សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបពិភាក្សាការងារ ជាមួយឯកឧត្តមប្រធានរដ្ឋសភាប្រទេសម៉ាឡេស៊ី ដែលបានអញ្ជើញមកចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា
ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម តាន់ ស្រ៊ី ដាតុ ចូហារី ប៊ីន អាប់ឌុល(Tan sri Dato Johari Bin Abdul) ប្រធានរដ្ឋសភាប្រទេសម៉ាឡេស៊ីនៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលផូគីត្រា ខណៈដែលឯកឧត្តមប្រធានរដ្ឋសភាដឹកនាំគណៈប្រតិភូមកចូលរួមសង្កេតការណ៍ ការបោះឆ្នោតនៅកម្ពុជា។
សម្តេចប្រធានរដ្ឋសភានិងឯកឧត្តម តាន់ ស្រ៊ី ដាតុ ចូហារី ប៊ីន អាប់ឌុល មានសេចក្តីសោមនស្សរីករាយ ដែលបានជួបគ្នានាឱកាសនេះ។
ឯកឧត្តមប្រធានរដ្ឋសភា បានចូលរួមអបអរសាទរជាមួយសម្តេចប្រធានរដ្ឋសភា នៅពេលបានឃើញកម្ពុជាមានការីកចម្រើនយ៉ាងឆាប់រហ័ស។
ឯកឧត្តម តាន់ ស្រ៊ី ដាតុ ចូហារី ប៊ីន អាប់ឌុល បានគូសបញ្ជាក់ថា ឯកឧត្តម បានអញ្ជើញមកកម្ពុជាកាលពីឆ្នាំ២០០០ ប៉ុន្តែបើប្រៀបធៀបពីពេលនោះមកពេលនេះ រាជធានីភ្នំពេញ មានការប្រែប្រមុខមាត់យ៉ាងឆាប់រហ័សនិងមានសោភ័ណភាពយ៉ាងស្រស់ស្អាតទៀតផង។
ឯកឧត្តមប្រធានរដ្ឋសភា បានជម្រាបសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ពីលទ្ធផលមួយចំនួនដែលឯកឧត្តមបានជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅមុននេះបន្តិច។ ឯកឧត្តមបានចូលរួមអបសារទរពីដំណើរការបោះឆ្នោតនៅកម្ពុជានិងបានលើកឡើងថាការបោះឆ្នោតនេះគឺដើម្បីថែរក្សាសុខសន្តិភាពនិងបន្តការអភិវឌ្ឍរបស់ប្រទេសទៅមុខទៀត។
សម្តេច ហេង សំរិន បានគូសបញ្ជាក់ថា វត្តមានរបស់ឯកឧត្តមប្រធាន នាពេលនេះ នឹងរួមចំណែកបន្ថែមទៀត ក្នុងការពូនជ្រុំលើកកម្ពស់ទំនាក់ ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រជាជាតិទាំងពីរ ដែលមានជាង៦០ឆ្នាំមកនេះ ឱ្យ កាន់តែរឹងមាំខ្លាំងក្លាថែមទៀត។ជាពិសេស ការចូលរួមរបស់ ឯកឧត្តមប្រធាន ក្នុង ការសង្កេតការណ៍បោះឆ្នោតជាតិ នីតិកាលទី៧ ដែល នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នឹងចូលរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍ដ៏ មានសារៈសំខាន់នេះ ទទួលបានជោគជ័យ ប្រកប ដោយតម្លាភាព សេរី និងយុត្តិធម៌។
សម្តេចបានមានប្រសាសន៍បន្តថា ដូចឯកឧត្តមប្រធាន បានជ្រាបហើយថា នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ កម្ពុជានឹងរៀបចំការបោះឆ្នោតសកល នៅទូទាំងប្រទេសសម្រាប់នីតិកាលទី៧នៃរដ្ឋសភា។ បើគិតចាប់តាំងពីឆ្នាំ ១៩៩៨ មក កម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯង ប្រកបដោយជោគជ័យ និងមានលក្ខណៈសេរី និងយុត្តិធម៌ ដោយមានការចូលរួមសង្កេតការណ៍ពីប្រទេសជាមិត្ត និងអង្គការក្នុង និងក្រៅតំបន់ផងដែរ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នេះ មានគណបក្សនយោបាយចំនួន១៨ បានចូលរួមប្រកួតប្រជែង។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតំលៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី ដែលបានបង្កើតកិច្ចព្រមព្រៀង និង អនុស្សរណៈនានាជាមួយគ្នា និងបានបង្កើតគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី សំដៅត្រួសត្រាយឱ្យមានយន្តការគាំទ្រគ្នាទៅវិញទៅមក។ រដ្ឋសភាកម្ពុជាពេញចិត្ត និងគាំទ្រកិច្ចសហប្រតិបត្តិការពហុវិស័យ ដែលស្ថាប័ននីតិប្រតិបត្តិ នៃ ប្រទេសទាំងពីរបានធ្វើរួមគ្នា លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការអប់រំជាដើម។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងបន្តថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងច្រើនក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ក្រៅពីកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌក្រុមមិត្តភាពរដ្ឋសភា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ លើការងារនីតិកម្ម រដ្ឋ សភា ទាំងពីរក៏បានគាំទ្រគ្នាទៅវិញទៅមក លើវេទិកាអន្តរសភានានាទាំងក្នុងតំបន់ និងសកលលោក មានជាអាទិ៍៖ អន្តរសភាអាស៊ាន(AIPA) និងសហ ភាពសភា (IPU) ជាដើម៕