សម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ៖ គណបក្សប្រជាជនកម្ពុជា ដែលជារបស់ប្រជាជន និងបានបម្រើប្រជាជននៅគ្រប់កាលៈទេសៈ
ស្វាយរៀង៖ សម្ដេចកិត្តិសង្គហបណ្ឌិត
ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង បានបន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងបង្រៀនឲ្យចេះ គូសសន្លឹកឆ្នោត ដល់សមាជិកបក្ស ៨០០នាក់ នៅឃុំគគីរសោម ស្រុកស្វាយទៀប ខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៣។
សម្តេចបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ៖ រយៈកាលជាង ៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជម្រុញការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងជាប្រទេសដែលប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្ត ទៀតថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលជារបស់ប្រជាជន និងបានបម្រើប្រជាជននៅគ្រប់កាលៈទេសៈ ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេស គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា«ទេវតាបាច
ផ្កា» ដែលមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ។
សូមបញ្ជាក់ថា៖ នៅក្នុងចុងបញ្ចប់នៃកម្មវិធីសម្តេចកិត្តិសង្គហបណ្ឌិត និងក្រុមការងារ ក៏បានបង្រៀន សមាជិកសមាជិកា បក្សឲ្យចេះគូសសន្លឹកឆ្នោតផងដែរ៕. សំរិត