ឃាត់ខ្លួនយុវជនម្នាក់បញ្ជូនឱ្យសមត្ថកិច្ច ក្រោយរកឃើញថតរូបសន្លឹកឆ្នោត មានការគូសខ្វែង ក្នុងទូរស័ព្ទដៃ
ភ្នំពេញ៖ មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៣ ខែកក្កដានេះ បានឃាត់ខ្លួនយុវជនម្នាក់បញ្ជូន ទៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី២ បន្ទាប់ពីរូបគេយកទូរស័ព្ទថតរូបសន្លឹកឆ្នោត ដោយឃើញមានការគូសខ្វែង។
ជនសង្ស័យដែលបានគូសសន្លឹកឆ្នោតខ្វែង និងត្រូវបានមន្ត្រី គ.ជ.ប រកឃើញក្នុងទូរស័ព្ទនោះ មានឈ្មោះ សាត អូន ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម៩ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (លេខរៀងបោះឆ្នោត៣៨៩)។
បើតាមប្រភពពីមន្ត្រី គ.ជ.ប ជនសង្ស័យឈ្មោះ សាត អូន បានចូលទៅបោះឆ្នោតនៅក្នុងការិយាល័យ ០៨០៤ ក្នុងបន្ទប់សម្ងាត់ ហើយបានថតសន្លឹកឆ្នោតក្នុងទូរស័ព្ទដៃ នៅវេលាម៉ោង០៩៖៣០នាទី។ ពេលនោះប្រធានការិយាល័យ០៨០៤ មានការសង្ស័យ បានសុំឆែកមើលទូរស័ព្ទដៃដែលរូបគេថតក្នុងបន្ទប់សម្ងាត់នោះ ក៏បានឃើញរូបភាពសន្លឹកឆ្នោតមានគូសខ្វែង នៅក្នុងទូរស័ព្ទដៃ ហើយបានឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី២ ដើម្បីបន្តនីតិវិធី។
ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ កំពុងដំណើរការទៅដោយរលូន និងគ្មានបាតុភាពអសន្ដិសុខណាមួយកើតឡើងនោះឡើយ ប៉ុន្ដែពេលការបោះឆ្នោតកំពុងដំណើរការនេះ មានក្រុមជនជ្រុលនិយមមួយចំនួន បានគូសខ្វែងចោលលើកសន្លឹកឆ្នោត ឬធ្វើឲ្យខូចសន្លឹកត្នោត និងបំផុតឲ្យអ្នកដទៃប្រព្រឹត្តអំពើខុសច្បាប់ផ្សេងៗ ហើយបានបង្ហោះចែកចាយនៅតាមបណ្ដាញសង្គម Facebook។
លោក គឹម សន្ដិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងសារលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃអាទិត្យនេះថា សមត្ថកិច្ចកំពុងអង្កេតស្រាវជ្រាវប្រមូលភស្តុតាង ចំពោះបុគ្គលណាដែលថតផ្សាយអំពីការគូសខ្វែងចោលលើសន្លឹកឆ្នោត ឬធ្វើឲ្យខូចសន្លឹកឆ្នោត ឬបំផុសឲ្យអ្នកដទៃប្រព្រឹត្តអំពើបំពានច្បាប់នេះ ក្នុងបណ្តាញសង្គមនានា ដើម្បីចាត់វិធានច្បាប់ ដោយគ្មានការលើកលែង៕