ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ហ៊ុន ម៉ាណែត បានធ្វើការផ្ដាំផ្ញើ អោយបងប្អូនប្រជាពលរដ្ឋ បន្តប្រកាន់ភ្ជាប់នៅច្បាប់បោះឆ្នោត នីតិវិធីនិងគោលការណ៍ណែនាំរបស់គ ជ ប ដើម្បីរួមគ្នាយកជ័យជំនះ

131

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនឈរឈ្មោះតំណាងរាស្រ្ដពេញសិទ្ធិលេខរៀងទី ១ មណ្ឌលរាជធានីភ្នំពេញរបស់គណបក្សប្រជាជនកម្ពុជា
បានផ្ដាំផ្ញើអោយបងប្អូនប្រជាពលរដ្ឋនិងកងទ័ពទេវតាទាំងអស់ ប្រកាន់ភ្ជាប់នៅច្បាប់បោះឆ្នោត នីតិវិធីនិងគោលការណ៍ណែនាំរបស់គណៈកម្មការបោះឆ្នោត ,កុំពិសារគ្រឿងស្រវឹងនិងចែកចាយគ្រឿងស្រវឹងនៅថ្ងៃទី២២និងទី២៣ខែកក្កដានិងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យទាំងអស់គ្នា។

ការផ្ដាំផ្ញើបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣នេះ ខណៈ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និង លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ដឹកនាំការជួបជុំសមាជិក-សមាជិកា ដើម្បីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ ដោយជួបជុំគ្នានៅកោះពេជ្រ។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកឡើងថា ៖ នៅថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឯកឧត្តមសូមអញ្ជើញបងប្អូន ប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នា គឺបោះឆ្នោតជូន គណបក្សដែលមានរូប ទេវតាបាចផ្កា នៅលេខរៀងទី១៨នៃសន្លឹកឆ្នោត។

ឯកឧត្តមក៏បានធ្វើការផ្ដាំផ្ញើ អោយបងប្អូនប្រជាពលរដ្ឋដែលជាកងទ័ពទេវតាទាំងអស់ បន្តប្រកាន់ភ្ជាប់នៅច្បាប់បោះឆ្នោត នីតិវិធីនិងគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ ជ ប) ដើម្បីរួមគ្នាយកជ័យជំនះ នៅក្នុងការបោះឆ្នោតនេះដោយភាពថ្លៃថ្នូរ។ សូមកុំពិសារគ្រឿងស្រវឹងនិងចែកចាយគ្រឿងស្រវឹង នៅថ្ងៃទី២២និងទី២៣ខែកក្កដា ដែលមានចែងនៅក្នុងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមក៏បានសូមឱ្យបងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិកាគណបក្សទាំងអស់ ត្រៀមអត្តសញ្ញាណប័ណ្ណ និងឯកសារបញ្ជាក់អត្តសញ្ញាណ ដើម្បីទៅបោះឆ្នោតនៅថ្ងៃទី២៣កក្កដាទាំងអស់គ្នានិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូប ទេវតាបាចផ្កា នៅលេខរៀងទី១៨នៃសន្លឹកឆ្នោត។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានគាំទ្រយ៉ាងច្រើនរើសលប់ ចំពោះសកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជន បើប្រៀបធៀបកាលពីពេលមុន ។ សម្រាប់អាណត្តិនេះ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញក៏ដូចជាប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត បាន ចូលរួមសកម្មភាពជាមួយគណបក្សប្រជាជនកម្ពុជាយ៉ាងសកម្មនិងលើសលប់ ។ គណបក្សប្រជាជនកម្ពុជាមានចំណុចពិសេសមួយដែលគណៈបក្សផ្សេងៗទៀតមិនអាចធ្វើបាន។ គណបក្សប្រជាជនកម្ពុជា ជាមហាគ្រួសារមួយ ធ្វើដើម្បីប្រជាជន អ្វីៗដើម្បីប្រជាជន និងកើតចេញពីប្រជាជន។ ពិសេសបាននាំមកនូវសុខសន្តិភាពជូនប្រជាជន ដែលប្រជាជនកម្ពុជាបានបាត់បង់ជាច្រើនសតវត្សមកហើយ។

លោកបន្តថា៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានដាក់ចេញជាគោលនយោបាយច្បាស់លាស់នោះ គឺប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នានៅថ្ងៃទី២៣ កក្កដាឆ្នាំ២០២៣ខាងមុខនេះ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាមានឱកាសក្នុងការដឹកនាំប្រទេសជាតិឲ្យកាន់តែមានភាពរីកចម្រើន និងគាំទ្របេក្ខភាពឯកឧត្តមហ៊ុនម៉ា ណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត។

គួរបញ្ជាក់ថា៖ នៅថ្ងៃទី២១ កក្កដានេះ ក្បួនដង្ហែបានហែចេញពីកោះពេជ្រនៅវេលាម៉ោង ៧ និង ៣០នាទី ឆ្ពោះទៅរង្វង់មូលសម្តេច សង្ឃជួនណាត បត់ស្តាំចូលតិរវិថីព្រះស៊ីសុវត្ថិ បត់ឆ្វេងចូលផ្លូវលេខ ១០៦។ បន្ទាប់មកក្បួនបាន ចាប់ផ្ដើមបំបែកជា ២ ក្នុងនោះ ក្បួនទី ១ ធ្វើដំណើរបន្តដោយបត់ឆ្វេងចូលផ្លូវលេខ ១៩ បត់ស្តាំ ចូលផ្លូវលេខ ១៣០។ បន្ទាប់មកបត់ឆ្វេងចូលផ្លូវប៉ាស្ទ័រ (ផ្លូវលេខ ៥១) រួចបត់ឆ្វេងចូលផ្លូវលេខ ២១៤ បត់ស្តាំចូលផ្លូវសុកហុក (ផ្លូវលេខ ១០៧) បត់ឆ្វេងចូលមហាវិថីហ្សាដឺហ្គោល (ផ្លូវលេខ ២១៧) ឆ្ពោះទៅស្តុបនាងគង្ហីង។បន្ទាប់មកបត់ស្តាំចូលមហាវិថីឆេកូស្លូវ៉ាគី (ផ្លូវលេខ ១៦៩) ឆ្ពោះទៅស្តុបក្តាន់ពីរ និងបន្តដំណើរចូលតំបន់បឹងកក់។ ក្បួនទី ២ បន្តដំណើរត្រង់តាមផ្លូវលេខ ១០៦ ឆ្ពោះទៅតំបន់បឹងកក់ ដោយឆ្លងកាត់មុខស្ថានីយអយស្ម័យយានភ្នំពេញ រហូតដល់ទីតាំងជួបជុំ ដោយមានសមាជិកា-សមាជិកាគណបក្សបក្សប្រជាជនកម្ពុជា ចាំទទួលស្វាគមន៍តាមដងផ្លូវមានចំនួនជិត ៤០,០០០នាក់។ បន្ទាប់មកសមាជិក-សមាជិកា នៃក្បួនទាំងពីរបានមកជួបជុំគ្នានៅមុខឆាកប្រគំតន្ត្រី ស្ថិតក្នុងតំបន់បឹងកក់រួចទើបរំសាយតែម្តង៕

អត្ថបទដែលជាប់ទាក់ទង