ក្រសួងសេដ្ឋកិច្ច ចេញសេចក្ដីណែនាំ ស្ដីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះបារីនាំចូល គោលដៅលក់ក្នុងស្រុក
ភ្នំពេញ៖ អនុលោមតាមមាត្រា៥៩ មាត្រា៦០ មាត្រា៦៥ និងមាត្រា៦៦ នៃច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ប្រការ៦០ នៃប្រកាសស្តីពីអាករលើ តម្លៃបន្ថែម លេខ១០៣១ ប្រក.សហវ.ពដ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងចំណារ ឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៣ លើលិខិតលេខ៤៧៥៩ សហវ.លស.អពដ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ របស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្នុងគោលដៅពង្រឹងការអនុវត្តអាករលើតម្លៃបន្ថែមឱ្យមានតម្លាភាព និងសង្គតិភាព ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមណែនាំដល់គ្រប់ម្ចាស់សហគ្រាសដែលប្រកបអាជីវកម្មនាំចូលបារី ឬចែកចាយបន្តបារីនាំចូល ទាំងអស់ អំពីនីតិវិធីនៃការអនុវត្តអាករលើតម្លៃបន្ថែម(អតប) ដូចខាងក្រោម៖
១. ចំពោះបារីដែលនាំចូលសម្រាប់គោលដៅលក់ក្នុងស្រុក សហគ្រាសត្រូវអនុវត្តអាករលើតម្លៃបន្ថែមដូចទំនិញ នាំចូលជាប់អាករដទៃទៀតដែរ ដោយត្រូវប្រមូល អតប តាមអត្រា ១០(ដប់)ភាគរយ រាល់ការផ្គត់ផ្គង់បារី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អតប ដែលបានបង់នៅពេលនាំចូល ឬទិញក្នុងស្រុក ត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលសម្រាប់កាត់កងជាមួយ អាករលើធាតុចេញ។
២. ចំពោះបារីដែលនាំចូលសម្រាប់គោលដៅនាំចេញ សហគ្រាសត្រូវបានបន្តអនុញ្ញាតឱ្យបង់ អតប តែម្តងគត់ នៅពេលនាំចូលជាការស្រេច ដូចដែលបានអនុវត្តនាពេលកន្លងមក។ ៣. សហគ្រាសត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់អាករស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមយ៉ាងមុតមាំថា គ្រប់សហគ្រាសដែលប្រកបអាជីវកម្មនាំចូលបារី ឬ ចែកចាយបន្តបារីនាំចូលទាំងអស់ នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់។
សេចក្ដីណែនាំនេះ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តទៅ៕