ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងផ្លូវបេតុងចំនួន០៣ខ្សែ និងប្រព័ន្ធលូបង្ហូរទឹកភ្លៀង១ខ្សែ សង្កាត់លេខ១ និងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ត្រូវបានដាក់ដេញថ្លៃរួចរាល់ និងត្រូវបើកការដ្ឋានសាងសង់នាពេលខាងមុខនេះ

135

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ រដ្ឋបាលក្រុងព្រះសីហនុ បានសហការរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិសង្កាត់លេខ១ និងសង្កាត់លេខ៣ ឆ្នាំ២០២៣។ ក្នុងនោះគម្រោងផ្លូវបេតុងចំនួន០៣ខ្សែ និងប្រព័ន្ធលូបង្ហូរទឹកភ្លៀង១ខ្សែ ស្ថិតនៅក្នុងសង្កាត់លេខ១ និងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ត្រូវបានដាក់ដេញថ្លៃរួចរាល់ និងត្រូវបើកការដ្ឋានសាងសង់នាពេលខាងមុខនេះ
ក្នុងកិច្ចដំណើរការដេញថ្លៃនាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នេះ ក៏មានការចូលរួមសម្របសម្រួលដោយលោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តព្រះសីហនុ អភិបាលរងក្រុងព្រះសីហនុ គណៈកម្មការលទ្ធកម្មឃុំ/សង្កាត់ និងមន្ត្រីគាំទ្របច្ចេកទេសខេត្ត ព្រមទាំងមានការចូលរួមពីបណ្តាក្រុមហ៊ុនដេញថ្លៃជាច្រើន។

ជាកិច្ចចាប់ផ្តើម លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តព្រះសីហនុ បានលើកឡើងថា ដើម្បីដោះស្រាយការលំបាក ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានខិតខំប្រឹងប្រែងបន្ថែមទៀតពីថ្នាក់ដឹកនាំខេត្តព្រះសីហនុ គឺឯកឧត្តម គួច ចំរើន ជាក់ស្តែងតាមបណ្តាឃុំ/សង្កាត់នៅក្នុងខេត្តព្រះសីហនុ បានដាក់ឲ្យដំណើរការដេញថ្លៃគម្រោងឃុំ/សង្កាត់ ជាបន្តបន្ទាប់ ហើយក៏បានសម្រេចលទ្ធផលល្អជាហូរហែផងដែរ។
កិច្ចប្រជុំបើកសំណើដេញថ្លៃ បានដំណើរការដោយរលូន ស្របតាមនីតិវិធី និងកម្មពិធីដែលបានគ្រោងទុក ប្រកបដោយតម្លាភាព។

បន្ទាប់ពីប្រធានគណៈកម្មការលទ្ធកម្មបានប្រជុំសម្រេច និងប្រកាសលទ្ធផលនៃការដេញថ្លៃរួចមក ប្រធានក្រុមហ៊ុន ដែលបានដេញថ្លៃឈ្នះ បានឡើងមានមតិប្ដេជ្ញាចិត្ត ក្នុងការអនុវត្តការសាងសង់ ឲ្យមានគុណភាពល្អ ត្រឹមត្រូវទៅតាមប្លង់បច្ចេកទេស។

លោកនាយកទីចាត់ការបានមានមតិផ្ដាំផ្ញើ ដល់ក្រុមហ៊ុនដែលបានដេញថ្លៃឈ្នះក្នុងការអនុវត្តគម្រោងមូលនិធិសង្កាត់ទាំងពីរ ត្រូវយកចិត្តទុកដាក់សហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តគម្រោងប្រកបដោយគុណភាពខ្ពស់ ស្របតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ ដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង៕

 

អត្ថបទដែលជាប់ទាក់ទង