ឃាត់ខ្លួនអ្នកកាសែតម្នាក់ ដែលក្លែងឈ្មោះបុគ្គលិកព័ត៌មានទូរទស្សន៍បាយ័ន ដើម្បីឆាតសុំថវិកា ពីមន្ដ្រីតាមក្រសួងស្ថាប័ន
ភ្នំពេញ ៖ នគរបាលបានឃាត់ខ្លួនអ្នកកាសែតម្នាក់ ដែលក្លែងអត្តសញ្ញាណជាបុគ្គលិកស្ថានីយ៍ទូរទស្សន៍បាយ័ន ដើម្បីសុំ និងជម្រិតទារប្រាក់ពីថ្នាក់ដឹកនាំ តាមអង្គភាពស្ថាប័នរដ្ឋនានា។
នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានចុះអនុវត្តដីកាដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មូល រតនៈ ភេទប្រុស អាយុ ៣០ឆ្នាំ នៅចំណុចភូមិសាស្ត្រ ភូមិត្រពាំងជើង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទាក់ទិននិងការឃាត់ខ្លួននេះ គឺតាំងពីដើមឆ្នាំ២០២១មក ជនសង្ស័យរូបនេះតែងតែយកអត្តសញ្ញាណបុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ដើម្បីយកទៅភ្ជាប់សារ Telegram និង WhatsApp និងតែងតែទាក់ទងទៅកាន់ថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងស្ថាប័ននានា ដើម្បីសុំប្រាក់ចុះបេសកកម្ម និងគំរាមកំហែង ថានឹងចុះព័ត៌មានអំពីអំពើអសកម្មនានា ដើម្បីជាថ្នូរ និងប្រាក់។ ទើបដល់ដើមឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន បានដាក់ពាក្យបណ្ដឹងមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្ដឹងពីជនសង្ស័យបានប្រើប្រាស់អត្តសញ្ញាណរបស់បុគ្គលិកទូរទស្សន៍បាយ័ន ដើម្បីដើរសុំ និងទារប្រាក់ពីថ្នាក់ដឹកនាំ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសស្ថានីយទូរទស្សន៍។
នគរបាលបន្ថែមថា បន្ទាប់ពីធ្វើការស្រាវជ្រាវបានល្អិតល្អន់ នាយកដ្ឋានបានកំណត់មុខសញ្ញាជនសង្ស័យមួយរូប ឈ្មោះ មូល រតនៈ មានមុខរបរជានិពន្ធនាយកកាសែតសេនាធិបតី និងបន្ទាប់មកនាយកដ្ឋានក៏បានទទួលដីការបញ្ជាឱ្យចូលខ្លួនលេខ ២៨៣ អ.យ.ក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ របស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែកក្កដានេះ កម្លាំងនាយកដ្ឋានបានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនបុគ្គលរូបនេះ ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕