬដុតបំផ្លាញចោល  មិនត្រូវស្តាយឡើយ ដើម្បីសម្លាប់មេរោគកុំឱ្យវាចម្លងទៅដំឡូងល្អផ្សេងៗទៀត ។
លោកស្រី អ៊ុនប្រាណ ជាកសិករលក់ដើមដំឡូងមី នៅឃុំស្រែគរ បានបញ្ជាក់ថា៖អ្នកចម្ការ ឆ្នាំនេះបានពង្រីកផ្ទៃដីដាំដំឡូងមីគ្រប់គ្រួសារ  ព្រោះមានអ្នកមិនដែលដាំសោះ ក៏បានមកទិញពូជយកទៅដាំដុះដែរ ដោយសារនៅឆ្នាំ២០២៣ នេះ មើមដំឡូងស្រស់មានតម្លៃចាប់ពី៣២០ទៅ ៤៦០រៀលក្នុងមួយគីឡូក្រាមចំណែកដំឡូងហាលស្ងួត  មានតម្លៃ៧២០ទៅ៨៧០រៀលក្នុងមួយគីឡូក្រាម។
លោកស្រីបន្តថា៖កសិករមិនបានជ្រើសរើសពូជតាមការណែនាំក៏ពិតមែន តែពួកគាត់បានប្រឹងប្រែង ដាំដុះមិនទុកផ្ទៃដីឱ្យនៅទំនេរទេ   ហើយនៅតាមចម្ការនីមួយៗសង្កេតឃើញមាន ដំឡូងខ្លះល្អ ខ្លះទៀតមានកើតជំងឺងាប់ដើម
ក៏មានដែរ ។
លោកស្រីចនគឿន ជាកសិករដាំដំឡូងមីនៅឃុំស្រែគរ ម្នាក់ទៀតបានទទួលស្គាល់ថា៖  ឆ្នាំនេះដំឡូងមិនសូវល្អទេ ព្រោះកើតជំងឺរួញស្លឹកច្រើន ហើយស្វិតងាប់ដើម ដោយសារដីចម្ការខ្លះ   មានស្ថានភាពជាំទឹក ក្នុងពេលដែលអាកាសធាតុមានការប្រែប្រួលផងនោះ។
លោកស្រីបន្តថា៖ នៅតាមមូលដ្ឋានដាច់ស្រយាលមិនមានពូជល្អ ដាំទេដោយយកពូជពីចម្ការខ្លួនឯងទៅដាំវាចំណាយតិច ហើយខ្វះខាតទិញដើម នៅក្នុងស្រុកបន្ថែម ខណៈ បច្ចុប្បន្ននេះ កសិករយើងកំពុងអនុវត្តតាមមន្ត្រីជំនាញកសិកម្មដែលបានណែនាំហើយ  ។
សូមបញ្ជាក់ថា៖ ដោយសេវាកម្មតម្លៃដំឡូងមីមានទីផ្សារល្អ បានជំរុញទឹកចិត្ត កសិករនៅខេត្តស្ទឹងត្រែង  បង្កើនផែនការដាំដំណាំដំឡូងមី កាន់តែច្រើនលើសឆ្នាំ២០២២ ប្រមាណជាង ២០% ទៅលើផ្ទៃដីសរុប បានជិត៣ម៉ឺនហិកតា  ព្រោះដំណាំឧស្សាហកម្មមួយប្រភេទនេះ មានឈ្មួញទិញនាំចេញទៅប្រទេសជិតខាងទាំងរដូវប្រាំងនិងរដូវវស្សា៕. សំរិត

អត្ថបទដែលជាប់ទាក់ទង