ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រកម្ពុជា បានផ្ញើសារលិខិតជូន លោក ស៊ី ជិនពីង ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត

66

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានផ្ញើសារលិខិតជូន លោក ស៊ី ជិនពីង ( Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដោយអបអរសាទរដល់ខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

យោងតាមព្រះរាជលិខិតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់មានព្រះរាជបន្ទូលថា​ “ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមសម្តែងនូវអំណរសាទរយ៉ាងកក់ក្ដៅ និងពរសព្ទសាធុការ សូមមានសុភមង្គល ជោគជ័យ និងវិបុលភាពជូនចំពោះ ឯកឧត្តម និងតាមរយៈ ឯកឧត្តម ជូនចំពោះ ប្រជាជនចិនទាំងអស់ ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនង ការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។
ប្រវត្តិសាស្ត្រដ៏យូរលង់នៃមិត្តភាពជាប្រពៃណីរបស់យើង ដែលត្រូវបានបង្កើតឡើង និងពូនជំ ដោយ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» និងឯកឧត្តមប្រធាន ម៉ៅ សេទុង ក៏ដូចជា ឯកឧត្តម ជូ អេនឡាយ នាយករដ្ឋមន្ត្រីចិន ព្រមទាំងត្រូវបានជំរុញដោយថ្នាក់ដឹកនាំ ជំនាន់ក្រោយៗទៀត នៃប្រទេសទាំងពីរ មានការរីកចម្រើនប្រកបដោយភាពស៊ីជម្រៅ និងវិសាលភាព បើទោះបីជាមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងប្រទេសទាំងពីរ និងក្នុងតំបន់ក៏ដោយ។ ចំណង មិត្តភាពដ៏ល្អប្រសើររបស់ពួកយើង ត្រូវបានដំឡើងទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ២០១០ និងសហគមន៍វាសនារួម ក្នុងឆ្នាំ២០១៩ និងបានវិវឌ្ឍទៅជាមិត្តភាព ដែកថែប ដោយផ្អែកលើគោលការណ៍ នៃការជឿជាក់ផ្នែកនយោបាយស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ។ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលមើលឃើញសមិទ្ធផលគួរឱ្យកត់សម្គាល់របស់យើង លើគ្រប់វិស័យ និងមានទំនុកចិត្តយ៉ាងពេញទំហឹងថា កិច្ចសហប្រតិបត្តិការជាក់ស្ដែងរបស់យើង និង កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលទើបបង្កើតថ្មី នឹងបន្តកាន់តែស៊ីជម្រៅ និងរីកចម្រើន ដើម្បី ជំរុញកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
កម្ពុជាសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានារបស់ចិន ដែលបានបង្កើតឡើង។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តម ខ្ញុំជឿជាក់យ៉ាងមុតមាំថា ចិន នឹងបន្តទទួលបាននូវភាពរីកចម្រើន វិបុលភាព និងការអភិវឌ្ឍបន្ថែមទៀត។
ក្នុងកាលៈទេសៈនៃការប្រែប្រួលស្ថានការណ៍ពិភពលោកដែលកំពុងកើតមាន ខ្ញុំមានទំនុកចិត្ត យ៉ាងមុតមាំថា ចំណងមិត្តភាពកម្ពុជា-ចិន នៅតែរឹងមាំ និងបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការឈ្នះ- ឈ្នះ ខណៈបន្តថែរក្សាទំនាក់ទំនងមិត្តភាពដែកថែប ដែលជារតនសម្បត្តិដ៏មានតម្លៃបំផុត សម្រាប់ មនុស្សជំនាន់ក្រោយ។ កម្ពុជានឹងបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ គាំទ្រគំនិតផ្តួចផ្ដើម ខ្សែក្រវាត់ និងផ្លូវ ហើយនឹងធ្វើការរួមគ្នាជាមួយមិត្តចិន ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើ វិស័យនានា ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសយើងទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក”។

ជាមួយនឹងឱកាសនេះ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ញើសារជូនព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា ” តាងនាមរដ្ឋាភិបាល និងប្រជាជនចិន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង សូមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុតថ្វាយព្រះករុណា និងតាមរយៈ ព្រះករុណា ជូនចំពោះប្រជាជនកម្ពុជាជាបងប្អូន ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។
ក្នុងរយៈពេល ៦៥ឆ្នាំ កន្លងមកនេះ ទំនាក់ទំនងចិន-កម្ពុជា បានបន្តរីកចម្រើនកាន់តែរឹងមាំ ថែមទៀត ទោះបីជាមានការប្រែប្រួលនៃស្ថានការណ៍អន្តរជាតិក៏ដោយ។ ព្រះករុណា បានបន្តមរតក របស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ “ព្រះបរមរតនកោដ្ឋ» ក្នុងកិច្ចខិតខំប្រឹងប្រែង និង ការគាំទ្រយ៉ាងខ្ជាប់ខ្ជួន ដើម្បីពង្រឹងមិត្តភាពរវាងកម្ពុជា និងចិន ដែលអាចចាត់ទុកបានថា ប្រទេសចិន ជាមាតុភូមិទី ២ ដែលតែងតែស្វាគមន៍ព្រះអង្គ។ នៅដើមឆ្នាំនេះ ព្រះករុណា និងខ្ញុំបានជួបគ្នានៅប៉េកាំង និងបានផ្លាស់ប្ដូរសារលិខិត សំដៅរួមគ្នាជំរុញការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យ ថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ ខ្ញុំមានសេចក្តីសោមនស្សរីករាយដោយ បានសង្កេតឃើញថា កិច្ចសហប្រតិបត្តិការត្បូងពេជ្រចិន-កម្ពុជា មានការរីកចម្រើនយ៉ាងស៊ីជម្រៅ និង ក្នុងវិសាលភាពធំទូលាយ រួមមានវឌ្ឍនភាពនៃគម្រោងបង្កើត “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង “ច្រករបៀងមច្ឆា និងអង្ករ» ក្នុងខណៈដែលសម្រេចបាននូវលទ្ធផលផ្លែផ្កា នៃឆ្នាំមិត្តភាពចិន-កម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត។ ខ្ញុំផ្តល់សារសំខាន់ ខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជា និងត្រៀមខ្លួនជាស្រេច ក្នុងការខិតខំប្រឹងប្រែងរួមគ្នា ជាមួយព្រះករុណា ដើម្បីនាំមកនូវជោគជ័យ និងផលប្រយោជន៍ជាក់ស្ដែងបន្ថែមទៀតជូនប្រជាជន ន ប្រទេសទាំងពីរ។
សូមឱ្យមិត្តភាពចិន-កម្ពុជា រីកចម្រើនស្រស់បំព្រង និងមានវិបុលភាពជាអមតៈ។ សូមជូនពរព្រះរាជាណាចក្រកម្ពុជាមានវិបុលភាព និងប្រជាជនកម្ពុជាមានសុភមង្គល”៕

អត្ថបទដែលជាប់ទាក់ទង