ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពី សរុបព្រឹត្តិការណ៍ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧

98

 

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា នាល្ងាចថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៨:០០ នៅសាលប្រជុំមជ្ឈមណ្ឌល វប្បធម៌ នៃវិទ្យាស្ថានជាតិអប់រំ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានធ្វើការបូកសរុបព្រឹត្តិការណ៍ ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានធ្វើការបូកសរុបអំពីព្រឹត្តិការណ៍នៃថ្ងៃបោះឆ្នោត ជូនអ្នកសារព័ត៌មានជាតិ អន្តរជាតិ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធ ដែលបានចូលរួមជាង ១០០នាក់។
ក្រុមអ្នកនាំពាក្យ គ.ជ.ប សូមដកស្រង់ និងសង្ខេបនូវចំណុចនីមួយៗដូចខាងក្រោម៖ ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស ដែលមានចំនួន ២៣.៧៨៩ការិយាល័យ បានបើកដំណើរការនៅម៉ោង ៧:០០ព្រឹក ព្រមៗគ្នា។
·
·
ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅចាប់ពីម៉ោង ៧:០០ ព្រឹករហូតដល់ម៉ោង ៣:០០ រសៀល ទោះបីមានភ្លៀងនៅតាមរាជធានី ខេត្ត មួយចំនួនយ៉ាងណាក៏ដោយ ដំណើរ ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតបានប្រព្រឹត្តទៅជាប្រក្រតីតាមនីតិវិធី។ ទម្រង់បែបបទលេខ ១១០២ ដែលជាកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត និងលទ្ធផល នៃការបោះឆ្នោត ត្រូវបានគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតបិទផ្សាយភ្លាមផង
ដែរនៅមុខការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ ហើយភ្នាក់ងារគណបក្សនយោបាយបាន ថតរូបភាព និងចម្លងតួលេខពីកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ទ.១១០២ ដែលបិទផ្សាយ និងបានទៅទទួលយកទម្រង់បែបបទលេខ ១១០២ នៅទីស្នាក់ការ គុយ សម នោះ។ អ្នកបានចេញទៅបោះឆ្នោតសរុបទូទាំងប្រទេស មានចំនួន ៨.២:១៣.២៦០នាក់ ស្មើនឹង ៨៤,៥៨% (តួលេខបណ្តោះអាសន្ន) នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន ៩.៧១០.៦៥៥នាក់។

គ.ជ.ប បានសហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក) ដោយយកទិន្នន័យតាមទម្រង់បែបបទលេខ១១០៨ និងទម្រង់បែបបទលេខ ១១០២ ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងបន្ទាប់ពីគណៈកម្មការគ្រប់គ្រងលទ្ធផលបោះឆ្នោតបឋមនៃ គ.ជ.ប បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បានត្រឹមត្រូវហើយ ដើម្បីផ្សព្វផ្សាយ។ លទ្ធផលបឋមនៃការបោះឆ្នោត នេះ មានផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងតាម បណ្តាញសង្គមផ្លូវការរបស់ គ.ជ.ប។ ប្រព័ន្ធផ្សព្វផ្សាយឯកជនអាចតំណភ្ជាប់ពីទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិ បានផងដែរ។

បន្ទាប់មក គ.ជ.ប បានឆ្លើយទៅនឹងសំណួរជាច្រើនរបស់អ្នកចូលរួមក្នុងព្រឹត្តិការណ៍យប់ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នោះយ៉ាងក្បោះក្បាយតាមច្បាប់ និងនីតិវិធីនៃការបោះឆ្នោត។ មុននឹងបញ្ចប់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលជាតំណាងរបស់ប្រជាពលរដ្ឋក្នុងការដឹកនាំការអភិវឌ្ឍប្រទេស និងលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅព្រះរាជាណាចក្រកម្ពុជា និងសូមថ្លែងអំណរគុណចំពោះ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ ភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់ អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួម និងសហការអនុវត្តតាមភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ឯកឧត្តម បន្ត ថា នេះជាការរួមចំណែកធ្វើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងសូមបន្តរក្សាភាពស្ងប់ស្ងាត់ ដើម្បីបង្កបរិយាកាសល្អ ក្រោយថ្ងៃបោះឆ្នោត និងរង់ចាំការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតដោយ គ.ជ.ប។
តាមប្រតិទិននៃការបោះឆ្នោត លទ្ធផលផ្លូវការនៃការបោះឆ្នោតនឹងត្រូវប្រកាសផ្សាយនៅ ចន្លោះពីថ្ងៃទី៩ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ (តាមករណីគ្មាន ឬមានពាក្យបណ្តឹង និង ករណីគ្មានការបោះឆ្នោតសាជាថ្មី)៕

 

អត្ថបទដែលជាប់ទាក់ទង