ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលក្រុងប៉ោយប៉ែត នឹងចាត់វិធានការច្បាប់ ចំពោះ ក្រុមហ៊ុន ឬប្រតិបត្តិករកស៊ីបញ្ចាំ ដែលយកអត្តសញ្ញាណប័ណ្ណច្បាប់ដើមធ្វើបញ្ចាំ សូមយកប្រគល់ជូនម្ចាស់គេវិញ ឬជូនសាលាក្រុង

65

 

បន្ទាយមានជ័យ ៖ រដ្ឋបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រមូលអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម ដែលបានដាក់បញ្ចាំនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងបញ្ចាំនានាក្នុងក្រុងប៉ោយប៉ែត រដ្ឋបាលក្រុងនឹងចាត់វិធានការច្បាប់ ចំពោះអ្នកមិនអនុវត្តតាម ។

យោង ៖ លិខិតលេខ៧៣៥/២៣ សសរ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
រដ្ឋបាលក្រុងប៉ោយប៉ែត មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ គ្រឹះស្ថានហិរញ្ញវត្ថុឯកជន ប្រតិបត្តិករកម្ចី ជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងបញ្ចាំនានា បងប្អូនប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ទាំងអស់ ឱ្យបានជ្រាបថា កន្លងមកក៏ដូចជាពេលបច្ចុប្បន្នមានប្រជាពលរដ្ឋមួយចំនួនបានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ជាពិសេសប្រតិបត្តិករកម្ចីជនបទ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ កន្លែងទទួលបញ្ចាំ ឬជាមួយហាងលក់ទំនិញប្រើប្រាស់នានា ដែលបានអនុវត្តមិនត្រឹមត្រូវ តាមក្រមរដ្ឋប្បវេណី បទប្បញ្ញត្តិនានា និងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺជា ឯកសារផ្លូវការមួយសម្រាប់បញ្ជាក់អំពីអត្តសញ្ញាណបុគ្គលម្នាក់ៗដែលមានសញ្ជាតិខ្មែរ សម្រាប់ប្រើប្រាស់ក្នុងការស្នើសុំ សេវានានា ក៏ដូចជាការអនុវត្តសិទ្ធ និងកាតព្វកិច្ចជាពលរដ្ឋខ្មែរ។

ដើម្បីទប់ស្កាត់ការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅប្រើប្រាស់មិនត្រឹមត្រូវតាមក្រមរដ្ឋប្បវេណី បទប្បញ្ញតិនានា និងជាឧបសគ្គធ្វើឱ្យម្ចាស់បុគ្គលមិនអាចប្រើប្រាស់នូវសិទ្ធិស្នើសុំការផ្តល់សេវាផ្សេងៗបន្តទៅទៀត រដ្ឋបាលក្រុងប៉ោយប៉ែត សូមធ្វើការណែនាំ និងជម្រាបជូនព័ត៌មានដូចខាងក្រោម ៖

១. សូមឱ្យគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុឯកជន ប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធឬក្រៅប្រព័ន្ធ ហាងលក់ទំនិញ ប្រើប្រាស់ និងកន្លែងបញ្ចាំនានា ដែលមានប្រជាពលរដ្ឋបានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ទៅដាក់បញ្ចាំ ធ្វើការប្រមូលអត្តសញ្ញាណប័ណ្ណទាំងនោះយកមកប្រគល់ជូនរដ្ឋបាលក្រុងប៉ោយប៉ែត ដើម្បីឱ្យ រដ្ឋបាលក្រុងថតចម្លង និងធ្វើការបញ្ជាក់លើភាពត្រឹមត្រូវ សម្រាប់ប្រើប្រាស់ជំនួសច្បាប់ដើមវិញ។

២. ក្រោយពីទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ក្រុមការងាររបស់រដ្ឋបាលក្រុងនឹងចុះប្រគល់ អត្តសញ្ញាណប័ណ្ណដែលបានដកហូតពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅ ប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងបញ្ចាំ ជូនប្រជាពលរដ្ឋដែលជាម្ចាស់អត្តសញ្ញាណប័ណ្ណវិញ។

៣.គ្រប់គ្រឹះស្ថានហិរញ្ញវត្ថុឯកជន ប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងបញ្ចាំ ហាមដាច់ខាតចំពោះការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ជាវត្ថុចញ៉ាសម្រាប់ ធានាលើការផ្តល់ឥណទាន និងត្រូវអនុវត្តឱ្យបានដាច់ខាតនូវលិខិតលេខ៣៧.០២៣.១២ សជណ ចុះថ្ងៃ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា ស្តីពីការហាមឃាត់ទទួលយកអត្តសញ្ញាណប័ណ្ណ ឬ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅសម្រាប់ការធានាលើការផ្តល់ឥណទាន។

៤. នឹងចាត់វិធានការតាមនីតិវិធីច្បាប់ និងផ្លូវច្បាប់ជាធរមាន ក្នុងករណីរកឃើញថាមានគ្រឹះស្ថានហិរញ្ញវត្ថុ ឯកជន ប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងបញ្ចាំ នៅតែបន្ត យកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមសម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី។

ទទួលបានសេចក្ដីជូនដំណឹង រដ្ឋបាលក្រុងប៉ោយប៉ែតសង្ឃឹមយ៉ាងមុតមាំថា គ្រប់គ្រឹះស្ថានហិរញ្ញវត្ថុឯកជន ប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងបញ្ចាំនានា ជ្រាបជាព័ត៌មាន និងយក ចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ៗ៕

 

អត្ថបទដែលជាប់ទាក់ទង