ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្ដកណ្ដាល ក្នុងដំណាក់ការទី១ សម្រេចបានប្រមាណ៥០ភាគរយ ចំណាយទឹក ប្រាក់ វិនិយោគ៧១២លានដុល្លារអាមេរិក

62

ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី)ខេត្ដកណ្ដាល ក្នុងដំណាក់ការទី១ សម្រេចបានប្រមាណ ៥០% ហើយ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៣ ដោយចំណាយទឹកប្រាក់សរុបចំនួន ៧១២លានដុល្លារអាមេរិក។
យោងតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បង្ហាញថា លទ្ធផលការងារសាងសង់ ដែលក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) ក្នុងដំណាក់ការទី១នេះ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្រេចបានចំនួនជាង ៥០% (ភាគរយ) ដោយ ចំណាយទឹកប្រាក់សរុបចំនួន ៧១២លានដុល្លារអាមេរិក។

ការងារសាងសង់គម្រោងទាំងមូល ក្នុងដំណាក់កាលទី១ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ និងគ្រោងដាក់ ឱ្យដំណើរការនៅឆ្នាំ២០២៥ ប្រសិនបើគ្មានអ្វីប្រែប្រួលទេ។ នេះបើយោងលើកម្មវិធីការងារមេ Updated Master Schedule) ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយដោយ CAIC ។
លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបង្ហាញថា បន្ទាប់ពីដំណាក់កាលទី១ ត្រូវបានបញ្ចប់ អាកាសយានដ្ឋានអន្តរជាតិតេជោ(ភ្នំពេញថ្មី) នឹងមានសមត្ថភាពទទួលបានការចុះចតយន្តហោះរហូតដល់កូដអេហ្វ (Code E: A-340-300, A350-900 នឹង B777-200/300ER, B747-300/ 400) ដែលមានចំណតយន្តហោះចំនួន ៣២ចំណត អាចទទួលអ្នកដំណើរបានពី ១៣លានទៅ១៥លាននាក់/ឆ្នាំ (២០២៤) និងអាចទទួលទំនិញតាមផ្លូវអាកាសពី ១៧៥,០០០តោន/ឆ្នាំ (២០២៤) ទៅ ៣០,០០០តោន/ឆ្នាំ (២០៣០-២០៤០)។

រីឯវឌ្ឍនភាពនៃការសាងសង់ផ្លូវតភ្ជាប់ពីមហាវិថីសម្តេច ហ៊ុនសែន ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទទឹងប្រវែង៦០ម៉ែត្រ និងបណ្តោយប្រវែង១៣.៥ គីឡូម៉ែត្រ សម្រេចបាន ៤៦% ដែលផ្លូវនេះត្រូវបានតភ្ជាប់ពីមហាវិថីសម្តេច ហ៊ុនសែន កាត់ផ្លូវជាតិលេខ២ ឆ្ពោះត្រង់ទៅកាន់អាកាសយាន ដ្ឋានអន្តរជាតិតេជោតែម្តង ។
សូមបញ្ជាក់ថា៖ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលមានតម្លៃវិនិយោគប្រមាណជា ១,៥ ពាន់លានដុល្លារនេះ បច្ចុប្បន្នកំពុងអភិវឌ្ឍដោយក្រុមហ៊ុន OCIC។ ហើយក្រោយបញ្ចប់ការសាង សង់ គម្រោងនេះ នឹងក្លាយជាព្រលានយន្តហោះធំជាងគេទី៩ នៅលើពិភព លោក ឬត្រូវបានគេស្គាល់ថា ជាអាកាសយានដ្ឋានថ្នាក់៤F ដែលអាចទទួលអ្នកដំណើរបានពី ១៣លានទៅ១៥លាននាក់/ឆ្នាំ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង